វាហាក់ដូចជាមិនឃ្លាតឆ្ងាយពីឆ្នាំចាស់ប៉ុន្មានទេសម្រាប់ព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំ ២០១៦ ។ ប៉ុន្តែអ្វីដែលលេចធ្លោជាងគេគឺភាពតានតឹងផ្នែកនយោបាយ និងករណីឃាតកម្មមិននឹកស្មានដល់ទៅលើអ្នកស្រាវជ្រាវ និងវិភាគសង្គមលោកបណ្ឌិត កែម ឡី រួមនឹងព្រឹត្តិការណ៍មួយចំនួនទៀតដែលមានកំណត់ត្រាដូចខាងក្រោម៖
•លោក ទេព នីថា នៅតែជាអគ្គលេខាធិការ គ ជ ប ថ្មី
បើទោះជាធ្លាប់រងការរិះគន់ពីភាពលម្អៀងទៅបក្សកាន់អំណាចក្ដីប៉ុន្តែកាលពីថ្ងៃ ១៥ មករា ២០១៦ លោក ទេព នីថា នៅតែត្រូវបានជ្រើសរើសឲ្យធ្វើជាអគ្គលេខាធិការ (គជប) ថ្មីដដែលជាអ្វីដែលធ្វើឲ្យមជ្ឈដ្ឋានទូទៅ និងអ្នកនយោបាយថាជារឿងមិនគួរកើតខណៈខ្មែរជាង ១៤ លាននាក់រកអ្នកជំនួសមិនបាន។
យ៉ាងណាក្ដីលោក ទេព នីថា ត្រូវបានជ្រើសរើសផ្អែកលើបទពិសោធដោយមានសមាជិកប្រកួតប្រជែង ២ រូបទៀតគឺលោក ហេង មណីចិន្ដា និងលោក យ៉ា ណាវុធ ដោយមានអគ្គលេខាធិការរង ៤ រូបរួមមាន លោក ម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា (កំពុងជាប់ឃុំ) និងលោក ម៉ុក ដារ៉ា ។
•ជំនួប អូបាម៉ា-អាស៊ាន
ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានស្វាគមន៍មេដឹកនាំមកពីសមាគមអាស៊ាននៅរមណីយដ្ឋានឆ្នេរខ្សាច់រ៉ានចូមីរេចក្នុងរដ្ឋកាលីហ្វ័រនីញ៉ាកាលពីថ្ងៃ ១៥-១៦ កុម្ភៈជាអ្វីដែលផ្ដោតសំខាន់លើរបៀបទប់ទល់នឹងការដំឡើងសាច់ដុំរបស់ចិន។
យ៉ាងណាក៏ដោយនៅមុនកិច្ចប្រជុំនោះលោក ហ៊ុន សែន នៃប្រទេសកម្ពុជាបានឆ្លៀតរិះគន់លើសមាជិកព្រឹទ្ធសភាអាមេរិកមួយរូបដែលលោកមិនបញ្ចេញឈ្មោះចំពោះអ្វីដែលលោកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងបានរិះគន់លោក អ៊ុំ សំអាន ពីការបោកប្រាស់រឿងផែនទី។ នេះបើតាមហ្វេសប៊ុករបស់លោកនាថ្ងៃ ១៥ កុម្ភៈ ២០១៦៕
•បែកធ្លាយខ្សែអាត់សំឡេងលោក កឹម សុខា និង ខុម ចាន់តារាទី
ខ្សែអាត់សំឡេងដែលគេថាជារបស់លោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ បម្រើការនៅហាងកាត់សក់ខ្មែរអង្គរត្រូវបានទម្លាយកាលពីចុងខែកុម្ភៈដែលមានជិត ៤០ ភាគនិយាយពីការប្រលោមស្នេហ៍របស់លោក កឹម សុខា ជាសំឡេងឯកជនដែលច្បាប់បានហាមផ្សព្វផ្សាយ។
បន្ទាប់ពីបែកធ្លាយរឿងនេះ ថ្វីបើពីដំបូងនាង ខុម ចាន់ដារ៉ាទី បានបដិសេធ និងបានសុំអន្តរាគមន៍ពីសមាគមអាដហុក ខណៈលោក កឹម សុខា ប្រកាន់ជំហរមិនឆ្លើយ មិនឆ្លង និងមិនឈ្លោះក្ដី តែនៅទីបំផុត ស្រីមុំ បានសារភាព និងបានចេញលិខិតសរសេរដោយដៃ ៤ ទំព័រប្ដឹងបកមន្ដ្រីសិទ្ធិមនុស្ស និងមេឃុំស្រកមកពីបក្ស សម រង្ស៊ី ផងដែរ។
