Tuesday, March 5, 2024
Latest:

រដ្ឋាភិបាល​ចោទ​មន្ត្រី​អ.ស.ប​ផ្នែក​សិទ្ធិមនុស្ស​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

ប្រភព៖​​ rfa.org

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស ចោទ​ប្រកាន់​តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) ថា​បាន​រំលោភ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដោយសារ​តែ​អ្នកស្រី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បក​ស្រាយ​ពន្យល់​ជា​បន្ទាន់​លើ​ចំណាត់​ការ​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។

លិខិត​លោក ប្រាក់ សុខុន ផ្ញើ​ទៅ​អ្នកស្រី គ្លែរ វ៉ាន់ដឺវែរ៉ែន (Claire Van der Vaeren) តំណាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា (UNDP) កាល​ពី​ថ្ងៃ​សុក្រ ទី​៤ ខែ​វិច្ឆិកា សរសេរ​ថា សំណើ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​ករណី​លោក សម រង្ស៊ី ជា​សំណើ​ហួស​ដែន​សមត្ថកិច្ច​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​អង្គការ​ប្រជាជាតិ ដែល​ត្រូវ​ឲ្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស ធ្វើ​ការងារ​នឹង​ក្រសួង ជា​ជាង​តាម​រយៈ​សារព័ត៌មាន។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៦ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដក​ស្រង់​សម្តី​អ្នកស្រី វ៉ាន់ហ៊ី លី ថា សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា វិញ​នោះ ខ្វះ​ភាព​សមស្រប ដូច្នេះ​អាច​ចាត់​ទុក​បាន​ថា ជា​ការ​សម្រេច​តាម​ទំនើងចិត្ត និង​គ្មាន​ហេតុផល​ត្រឹមត្រូវ។ អ្នកស្រី​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​ជា​បន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​បែប​នេះ។

លោក ប្រាក់ សុខុន បញ្ជាក់​ក្នុង​លិខិត​ទៀត​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អស់​សុពលភាព​ហើយ ដូច្នេះ​រាល់​សកម្មភាព​របស់​អ្នកស្រី វ៉ាន់ហ៊ី លី ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​ចាត់​ទុក​ថា មិន​ស្របច្បាប់។ លោក ប្រាក់ សុខុន ស្នើ​ឲ្យ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ថ្មី​មួយ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​បញ្ចូល​ខ្លឹមសារ​នៃ​ការ​គោរព​អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

មាត្រា​១៧ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ចែង​អំពី​ភាព​ចាំបាច់​នៃ​តំណាង​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ដែល​ត្រូវ​បន្ត​តាមដាន​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ដិតដល់៕