រឿងរ៉ាវរបស់ស្ត្រីក្រីក្រក្នុងទីក្រុង

ស្រ្តីក្រីក្រនៅក្នុងទីក្រុង  តែងតែដឹកនាំសហគមន៍ក្នុងការទាមទារ សិទ្ធិដីធ្លី និងសិទ្ធិលំនៅឋានរបស់ពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់ក៏បាននិងកំពុងប្រឈមបញ្ហា ជាច្រើនប្រចាំថ្ងៃ ដោយសារពួកគាត់ជាស្រ្តី។ ការស្រាវជ្រាវនេះ នឹងបង្ហាញ​ពី​​បញ្ហាមួយចំនួន​​ដែលស្ត្រីក្រីក្រនៅទីក្រុង បានប្រឈម នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ អនុសាសន៍មួយចំនួននឹងមាននៅចុងបញ្ចប់ នៃរបាយការណ៍នេះ ដោយយើងទទួលបានពីស្រ្តីដែលបានចូលរួមក្នុងការសិក្សាររបស់យើង។

ស្ត្រីក្រីក្រចំនួន៨នាក់ ដែលរស់នៅក្នុងតំបន់ក្រីក្រ​ និង​តំបន់​ដែល​កំពុង​ប្រឈម​នឹង ការគំរាមកំហែងពីការ       បណ្តេញចេញ ត្រូវបានសម្ភាសសម្រាប់របាយការណ៍នេះ។ ស្ត្រីមួយចំនួនបាននិយាយថា​​​ បរិស្ថាន​ជាផ្នែកមួយនៃមូលហេតុដែលធ្វើឱ្យសុខភាពរបស់ពួកគាត់មិនល្អ ហើយស្ត្រីមួយចំនួនទៀត​​ក៏បានលើកឡើងថា ដោយ សារ ពួកគាត់ ជាអាណាព្យាបាល ជាអ្នក​ទុកដាក់លុយកាក់ និងជា​មេគ្រួសារ អីចឹងហើយគាត់ត្រូវគិតគូរពីសុខភាពរបស់កូន និងប្តី ជាងសុខភាពខ្លួន។

ស្ត្រីទាំងនោះ បានប្រាប់ថា ពួកគាត់បានរងនូវការរំលោភបំពានពីសំណាក់ស្វាមី    ការមិនទទួលស្គាល់ពីអាជ្ញាធរ និងការរើសអើងពីសហគមន៍ ប៉ុន្តែការភ័យខ្លាចពីការ​​​បណ្តេញចេញ នៅតែ​ជាបញ្ហាប្រឈម​​​​ធំបំផុតសម្រាប់ពួកគាត់។ ស្រ្តីខាងលើបានបន្តថា ពួកគាត់មានមោទនភាព ចំពោះសហគមន៍របស់គាត់ បើទោះបីជា ពេលខ្លះវាបង្កជាជំងឺដល់ពួកគាត់ ដោយសារសហគមន៍ខ្វះអនាម័យ និងមានទឹកលិចជាប្រចាំក៏ដោយ។ ស្រ្តីទាំងនោះមានជំនឿយ៉ាងមុតមាំថា ក្នុងនាមជាមនុស្ស គឺ ពួក​គាត់មានសិទ្ធ ទទួលបានសិទ្ធិមានលំនៅឋានសមរម្យ និងសុវត្ថិភាពដីធ្លី។​ នៅពេលដែលស្នើសុំឱ្យស្រ្តីថតរូប អំពីការពេញចិត្ត និងបញ្ហានៅ​ក្នុង​ជីវិតរបស់ពួកគាត់ ស្ត្រីភាគច្រើនបានថតរូបពីបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះនៅក្នុងសហគមន៍របស់ពួកគាត់ ហើយពិបាករកកន្លែងស្អាតសមរម្យនៅក្នុងសហគមន៍របស់ពួកគាត់ណាស់។

 

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ 089 666 013

លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor1@teangtnaut.org