នៅព្រឹកថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋតាមបណ្ដោយផ្លូវរថភ្លើង បានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មាន និងយកញត្តិទៅដាក់នៅសាលារាជធានីភ្នំពេញ ដើម្បីជម្រុញឲ្យអជ្ញាធរ ពន្លឿនផ្តល់ដំណោះស្រាយលើផលប៉ះពាល់នៃការអភិវឌ្ឍផ្លូវរថភ្លើងទៅជាផ្លូវបេតុងជូនពួកគេឲ្យបានឆាប់។
ការជួបជុំរកអន្តរាគមន៍នេះធ្វើនៅមុខវត្តទួលសង្កែ លើផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តំណាងសហគមន៍បានឲ្យដឹងថា ការជួបជុំគ្នាជាថ្មីនេះដោយសារញត្តិសុំអន្តរាគមន៍រកដំណោះស្រាយ ដែលពួកគេបានដាក់កន្លងទៅ មិនទទួលបានការឆ្លើយតបណាមួយនោះទេ។ ពួកគេបារម្មណ៍ពីការបណ្ដេញចេញព្រោះមកទល់ពេលនេះមិនទាន់មានការដោះស្រាយណាមួយទៅឡើយទេ ហើយផ្លូវកំពុងស្ថាបនាជាបណ្ដើរៗ។
តំណាងសហគមន៍បន្តថា មានប្រជាពលរដ្ឋចំនួន ១០០០ គ្រួសារដែលរងផល់ប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នេះ។ ប្រជាពលរដ្ឋដែលរងផងប៉ះពាល់ទាំងនោះទាមទារឲ្យធ្វើការអភិវឌ្ឍនៅនិងកន្លែងដូចអ្វីដែលលោក ប៉ា សុជាតិវង្ស អភិបាលរាធានីភ្នំពេញចាស់បានសន្យា ការអភិវឌ្ឍន៍ធ្វើនៅនិងកន្លែង។
កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចុះបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ចាប់ពីគីឡូម៉ែត្រលេខ៦ ដល់ផ្លូវទំនប់៧០ មានប្រវែង ៤.៥១០ម៉ែត្រ ទទឹង៧ម៉ែត្រសងខាងផ្លូវដែក។
តំណាងសហគមន៍៦នាក់បានឲ្យដឹងថា មិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីតំណាងសាលារាជធានីភ្នំពេញទេ ក្រោយដាក់ញត្តិជូនលោកអភិបាលរាជធានីថ្មី។