Tuesday, March 5, 2024
Latest:

ពលរដ្ឋ​ខេត្ត​ស្វាយ​រៀង​ ​លើកគ្នា​ទៅ​​ទប់​ស្កាត់​​គ្រឿង​​ចក្រ​ក្រុម​ហ៊ុន​ឈូស​ឆាយ

ប្រជា​ពល​រដ្ឋ​ជិត​១៥០នាក់ តំណាង​ឲ្យ​ ៤៤០​គ្រួសារ នៅ​ឃុំ​អំពិល​ ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង​ កាលពី​ថ្ងៃ​ម្សិលមិញ ​​បាន​លើកគ្នា​ទៅ​​ទប់​ស្កាត់​​គ្រឿង​ចក្រ​របស់​​ក្រុម​ហ៊ុន​អុិន​ខេ​ វេន​ឆ័រ ដែល​ពួក​គាត់​​​អះអាងថា បាន​ទៅ​ឈូស​ឆាយរំលោភ​​ដី​របស់​ពួក​គាត់​​។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី ម៉ន ស៊ីណា ដែល​ដីរបស់​គាត់រងប៉ះពាល់​​ដោយសារ​ការ​ឈូស​ឆាយ​នោះ បាន​ឲ្យ​ដឹង​ថា ដើម​ហេតុ​ដែលពួកគាត់​នាំគ្នា​ទៅ​ទប់​ស្កាត់​គ្រឿង​ចក្រនេះ ដោយសារតែ​ក្រុម​ហ៊ុន​អ៊ីន​ខេវិនឆ័រ​​ របស់​ឥណ្ឌា បាន​យក​គ្រឿង​ចក្រ​​​ទៅ​ឈូស​ឆាយ​​ដី​​បង្ក​បង្កើន​ផល​​​របស់​ប្រជាពលរដ្ឋ ទៅ​ដាំ​ដំណាំកសិឧស្សាហកម្ម​​ ខណៈដែល​ដី​នេះ​ប្រជា​ពលរដ្ឋ​បាន​កាន់​កាប់​​តាំង​ពី​ឆ្នាំ​១៩៧៩។

អ្នកស្រី បាន​លើកឡើងថា៖ «ក្រុម​ហ៊ុន​ហ្នឹង​ទៅ​​រឹប​អូស​​យក​ដី​របស់​​ប្រជា​ពលរដ្ឋ យក​ទៅ​ឈូស​ឆាយ​​មិន​ដឹង​អ្វី​ទេ តែ​ពី​មុន​គេ​ប្រុង​ដាំ​អំពៅ តែ​ប្រជា​ពលរដ្ឋ​តវ៉ាអត់​ឲ្យ​ដាំ​ទេ ព្រឹក​មិញ​[ថ្ងៃ​​ពុធ]គេយក​គ្រឿង​ចក្រ​២​គ្រឿង​មក​ព្យួរ​ទៀត តែ​យើងថា​កុំអាល​ព្យួរ ប្រជាពលរដ្ឋ​កំពុង​រក​ផ្លូវ​ច្បាប់​ដោះ​ស្រាយ​​ហើយ​ ចាំ​​និយាយ​គ្នា​ទៀត»។

បើតាម​ប្រជាពលរដ្ឋ បញ្ហា​ទំនាស់​ដីធ្លី​រវាងប្រជា​ពលរដ្ឋ ៤៤០​គ្រួសារ ក្នុ​ង​ភូមិចំនួន​៦ នៃ​ឃុំ​​អំពិល ស្រុក​រមាស​ហែក ជាមួយ​ក្រុម​ហ៊ុន​អុិន​ខេ​វេន​ឆ័រ​នេះ បាន​កើ​តឡើង​តាំង​ពី​ឆ្នាំ​២០១២​មក ដែល​​មានទំហំដី​ ៦៧០​ហិក​តា។​ ពួកគាត់​បាន​អះអាង​ថានឹង​បន្ត​ការ​តវ៉ា មិន​ឲ្យ​មានការ​ឈូស​ឆាយ​លើ​ដី​ទំនាស់​ទេ រហូត​ដល់​មាន​ដំ​ណោះ​ស្រាយ​សម​រម្យ​សម្រាប់​ពួកគាត់។