ក្នុងសំណុំរឿងនេះមានមនុស្ស ៦ នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបញ្ជូនឲ្យតុលាការឃុំខ្លួនក្នុងនោះមានមេឃុំស្រក លោក ស៊ាង ចែត មន្ត្រីសិទ្ធិមនុស្សអាដហុក ៤ នាក់ និងអគ្គលេខាធិការរង គជប ម្នាក់ដោយចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
ដោយឡែកលោក កឹម សុខា បន្ទាប់ពីតុលាការកោះហៅក្នុងនាមសាក្សីរឿងពេស្យាកម្មមិនចូលខ្លួនក៏ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងភ្នំពេញលោក ថាន ឡេង បានចេញដីកាដាក់បម្រាមមិនឲ្យចេញក្រៅប្រទេសហើយបន្ទាប់ពីសមាជិកសភា CPP ឲ្យបន្តនីតិវិធីតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ ខែ និងពិន័យប្រាក់ ៨០ ម៉ឺនរៀលកាលពីថ្ងៃទី ៩ កញ្ញាចោទពីបទប្រព្រឹត្តបទល្មើសជាក់ស្ដែងថ្វីបើមានការរិះគន់ពីការរំលោភនីតិវិធី និងរដ្ឋធម្មនុញ្ញមាត្រា ៨០ ក្ដី ។
ទោះជាយ៉ាងណាបន្ទាប់ពីស្ថានភាពនយោបាយហាក់ធូរស្រាលក្រោយពីនាយករដ្ឋមន្ត្រីផ្អាកសង្គ្រាមពាក្យសម្ដីនៅរដូវភ្ជុំបិណ្ឌលោក កឹម សុខា បានចេញមកចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី ៥ ខែតុលា ខណៈសាលក្រមផ្ដន្ទាទោសលោកមិនទាន់ចូលជាស្ថាពរ៕
•លោក កឹម សុខា ត្រូវបានលើកលែងទោស
មិនខុសពីពេលមុនៗទេនៅទីបំផុតលោក កឹម សុខា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃ ២ ធ្នូភ្លាមៗបន្ទាប់មានការស្នើពីលោកនាយករដ្ឋមន្ត្រីក្នុងថ្ងៃតែមួយ។
ការលើកលែងទោសនេះត្រូវបានលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតថាជាការបន្ថយកម្ដៅនយោបាយ និងធ្វើឲ្យការបោះឆ្នោតបានប្រសើរឡើងខណៈអ្នកនាំពាក្យរដ្ឋាភិបាលថាជាគុណធម៌នយោបាយរបស់នាយករដ្ឋមន្ត្រី។
យ៉ាងណាក្ដីរឿងនេះបានកើតឡើងជួនគ្នានឹងការលេចធ្លាយពីការសន្ទនារវាងនាង ធី សុវណ្ណថា ជាមួយលោកនាយករដ្ឋមន្ត្រី និងកូនប្រុសលោកដែលអ្នកខ្លះថាជាផែនការធ្វើបាបគូប្រជែងនយោបាយ។
ទន្ទឹមនឹងនេះលោក កឹម សុខា ក៏ត្រូវបានសភាបោះឆ្នោតគាំទ្រឲ្យធ្វើជាប្រធានក្រុមភាគតិច និងប្រធានក្រុមតំណាង CNRP មានឋានៈស្មើនាយករដ្ឋមន្ត្រីជំនួសលោក សម រង្ស៊ី ផងដែរ។ រីឯលោក មេឃុំ ស៊ាង ចែត ត្រូវបានលើកលែងទោសតាមក្រោយបន្ទាប់ពីតុលាការកាត់ឲ្យជាប់ទោស ៥ ឆ្នាំ។
•យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅចាប់កំណើត
បន្ទាប់ពីមានការឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គជប ចលនាមួយមានឈ្មោះថា «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» ក៏បានចាប់កំណើតកាលពីថ្ងៃទី ៩ ឧសភាដោយមានអ្នកចូលរួមស្លៀកខ្មៅពីមន្ត្រីសង្គមស៊ីវិល និងសកម្មជនដីធ្លីដើម្បីបង្ហាញពីការខកចិត្តចំពោះការឃុំខ្លួនដែលពួកគេថាអយុត្តិធម៌។
