Monday, March 4, 2024
Latest:

សង្គមស៊ីវិលខកចិត្តចំពោះអាជ្ញាធរដែលមិនឲ្យយកទីធ្លារមុខវត្តបុទុមវតីប្រារព្ធទិវាសិទ្ធិមនុស្ស

ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួនជាង៦០ស្ថាប័ន បានសម្ដែងការខកចិត្តចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលមិនឲ្យយកទីតាំងនៅមុខវត្តបុទុមវតី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅថ្ងៃទី១០ខែធ្នូ ខាងមុខ។

កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលចំនួន៦២ស្ថាប័ន បានដាក់លិខិតទៅសាលារាជធានីភ្នំពេញ ដើម្បីស្នើសុំទីធ្លាសួរច្បារមុខវត្តបុទុមវតី ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៨ នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ។ ប៉ុន្តែនៅថ្ងៃទី២៣ ខែវិច្ឆិកា ម្សិលមិញ សាលារាជធានីភ្នំពេញ បានឆ្លើយតបដោយពុំអនុញ្ញាតឲ្យរៀបចំពិធីនេះឡើយ ដោយឲ្យអង្គការសង្គមស៊ីវិលទៅរៀបចំនៅទីតាំងឯកជនណាមួយ ឬទីស្នាក់ការរបស់ខ្លួន។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិល ឲ្យដឹងថា បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតក៏ដោយ ក៏ពួកគេនៅតែប្រកាន់ជំហររៀបចំពិធីទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ធ្នូ នៅទីធ្លារមុខវត្តបុទុមវតីតាមការគ្រោងទុកដដែល។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលបានចូលរួមចេញលិខិតស្នើសុំនេះដែរ សម្ដែងការសោកស្ដាយ ដោយលោកចាត់ទុកការមិនអនុញ្ញាតឲ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ធ្នូ នៅទីធ្លារមុខវត្តបុទុមវតីនេះ ថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំ។

លោកថា៖ «សូម្បីតែថៃ្ងសិទិ្ធមនុស្សក៍មិនឲ្យបញ្ចញមតិ ឬមិនឲ្យធើ្វនៅកន្លែងប្រជុំជន ដែលអាហឹ្នងយើងយល់ឃើញថា ជាការរឹតបន្តឹងហើយ គេក៏យល់ឃើញថាកម្លាំងអាជ្ញាធរ ប៉ូលិស គឺថាមានគ្រប់គ្រាន់នៅក្នុងការជួយសម្រួល។ សូម្បីតែបុណ្យអ៊ុំទូកអាជ្ញាធរមានការធើ្វទម្រាំតែរឿងប៉ុណ្ណឹង។ ម៉្យាងទៀតគឺថារៀបចំឲ្យពួកយើងហឹ្នង មានអ្នករៀបចំត្រឹមត្រូវ ចឹងវាមិនមានភាពបង្កររញែរញ៉ៃ ដល់សណ្ដាប់ធ្នាប់សាធារណទេ យល់ឃើញថាត្រូវ អនុញ្ញាតឲ្យខាងអង្គការសង្គមស៊ីវិលសហជីព សហគមន៍ ប្រជាពលរដ្ឋហឹ្នងបានធើ្វទៅ»។

ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា រដ្ឋាភិបាលគួរចិត្តឲ្យទូលាយ ព្រោះការរៀបចំទិវានេះមិនបានធ្វើឲ្យប៉ះពាល់អ្វីឡើយ ។

លោកថា៖ «រដ្ឋាភិបាលគាត់យកក្ដីបារម្ភទាក់ទងហ្នឹងការចង្រ្អៀត នៃចរាចរណ៍កកស្ទះរាល់ថ្ងៃ ខ្ញុំគិតថារដ្ឋាភិបាលគួរតែធ្វើការចចារបើកទូលាយឲ្យខាងក្រុងអង្គការសង្គមស៊ីវិលជួប សហគមន៍សហជីពនានា គាត់អាចបា្ររព្ធនៅទិវាសិទ្ធិមនុស្សអន្តរជាតិឲ្យរលូន។ ពីព្រោះនេះគឺជា យុទ្ធនាការផ្សព្វផ្សាយ និងគម្រប់ខួបរបស់អង្គការសហប្រជាជាតិ […]។ ខ្ញុំលើកទឹកចិត្តឲ្យរដ្ឋាភិបាល ឬក៏អាជ្ញាធរសាលារាជធានីភ្នំពេញគួរតែបើកទូលាយឲ្យខាងក្រុមអង្គការសង្គមស៊ីវិល សហគមន៍ សមាគមន៍ សហជីព អាចប្រារព្ធពិធីដោយរលូនទៅ ហើយបើអាចគួរសហការគ្នាក៏ល្អដែរ»។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា សាលារាជធានីភ្នំពេញឲ្យធ្វើនៅទីលានប្រជាធិតេយ្យ តែមិនអនុញ្ញាតឲ្យមានការហែក្បួនទេ ចំពោះទីធ្លារមុខវត្តបុទុមវតីនោះ គឺមិនអនុញ្ញាតឡើយ ។

លោកថា៖ «ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ ដែលយើងមិនអនុញ្ញាតហើយគាត់នៅតែធ្វើ អាហ្នឹងមានន័យថាគាត់រំលោភនៅគោលការណ៍ហើយហ្នឹងច្បាប់ហើយ ។ ចឹងតួនាទីអាជ្ញាធរមានតែវិធានលការរដ្ឋបាលនិងច្បាប់ដើម្បីឲ្យគាត់មកតាមគោលការណ៍ណែនាំរបស់យើង»។

បើតាមលិខិតរបស់ក្រុមសម្ព័ន្ធអង្គការសង្គមស៊ីវិលឲ្យដឹងថា ការបា្ររព្ធពិធីអបអរសាទខួបទី៦៨ នៅថ្ងៃ១០ ធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នឹងមានអ្នកចូលរួមចំនួន៥ពាន់នាក់ ដោយជួបជុំគ្នានៅទីលានប្រជាធិបតេយ្យចំនួន៣ពាក់នាក់ រួចហើយដើរហែក្បួនមកកាន់មុខវត្តបុទុមតី៕

ប្រភព៖ vodhotnews.com