ពិធី​ជប់លៀង​ឆ្លង​ឆ្នាំ​នៅ​​​តំបន់បឹងកក់​​បង្ក​ឱ្យ​​​​អតីត​អ្នក​ភូមិ​មាន​​កំហឹង​

ក្រុមអ្នករៀបចំពិធីជប់លៀងឆ្លងឆ្នាំដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសនៅកន្លែងអតីតតំបន់បឹងកក់ ដោយម្នាក់ៗត្រូវចំណាយប្រាក់៨០ដុល្លារដើម្បីចូលរួមនោះ”កំពុងរាំសប្បាយលើទឹកភ្នែកពលរដ្ឋតំបន់បឹងកក់” នេះបើតាមអ្នករងការបណ្តេញម្នាក់មកពីតំបន់នេះបាននិយាយកាលពីម្សិលមិញ។

រយៈពេលជិតមួយទសវត្សរ៍បន្ទាប់ពីរដ្ឋាភិបាលបានចាប់ផ្តើមបណ្តេញពលរដ្ឋប្រហែល៣.០០០គ្រួសារពីបឹងកក់ដែលស្ថិតក្នុងកណ្តាលក្រុងកាលពីឆ្នាំ២០០៨ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យមានតម្លៃថ្លៃគាំទ្រដោយលោក ឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជានោះ តំបន់ទឹកនេះបានប្រែក្លាយជាវាលខ្សាច់ និងជាកន្លែងកំពុងមានការសាងសង់ខុនដូហើយក្រុមហ៊ុនអភិវឌ្ឍន៍នេះកំពុងអញ្ជើញអ្នករស់នៅក្នុងរាជធនីមកចូលរួមពិធីជប់លៀង។

សេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនស៊ូកាគូរបស់លោក ឡាវ ម៉េងឃិន បានឱ្យដឹងថា “ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសាលារាជធានី អ្នកឧបត្ថម្ភ និងក្រុមហ៊ុនមួយចំនួនទៀត ក្រុមហ៊ុន PTG International បានសហការជាមួយមជ្ឈមណ្ឌលភ្នំពេញស៊ីធីសេនធ័របង្កើតឱ្យមានពិធីជប់លៀងនៅក្នុងឱកាសដ៏ពិសេសថ្ងៃឆ្លងឆ្នាំ.. ដោយមានការផ្សាយបន្តផ្ទាល់ការប្រគំតន្ត្រីទ្រង់ទ្រាយធំចំនួនពីរកាលពីថ្ងៃទី២៥ និងនៅថ្ងៃទី៣១ខែធ្នូ”។

លោក សុវណ្ណ អារិទ្ធ សៅ អ្នកគ្រប់គ្រងនៅក្រុមហ៊ុន PTG ដែលជាអ្នកសម្របសម្រួលព្រឹត្តិការណ៍នោះបានមានប្រសាសន៍ថា ភ្ញៀវគ្រប់រូបនឹងចំណាយប្រាក់៨០ដុល្លារចូលទស្សនាការប្រគំតន្ត្រីថ្ងៃឆ្លងឆ្នាំដោយមានការចូលរួមសម្តែងពីតារាចម្រៀងល្បីគឺលោក ព្រាប សុវត្ថិ ព្រមទាំងកន្លែងរាំកម្សាន្តកណ្តាលវាល និងអាហារប៊ូហ្វេដូចជាសាច់គោ Kobe ដែលនាំចូលពីប្រទេសជប៉ុននិងស្រាបៀរដែលឧបត្តម្ភដោយក្រុមហ៊ុនស្រាបៀរអង្គរ។

ដោយលើកឡើងពីច្រកចូលចំនួន៧ទៅកាន់វាលខ្សាច់ក្នុងតំបន់នោះ លោក អារិទ្ធ សៅ បានថ្លែងថា “វាជាទីតាំងដ៏ល្អ។ វាជាកន្លែងថ្មីដែលយើងមិនដែលបានរៀបចំព្រឹត្តិការណ៍ណាមួយឡើយ”។

អ្នកស្រី បូវ សោភា សកម្មជនម្នាក់និងជាអ្នករងការបណ្តេញចេញពីកន្លែងនេះបាននិយាយថា មានហេតុផលល្អសម្រាប់ការប្រគំតន្ត្រីហ្នឹងវាល្អហើយ ប៉ុន្តែអ្នកស្រីបាននិយាយថា “ខ្ញុំគិតថា អ្នកដែលបានចូលរួមរៀបចំការប្រគំតន្ត្រីនេះសប្បាយរីករាយជាមួយនឹងក្រុមហ៊ុនដែលបានបណ្តេញពួកយើងចេញ។ ពួកគេរាំសប្បាយលើទឹកភ្នែកពលរដ្ឋតំបន់បឹងកក់”។ អ្នកស្រី បូ ឆវី សកម្មជនម្នាក់ទៀតនិងជាអ្នករងការបណ្តេញចេញដែរនោះបានសម្តែងការយល់ស្រប។