ចាប់ពីថ្ងៃបង្កើតយុទ្ធនាការនេះការតវ៉ាដោយស្លៀកពាក់ខ្មៅត្រូវបានធ្វើឡើងរៀងរាល់ថ្ងៃចន្ទគិតត្រឹមថ្ងៃទី ១៩ ខែធ្នូមាន ៣៣ លើក និងមានការបង្ហោះរូបស្លៀកពាក់ខ្មៅតាមហ្វេសប៊ុកពីអ្នករស់នៅបរទេស និងមន្ត្រីបក្សប្រឆាំងផងដែរ។ ប៉ុន្តែរាល់យុទ្ធនាការនេះត្រូវបានបង្ក្រាបពីអាជ្ញាធរខណៈរដ្ឋាភិបាលព្រមានទប់ស្កាត់បដិវត្តន៍ពណ៌។
យ៉ាងណាក៏ដោយមន្ត្រីសិទ្ធិមនុស្សបញ្ជាក់នៅខែធ្នូថាយុទ្ធនាការនេះនឹងបញ្ចប់ក្រោយពេលមន្ត្រីសិទ្ធិមនុស្ស និងមន្រ្តី គជប ត្រូវបានដោះលែងដោយរក្សាទុកសម្លៀកបំពាក់ពណ៌ខ្មៅជាវត្ថុអនុស្សាវរីយ៍វិញ៕
•សហគមន៍អន្ដរជាតិថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
ស្របពេលដែលអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ៤១ ស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពកាតព្វកិច្ចតាមច្បាប់សិទ្ធិមនុស្សអន្ដរជាតិនោះសភាអឺរ៉ុបបានចេញញត្តិកាលពីយប់ថៃ្ងទី ៩ មិថុនាឲ្យ «បញ្ឈប់ការយាយីតាមផ្លូវតុលាការលើបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សខណៈអគ្គលេខាធិការ UN លោក បាន គីមូន ចេញសេចក្ដីសង្ខេបពីការសន្ទនាជាមួយលោក ប្រាក់ សុខុន បារម្ភពី «ការបំភិតបំភ័យ និងយាយីទូទៅ»។
ប៉ុន្តែនៅក្នុងជំនួបជាមួយគណៈប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយលោក Gerd Mullerជនជាតិអាល្លឺម៉ង់នៅថ្ងៃ ១៥ មិថុនាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើកុំឲ្យសហគមន៍អឺរ៉ុបស្ដាប់ និងទទួលព័ត៌មានតែពីបក្សប្រឆាំងតែឲ្យផ្ដោតលើដំណើរការច្បាប់…។
ទាក់ទងនឹងរឿងនេះដែរកាលពីថ្ងៃ ២៨ កញ្ញាលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសពីសិទ្ធិមនុស្សរបស់ UN ប្រចាំកម្ពុជាក៏បានថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅក្រុងហ្សឺណែវថ្កោលទោសចំពោះការប្រើប្រព័ន្ធតុលាការប្រឆាំងគូបដិបក្ខនយោបាយផងដែរ។ ប៉ុន្តែគណៈប្រតិភូកម្ពុជាមិនបានគាំទ្រសុន្ទរកថានេះទេដោយថានោះជារឿងបុគ្គលមិនមែនគណបក្សឡើយ។
•តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវបានឃាត់ខ្លួន
សមាជិកសភាបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវបានឃាត់ខ្លួននាពេលយប់ទាំងនៅមានអភ័យឯកសិទ្ធិក្នុងទីរួមខេត្តសៀមរាបកាលពីថ្ងៃ ១១ មេសា ឆ្នាំ ២០១៦ ទាក់ទងនឹងអ្វីដែលរដ្ឋាភិបាលថាជាការប្រព្រឹត្តបទល្មើសជាក់ស្ដែងពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ភ្លាមៗបន្ទាប់ពីគាត់ត្រឡប់មកពីអាមេរិក។
ក្រោយការឃាត់ខ្លួនមន្ត្រី CNRP លោក គង់ គាំ បានរិះគន់ថាអភ័យឯកសិទ្ធិតំណាងរាស្រ្តគ្មានន័យ និងបានហៅការចោទលើលោក អ៊ុំ សំអាន ថា «ខ្មោចយកបាយមកលាបមាត់ពពែ»។