ភាគី​ក្រុម​ហ៊ុន​អុិន​ខេ វិនឆ័រ ពុំអាច​​ស្វែង​រកសុំ​ការអត្ថា​ធិប្បាយ​បាន​ទេ កាល​ពីថ្ងៃ​ម្សិល​មិញ។

ចំណែក មន្ត្រី​ខុទ្ទ​កាល័យ​សាលា​ខេត្ត​ស្វាយ​រៀង លោក ចិន សាធាន បាន​ប្រាប់​ថា លោក​ពុំ​ទាន់​បាន​ទទួលព័ត៌​មាន​ពី​ការ​តវ៉ា​នេះទេ ប៉ុន្តែ​លោក​នឹង​​​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​។

លោក​ថា៖ «ខ្ញុំ​អត់បាន​ទទួល​ព័ត៌មាន​ហ្នឹង​ផង ចាំ​ខ្ញុំ​ស៊ើប​សួរ​បឋម​សិន ចាំ​ខ្ញុំ​​បាន​ព័ត៌មាន​តាម​ក្រោយ​»។

លោក​ ថេង​ សាវឿន អគ្គ​លេខា​ធិការ​សម្ព័ន្ធ​កសិករកម្ពុជា បាន​មាន​ប្រសាសន៍ថា​ បញ្ហា​ទំនាស់​ដីធ្លីដែលមាន​​ទំហំ​ធំធេង​​​រវាង​ប្រជា​ពលរដ្ឋ​ ជាមួយ​ក្រុម​ហ៊ុន​អុិន​ខេ​វេន​ឆ័រ ដែល​បច្ចុប្បន្ន​ក្រុម​ហ៊ុន​​បាន​ផ្ទេរ​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អាន​ម៉ារ៉ាឌី​​​​ ធ្វើការ​វិនិយោក​បន្ត​នេះ បាន​កើ​តឡើង​រ៉ាំ​រៃជា​ច្រើន​ឆ្នាំ​មក​ហើយ នៅ​តែ​ពុំ​ទាន់​​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ករណី​នេះ លោក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​​ពាក់​ព័ន្ធ ដោះស្រាយ​បញ្ចប់​ជម្លោះ​ជូន​ប្រជា​ពលរដ្ឋ ខណៈ​ដែល​ពួក​គាត់​ត្រូវ​ការ​ដី​ធ្លី​សម្រាប់​បង្ក​​បង្កើន​ផល​​​ទ្រទ្រង់ជីវភាព​រស់នៅ។

លោកបាន​ថ្លែង​​​ថា៖ «​បើ​សិន​ជា​ពលរដ្ឋ​អត់​ដី ក្រុមហ៊ុន​រឹប​អូស​ដី​ក៏​ដូច​ជា​ឈូស​ឆាយ​ដី​គាត់ នោះ​ស្មើ​នឹង​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​ដោយ​​ប្រយោល ដែលមានន័យ​ថា​ពលរដ្ឋ​អត់​ដី គឺ​គ្មាន​ជីវិត​ទេ ដូច្នេះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លីនេះដោយ​សន្តិ​វិធី និងឈរ​លើ​គោល​ការណ៍​ភាព​យុត្តិ​ធម៌ មិន​មែន​លម្អៀងទៅ​រក​ភាគី​ណា​មួយ​​ឡើយ គឺ​​ត្រូវ​ចុះ​សិក្សា​ឲ្យ​បាន​ច្បាស់​​លាស់​​ពីវិវាទ​ដីធ្លី​នេះ»៕

ប្រភព៖ khmertimeskh.com