អ្នកស្រីបាននិយាយថា “បន្ទាប់ពីអំពើហិង្សារយៈពេល៨ឆ្នាំ និងធ្វើឱ្យពលរដ្ឋឈឺចាប់មក ទីបំផុត ពួកគេធ្វើការសាងសង់ខុនដូ អាផាតមិន និងធ្វើពិធីជប់លៀងទៅវិញ?។ យើងមិនទទួលបានអត្ថប្រយោជន៍ពីរឿងហ្នឹងឡើយ តែពួកគេទទួលបានអ្វីៗសព្វបែបយ៉ាងនិងធ្វើពិធីជប់លៀងលើភាពសោកសៅរបស់យើងទៅវិញ”។

ក្រុមហ៊ុនស៊ូកាគូ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។ ក្រុមហ៊ុន Graticity Real Estate Development ដែលមានមូលដ្ឋាននៅប៉េកាំងបានចាប់ផ្តើមសាងសង់អាផាតមិននៅលើដីទំហំ៧,៩ហិកតាដែលក្រុមហ៊ុននេះបានជួលពីក្រុមហ៊ុនស៊ូកាគូ កាលពីឆ្នាំមុនជាមួយនឹងគម្រោងសាងសង់សណ្ឋាគារផ្កាយ៥ ផ្សារទំនើប និងការិយាល័យលំដាប់ខ្ពស់។

លោក អារិទ្ធ សៅ បានមានប្រសាសន៍ថា ក្រុមអ្នករៀបចំកម្មវិធីបានផ្តោតលើបញ្ហានាពេលអនាគត…។ លោកបានថ្លែងថា “យើងមិនបានលើកឡើងអំពីឈ្មោះដូចជាតំបន់បឹងកក់ទេ។ យើងព្យាយាមលើកឡើងពីមជ្ឈមណ្ឌលភ្នំពេញស៊ីធីសេនធ័រ”។

លោកបានបន្ថែមថា ក្រុមហ៊ុន “ស៊ូកាគូ ចង់បង្ហាញពីគម្រោងរបស់ខ្លួន ជាគម្រោងដ៏ធំជាមួយនឹងគេហដ្ឋានបែបទំនើប និងកន្លែងប្រកបអាជីវកម្ម… សម្រាប់អ្នកមានធនធាន”។

លោកបានថ្លែងថា ពួកគេសង្ឃឹមថា មានការប្រគំតន្ត្រីតូចៗជាច្រើនទៀតដោយមានការចូលទស្សនាដោយមិនគិតថ្លៃ និងមានស្ដង់លក់ដូរតូចៗជាច្រើនទៀតនៅក្នុងសប្តាហ៍នេះដែរ ដោយប្រហែលជាអាចមានមនុស្សចូលរួមរហូតដល់១០០.០០០នាក់។

ទោះយ៉ាងណា កាលពីរសៀលម្សិលមិញ មានតែអ្នកដើរពពាយនាយលក់តុក្កតា និងទឹកអប់ជាច្រើននាក់។ កងរាជអាវុធហត្ថមួយចំនួនដែលមានអារម្មណ៍ធុញទ្រាន់បានឈរសម្លឹងមើលចរាចរណ៍ឆ្លងកាត់ទៅមក។ សកម្មជនតំបន់បឹងកក់បាននិយាយថា ពួកគេមិនមានគម្រោងធ្វើការតវ៉ា នៅពិធីនេះទេ។

លោក សឿង សារ៉ាន់ អ្នកគ្រប់គ្រងកម្មវិធីតស៊ូមតិនៅសមាគមធាងត្នោតជាអង្គការសិទ្ធិលំនៅដ្ឋានបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបង្ហាញពីភាពខុសគ្នារវាងការលើកឡើងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ និងសច្ចភាព។

លោកសរសេរតាមអីុម៉េលថា “តាមយើងដឹង គោលបំណងសំខាន់នៃការចាក់ដីលុបបឹងគឺផ្តល់សារៈសំខាន់ដល់សាធារណជនហើយឥឡូវនេះវាប្រែក្លាយជាផ្តល់អត្ថប្រយោជន៍ដល់អ្នកមានទៅវិញ”។

លោកបានបន្ថែមថា “វាមិនបានឆ្លុះបញ្ចាំងពីសហគមន៍តំបន់ក្រុងដែលមាននិរន្តរភាព បែបច្នៃប្រឌិត និងសមាហរណកម្ម” ដូចដែលសន្យានៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះឡើយ៕

ប្រភព៖ cambodiadailykhmer.com