លោក អ៊ុំ សំអាន ត្រូវបានកាត់ទោសកាលពីថ្ងៃ ១០ តុលាការឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ និងពិន័យប្រាក់ ៤ លានរៀលពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើសបន្ទាប់ពីបណ្ដឹងសុំនៅក្រៅឃុំត្រូវតុលាការគ្រប់ថ្នាក់ច្រានចោល ។
•ឃាត់ខ្លួនអតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ
អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហៅមកសាកសួររួចបញ្ជូនឲ្យតុលាការឃុំខ្លួនកាលពីដើមខែមេសាបន្ទាប់ពីបានស៊ើបអង្កេតពីការចំណាយ និងបណ្ដឹងចោទថាលោកមានមាសជិត ១៣ គីឡូប្រាក់ ៧,២ លានដុល្លារ និងត្បូងជាង ៥០០ គ្រាប់។
លោកត្រូវបានសាលាដំបូងភ្នំពេញផ្ដន្ទាទោសនៅដើមខែធ្នូដាក់ពន្ធនាគារ ៥ ឆ្នាំ និងពិន័យប្រាក់ ១០ លានរៀលពីបទរំលោភអំណាច និងបទកេងយកផលប្រយោជន៍ដោយខុសច្បាប់តែមិនត្រូវបានចោទពីរឿងពុករលួយទេ។ យ៉ាងណាក្ដីរឿងនេះត្រូវបានលោក ស៊ុត ឌីណា ប្ដឹងឧទ្ធរណ៍៕
•បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់
អ្នកសិក្សាស្រាវជ្រាវ និងវិភាគសង្គមដ៏ល្បីនៅកម្ពុជាលោក បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យទី ១០ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងហាងស្តារម៉ាតនៃស្ថានីយប្រេងកាល់តិចស្ដុបបូកគោ រាជធានីភ្នំពេញជាឃាតកម្មនៅកម្ពុជាថ្មីមួយទៀតដែលធ្វើឲ្យមានការថ្កោលទោសទាំងក្នុង និងក្រៅប្រទេស។
ខណៈនៅមានជីវិតលោក កែម ឡី ត្រូវបានគេទទួលស្គាល់ថាគាត់ហ៊ាននិយាយពីភាពវិជ្ជមាន និងអវិជ្ជមានក្នុងគណបក្សប្រឆាំង និងគណបក្សកាន់អំណាចហើយប៉ុន្មានថ្ងៃមុនឃាតកម្មលោកបានធ្វើជាវាគ្មិនឲ្យវិទ្យុបរទេសមួយដែលបកស្រាយពីរបាយការណ៍អង្គការក្លូបលវិតណេសស្ដីពីអាណាចក្រជំនួញត្រកូល ហ៊ុន ពាក់ព័ន្ធនឹងក្រុមហ៊ុនយ៉ាងតិច ១១៤។ ក្រោយឃាតកម្មនេះបុរសម្នាក់ដែលថាឈ្មោះ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនតែឈ្មោះពិតគឺ អឿត អាង មានគ្រួសារនៅខេត្តសៀមរាប។
•ការរៀបចំបុណ្យសព និងការចូលរួមដង្ហែ
ជាមួយនឹងការសោកស្ដាយដែលថាគាត់ជាបញ្ញវន្ដដ៏កម្រសម្រាប់ជាតិ ពលរដ្ឋមកពីគ្រប់ទិសទីនៃបណ្ដាខេត្ត-ក្រុង មន្ត្រីស្ថានទូតនានា មន្ដ្រីសិទ្ធិមនុស្ស សមាគម មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយសុទ្ធតែបានចូលរួមដាក់កម្រងផ្កាជូនសពលោកបើទោះជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលមិនឃើញមានវត្តមានក្រៅតែពីចេញសេចក្ដីថ្កោលទោស និងលិខិតចូលរួមមរណទុក្ខក្ដី…។ ក្រៅពីពិធីបុណ្យនៅវត្តចាស់រាជធានីភ្នំពេញនៅតាមជនបទក៏មានរៀបចំតាំងរូបថតលោកធ្វើពិធិឧទ្ទិសកុសលជូនសពផងដែរស្របពេលដែលតាមរដ្ឋនានានៅបរទេសដូចជាអូស្ដ្រាលី អាមេរិកមានរៀបចំពិធីកាន់ទុក្ខដូចគ្នា។
ដោយឡែកក្រោយពិធីបុណ្យប្រមាណ ១៤ ថ្ងៃក្បួនដង្ហែសពដែលមានអ្នកចូលរួមច្រើនហួសពីការស្មានប្រមាណ ២ លាននាក់ជូនដំណើរសពលោកពីភ្នំពេញទៅខេត្តតាកែវដែលជាស្រុកកំណើតរបស់លោក បើទោះជាមុនដង្ហែមានការខ្វែងគំនិតជាមួយអាជ្ញាធរពីផ្លូវត្រូវដង្ហែ និងសណ្ដាប់ធ្នាប់ក្ដី ។
•ការសង់រូបសំណាកផ្ដល់កិត្តិយស
ក្រៅពីការបោះពុម្ពសៀវភៅ ២ ក្បាលដែលបញ្ចូលនូវខ្លឹមសារជាសម្ដី និងចំណារកំប្លែងសរសេរដោយដៃរបស់លោកដែលមានអត្ថន័យដូចជា ជូតទឹកភ្នែករបស់អ្នក រួចបន្ដដំណើរទៅមុខទៀត ពុករលួយដល់បាតដាល បានប៉ុណ្ណឹងហើយចង់បានអ្វីទៀត ល្មោភអំណាចឬ ស្ដង់ដារ២ យាយចាស់ៗអាយុ ៧០ ឆ្នាំមានកូនខ្ចី…ក៏នៅមានរូបសំណាកឈរមួយជំហរលោកត្រូវបានរចនាឡើងទាំងជាងសូនរូបមានការភ័យខ្លាច ។ ប៉ុន្តែនៅទីបំផុតរូបសំណាកត្រូវបានធ្វើរួច និងបានដង្ហែទៅតាំងនៅខេត្តតាកែវបន្ទាប់ពីការស្នើសុំតាំងនៅសួនប្រជាធិបតេយ្យរាជធានីភ្នំពេញមិនបានសម្រេច។
ទោះជាយ៉ាងណាយុត្តិធម៌នៅមិនទាន់រកឃើញនៅឡើយខណៈដែលតុលាការទើបបញ្ចប់ការស៊ើបអង្កេតក្នុងពេលសាធារណជនអំពាវនាវឲ្យបង្ហាញកាមេរ៉ាសុវត្ថិភាព និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ៕
•រដ្ឋាភិបាលទទួលស្គាល់កំហុសលើការគ្រប់គ្រងធម្មជាតិមិនបានល្អ
ដោយចំណាយពេល ៤ ម៉ោងលើកដំបូងនៅក្នុងវេទិកាស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅវិមានសន្តិភាពកាលពីថ្ងៃ ២២ សីហាដើម្បីស្ដាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ពីកំហុសពីការគ្រប់គ្រងមិនបានល្អ និងបានប្រកាសធ្វើកំណែទម្រង់ច្បាប់ និងបង្កើនចំនួនមន្ត្រីអភិរក្ស។
ទន្ទឹមនឹងនេះលោកបានឲ្យក្រសួងពាក់ព័ន្ធចំនួន ៦ ជួបប្រជុំជាមួយអង្គការក្រៅរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធដោយបានអំពាវនាវឲ្យក្រសួងព្យាយាមស្ដាប់ «ពាក្យពិត» រយៈពេល ៣ ខែម្ដងជាជាងស្ដាប់ «ពាក្យកុហក» ៥ ឆ្នាំម្ដង។
ខណៈព្រះតេជគុណ ប៊ុត ប៊ុនតិញ បិណ្ឌបាតញោមនាយករដ្ឋមន្ត្រីពីរឿងតូចមួយគឺ «សុំឲ្យអាជ្ញាធរមូលដ្ឋានសហការ» នោះនាង ធី សុវណ្ណថា បានត្អូញត្អែរពីផ្លូវលំបាកទៅតំបន់អភិរក្សអារ៉ែងតែលោក ហ៊ុន សែន សន្យាជួយធ្វើផ្លូវនោះ។
ចំពោះ លោក ឆឺ ឧត្ដមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី ដែលត្រូវគេបាញ់ស្លាប់ក្នុងបុព្វហេតុការពារព្រៃឈើយល់ឃើញថារដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដទេបើមិនដូច្នោះទេមិនមែនរង់ចាំដល់ព្រៃឈើវិនាសស្ទើរអស់នោះឡើយ។
យ៉ាងណាក្ដីកាលពីថ្ងៃ ៧ ធ្នូរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមួយ និងបានកោះប្រជុំនៅថ្ងៃ ២៧ ធ្នូដោយមានលោក សៅ សុខា ជាប្រធាន៕
•ចរន្តនៃការស្នើសុំឲ្យគោរពសន្ធិសញ្ញាទីក្រុងប៉ារីស
បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានដាក់ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចរន្តនៃការស្នើសុំឲ្យរដ្ឋាភិបាលគោរពតាមខ្លឹមសារកិច្ចព្រមព្រៀងនេះបានកើតឡើងដោយមានអង្គការក្រៅរដ្ឋាភិបាលជាតិអន្ដរជាតិ និងថ្នាក់តំបន់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ប្រចាំកម្ពុជាលោកស្រី Rhona Smith និងលោក Yash Guai អតីតអ្នករាយការណ៍ផងដែរ…។
ការស្នើសុំនេះគឺបន្ទាប់ពីគេមើលឃើញថារដ្ឋាភិបាលអនុវត្តមិនទាន់បានពេញលេញខណៈដែលឃាតកម្ម ការរឹតត្បិតសេរីភាពបញ្ចេញមតិ ការប្រើប្រព័ន្ធតុលាការដាក់គំនាបលើបក្សប្រឆាំង និងការឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សបានកើតឡើងជាបន្តបន្ទាប់…។ ប៉ុន្តែរឿងនេះត្រូវបានមន្ត្រីរដ្ឋាភិបាលថាខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានយកមកបញ្ចូលក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ៕
•ប្រធានាធិបតីចិនទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីចិនលោក ស៊ីជីនភីង កាលពីថ្ងៃ ១៣ តុលាបានមកទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រនៅកម្ពុជារយៈពេល ២ ថ្ងៃចាប់ពីលោកក្លាយជាប្រធានាធិបតីប្រទេសមហាអំណាចចិនមក ។
ក្នុងដំណើរទស្សនកិច្ចនាពេលនោះមានពិធីសារចំនួន ៣១ ត្រូវបានចុះហត្ថលេខាដើម្បីជំរុញការអភិវឌ្ឍកម្ពុជាក្នុងនោះមានការផ្ដល់កម្ចី និងការលុបបំណុលតែក៏មានការរិះគន់ពីមេបក្សប្រឆាំងចំពោះការផ្ដល់កម្ចីមិនភ្ជាប់លក្ខខណ្ឌរបស់ចិនផងដែរ៕
•អតីតនាយករដ្ឋមន្ត្រីទទួលមរណភាព
អតីតនាយករដ្ឋមន្ត្រីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលក្រោយមកជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ប៉ែន សុវណ្ណ បានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែតុលានៅគេហដ្ឋានលោកនាខេត្តតាកែវដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំ។
លោក ប៉ែន សុវណ្ណ ធ្លាប់ចូលប្រឡូកក្នុងចលនាតស៊ូជាច្រើនដំណាក់កាលដូចជាចលនាប្រឆាំងបារាំង និងប្រមូលកម្លាំងតស៊ូប្រឆាំងខ្មែរក្រហមគាំទ្រពីវៀតណាមរហូតទទួលបានជ័យជម្នះនៅថ្ងៃ ៧ មករា ១៩៧៩។
លោកបានកាន់តំណែងពីឆ្នាំ ១៩៧៩ ដល់ ១៩៨២ ដោយបានធ្វើនាយករដ្ឋមន្ត្រីរយៈពេលខ្លី។ ប៉ុន្តែបន្ទាប់មកត្រូវបានចាប់ដាក់គុកនៅវៀតណាមអស់ ១០ ឆ្នាំ ៥២ ថ្ងៃពីបទប្រឆាំងការបង្ហូរនិគមជនវៀតណាមមកកម្ពុជា និងផែនការ ក៥ តែត្រូវបានដោះលែងវិញនៅឆ្នាំ ១៩៩២ ក្រោយមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
ក្រោយមកលោកបានបង្កើតគណបក្សទ្រទ្រង់ជាតិចូលរួមការបោះឆ្នោតតែមិនបានអាសនៈបន្ទាប់មកបានចូលជាមួយគណបក្សសិទ្ធិមនុស្សតែដោយគណបក្សនេះរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ក្លាយជាគណបក្សសង្គ្រោះជាតិលោកក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។
ក្រោយមរណភាពសពលោកត្រូវបានដង្ហែមកតម្កល់ធ្វើបុណ្យនៅវត្តថាន់រាជធានីភ្នំពេញដោយគ្រួសារសពមានបំណងស្នើសុំបូជានៅសួនច្បារវត្តបទុមវតីតែត្រូវសាលាក្រុងបដិសេធដោយបង្វែរឲ្យធ្វើនៅវត្តនិរោធរួចប្ដូរឲ្យទៅបូជានៅវត្តឫស្សីសាញ់ក្បែរពន្ធនាគារព្រៃសជាយក្រុងភ្នំពេញជាអ្វីដែលមជ្ឈដ្ឋានជាច្រើនរិះគន់ថាខ្វះការគោរពចំពោះវីរភាពគាត់ដែលបានដឹកនាំចលនារំដោះជាតិពីខ្មែរក្រហម៕
•ចាប់ខ្លួនបណ្ដាញផ្ដល់សេវាពពោះជំនួស
ស្ត្រីអូស្ដ្រាលីឈ្មោះ Tammy Davis-Charles ស្ថាបនិកទីភ្នាក់ងារសេវាពពោះ Fertility Solution PGD និងខ្មែរ ២ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាលើកដំបូងកាលពីថ្ងៃ ១៨ វិច្ឆិកា និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការផ្ដល់សេវាពពោះជំនួសដែលជារឿងខុសច្បាប់នៅកម្ពុជា។
បើតាមសមត្ថកិច្ចមុនចាប់ខ្លួននេះបានប្រើពេលស្រាវជ្រាវ ១០ ខែដោយរកឃើញស្រី ២៣ នាក់ត្រូវបានគេជួលក្នុងនោះ ៥ នាក់កើតទារករួច និង ១៨ នាក់កំពុងពពោះហើយពេលប្រសូតរួចទារកនោះត្រូវគេបញ្ជូនទៅបរទស។ ចំពោះតម្លៃអ្នកស៊ីឈ្នួលចន្លោះពី ១ ម៉ឺនទៅ ១២០០០ ដុល្លារអាមេរិក។
ប៉ុន្តែក្រោយចាប់ខ្លួនក៏មានការស្នើសុំឲ្យឧស្សាហកម្មនេះស្របច្បាប់ផងដែរខណៈដែលរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សថ្លែងក្រោយជួបមន្ត្រីទូតអូស្ត្រាលីថាពួកគេគួរបន្ដកិច្ចសន្យាដោយសារបានទទួលចំណូលពីអ្នកជួលរួចហើយដោយលោកស្រីចង់ឲ្យពួកគេទទួលខុសត្រូវ ៕
•មេដឹកនាំខ្មែរក្រហមជាប់គុក ១ ជីវិត
មិនខុសពីសាលក្រមសាលាដំបូងកាលពីឆ្នាំ ២០១៤ នោះទេនៅទីបំផុតតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមកាលពីថ្ងៃ ២៣ វិច្ឆិកាក៏នៅតែសម្រេចចេញដីកាស្ថាពរឲ្យលោក ខៀវ សំផន អតីតប្រមុខរដ្ឋ និងលោក នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យជាប់ពន្ធនាគារអស់ ១ ជីវិតដដែលចំពោះសំណុំរឿង ០០២/០១ បើទោះជាអ្នកទាំង ២ បានប្ដឹងសារទុក្ខក្ដី។
ការសម្រេចនេះបានធ្វើឲ្យអ្នកខ្លះសាទរ និងខ្លះទៀតហាក់នៅមិនស្ងប់អារម្មណ៍ពេលដែលមេដឹកនាំកំពូលផ្សេងទៀតបានស្លាប់មុនកាត់ទោសខណៈជនរងគ្រោះជាច្រើនក៏បានស្លាប់ដោយមិនបានឃើញយុត្តិធម៌ដែរនោះ។
សាលដីកាពាក់ព័ន្ធនឹងបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះបើទោះជាមិនបានចង្អុលចំឈ្មោះ ខៀវ សំផន និង នួន ជា ថាបានប្រព្រឹត្តផ្ទាល់ក្ដីប៉ុន្តែអ្នកទាំង ២ ត្រូវតែទទួលខុសត្រូវចំពោះបទឧក្រិដ្ឋនេះជាអ្វីដែលគេបានកត់សម្គាល់ថាពួកគេបានមានផែនការញុះញង់ផ្ដល់ជំនួយ និងសមគំនិតក្នុងរឿងឧក្រិដ្ឋកម្មនេះ។
ទោះយ៉ាងណាមេធាវីលោក ខៀវ សំផន លោកស្រី Anta Guisse ហៅសាលដីកានេះថា «យុត្តិធម៌តុបតែង»។
លោកស្រីថា «វាតែងតែជាការខកចិត្តណាស់ដែលឃើញនិមិត្តរូបលុបចោលសិទ្ធិ និងច្បាប់ហើយយើងខកចិត្តជំនួស ខៀវ សំផន» ខណៈមានការរិះគន់ចំពោះការមិនឲ្យកោះហៅលោក ហេង សំរិនប្រធានសភាបច្ចុប្បន្នមកធ្វើជាសាក្សីដោយហៅការខកខាននោះថា «គ្មានហេតុផល» និង «ខុស»។
នេះគ្រាន់តែជាសាលដីកាសំណុំរឿង ០០២/០១ ប៉ុណ្ណោះ ឯសំណុំរឿង ០០២/០២ នឹងត្រូវដំណើរការបន្តពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍៕
•ព្រះសពព្រះសង្ឃ សំ ប៊ុនធឿន ត្រូវបានបូជា
ព្រះសពព្រះគ្រូព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មា ត្រូវបានរៀបចំពិធីបូជារំលាយព្រះកាយនៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាលបន្ទាប់ពីតម្កល់នៅទីនោះអស់ពេលជាង ១៣ ឆ្នាំ ។
ពិធីនេះប្រារព្ធឡើងរយៈពេល ៣ យប់ ៤ ថ្ងៃចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៦ ដោយមានការនិមន្តថ្វាយព្រះភ្លើងពីសំណាក់សម្ដេច ព្រះសង្ឃរាជ ទេព វង្ស និងការនិមន្តចូលរួមពីព្រះសង្ឃមកពីខេត្តក្រុងប្រមាណ ៤ ពាន់អង្គ និងពុទ្ធបរិស័ទប្រមាណជាង ២ ម៉ឺននាក់ ។
ព្រះសង្ឃ សំ ប៊ុនធឿន ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់បណ្ដាលឲ្យរបួសធ្ងន់នៅវត្តលង្ការាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ទី ៨ កុម្ភៈឆ្នាំ ២០០៣ និងបានសុគតនៅមន្ទីរពេទ្យកាល់ម៉ែត ២ ថ្ងៃបន្ទាប់ពីបញ្ជូនទៅសង្គ្រោះ។ ការសុគតនេះត្រូវបានបងស្រីព្រះអង្គស្ដីបន្ទោសថាមកពីគ្រូពេទ្យចាក់ថ្នាំមុនបញ្ជូនទៅប្រទេសសង្ហបុរី។
ចាប់ពីពេលសុគតរហូតមកទល់ពេលនេះឃាតករមិនទាន់ត្រូវបានវែកមុខនៅឡើយទេជាហេតុនាំឲ្យមានការរិះគន់ថារាជរដ្ឋាភិបាលមិនមានចេតនាស្វែងរកយុត្តិធម៌នៅក្នុងរឿងនេះ៕
•ប្រធានាធិបតីហ្វីលីពីទស្សនកិច្ចនៅកម្ពុជា
ប្រធានាធិបតីល្បីឈ្មោះពីការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់ហ្វីលីពីនលោក រ៉ូ្រឌីហ្គោឌូតឺតេ បានធ្វើដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃ (១៣-១៤ ធ្នូ) នៅកម្ពុជា។
ដំណើរទស្សនកិច្ចដែលអមដោយកីឡាករប្រដាល់ថ្នាក់ពិភពលោកលោក ប៉ាក់គីអៅ នោះមានការចុះហត្ថលេខាលើអនុស្សរណៈចំនួន ៤ រវាងប្រទេសទាំង ២ ទាក់ទងនឹងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនការពង្រឹងកីឡា ការងារ និងទេសចរណ៍៕
ប្រភព៖ postkhmer.com