(Khmer) សង្គមស៊ីវិល៖ ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦ – ចាប់​ពីថ្ងៃ​ទី​០២​ ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃទី​១០​ ខែធ្នូ​ ​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់នៅទូទាំង​ប្រទេស​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្ត​បន្ទាប់នៅ​៣៥​ទីតាំង​ផ្សេងគ្នា​ក្នុង​១៨​ខេត្ត-រាជធានី​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៦។​

ព្រឹត្តិការណ៍​នេះ​ភាគ​ច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​ក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ជាច្រើន​រួមមាន​ សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​ បណ្ដាញ​យុវជន​ សមាគម​ និង​ព្រះសង្ឃ​ ក៏​ដូចជា​សហជីព​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ​ក្រោម​ប្រធានបទ​ “យុត្តិធម៌​២០១៦”។​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​​ចំនួន៤​នៃ​ប្រទេស​កម្ពុជា​ (ក្រុង​សៀមរាប​ បាត់ដំបង​ សិរីសោភ័ណ​ និង​ក្រុង​ព្រះសីហនុ)​ ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​តំបន់​ទាំងនេះ​នឹង​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ជុំវិញ​តំបន់​នីមួយៗ​ ដើម្បី​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស។​

ការ​ប្រារព្ធ​ទិវា​នេះ​នឹង​មាន​រួម​បញ្ចូល​នូវ​សកម្មភាព​មួយ​ចំនួន​ដូចជា​​ វេទិកា​សាធារណៈ​ដើម្បី​ជជែក​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ពេល​បច្ចុប្បន្ន​ ការ​សម្ដែង​រឿង​ ការ​ដាក់​ញត្តិ​ជូន​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ស្ដីពី​កង្វល់​នៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​មូលដ្ឋាន​និង​នៅ​ថ្នាក់​ជាតិ​ ការ​រៀបចំ​ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធ​សាសនា​ដែល​ភ្ជាប់​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ និង​ការ​ដង្ហែ​ក្បួន​ឆ្លងកាត់​តាម​ស្រុក/ខណ្ឌ​ និង​ក្រុង​នៅ​តាម​ខេត្ត​មួយ​ចំនួន​។
ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ពី​សាមគ្គីភាពការ​ប្ដេជ្ញា​ចិត្ត​ និង​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ការ​គោរព​សិទ្ធិ​មនុស្ស។​ ដោយសារ​នៅ​សល់​ពេល​ជិត១ឆ្នាំ​ទៀត​សម្រាប់​ការ​បោះឆ្នោត​ឃុំ​/សង្កាត់​នា​ពេល​ខាង​មុខ​ (ច្បាប់​ដែល​មាន​លក្ខណៈ​​រឹតត្បិត​មួយ​ចំនួន​ត្រូវ​បាន​អនុម័ត​ សំឡេង​ជំទាស់​ត្រូវ​បាន​បំបិទ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួ​ន​ត្រូវ​បាន​ជាប់​ពន្ធនាគារ​) គឺពិតជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​សម្ដែង​មតិ​ប្រឆាំង​ទៅនឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ឆ្នាំនេះ​ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នឹង​លើក​ឡើង​ពី​បញ្ហា​ជាច្រើន​ដូចជា​ ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ សិទ្ធិ​ដីធ្លី​ ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ និង​ការ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញលើ​សេរីភាព​ជា​មូលដ្ឋាន។​

លោក​ ទឹម​ ម៉ាឡៃ​ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា​ (CYN)​ បាន​មាន​ប្រសាសន៍​ថា៖​ “ច្បាប់​មួយ​ចំនួន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រឹតត្បិត​យើង​ ចាប់​យើង​ដាក់​ពន្ធនាគារ​ និង​បំបិទ​សំឡេង​យើង”។​ លោក​បន្តថា​៖ “យុវជន​គឺជា​អនាគត​នៃ​ប្រទេស​កម្ពុជា​ ហើយ​យើង​ក៏ដូចជា​ជន​ក្រីក្រ​ត្រូវ​ការ​អនាគត​មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ជួយ​គាំទ្រ​ដោយ​អ្នក​មាន​អំណាច”។​

ទោះ​បី​ជា​រយៈពេល​១ឆ្នាំ​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សង្គម​ស៊ីវិល​ ការ​បន្ត​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សំឡេង​និង​គំរាម​កំហែង​សកម្មជន​ និង​កង្វះ​ខាត​នៃ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ដីធ្លី​និង​សិទ្ធិ​ការងារ​ សកម្មជន​នៅ​ទូទាំង​ប្រទេស​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​ភាព​អយុត្តិធម៌​ ដើម្បី​ទាមទារ​សិទ្ធិ​របស់​អ្នក​ទាំង​នោះ​និង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​។

កញ្ញា​ សុង​ ស្រី​លាភ​ តំណាង​​សហគមន៍​បឹងកក់ បាន​មាន​ប្រសាសន៍​ថា៖​ “ពួក​យើង​នៅ​តែ​បាត់បង់​ដីធ្លី​ កម្មករ​នៅតែ​ទាមទារ​ឲ្យ​មាន​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​ការ​រស់នៅ​ ប៉ុន្តែ​នៅពេល​យើង​ធ្វើការ​តវ៉ា​ យើង​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​”។ កញ្ញា​បន្តថា៖​ “យើង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស ​ប៉ុន្តែ​យើង​ក៏ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ដោយសារ​យើង​ត្រូវ​ការ​យុត្តិធម៌”។​

លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF)​ បាន​មាន​ប្រសាសន៍​ថា៖​ “កម្មករ​តស៊ូ​ដើម្បី​រស់​ត្រូវ​បាន​រឹតត្បិត​​ដោយ​ច្បាប់​សហជីព​ថ្មី ​និង​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដទៃ​ទៀត”។​ ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​គឺជា​ពេល​វេលា​​មួយ​សម្រាប់​យើង​ចូលរួម​ទាំងអស់​គ្នា ​ដើម្បី​តវ៉ា​ទៅនឹង​ច្បាប់​ដែល​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​យើង”។​

​លោក​ អំ​ សំអាត​ ប្រធាន​គ្រប់​គ្រង​ផ្នែ​ក​ស៊ើប​អង្កេត​នៃអង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)​ បាន​មាន​ប្រសាសន៍​ថា៖​ “ប្រធាន​បទ​សម្រាប់​ថ្ងៃទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំនេះគឺ ”យុត្តិធម៌​២០១៦​” ដោយ​សារ​យុត្តិធម៌​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្ដិភាព​និង​ការ​រីក​ចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ប្រសិន​បើ​គ្មាន​តុលាការ​ឯករាជ្យ​ទេ ​នោះនឹង​មិនមាន​យុត្តិធម៌​និង​សន្ដិភាព​ឡើយ”។​

ក្រុម​មិត្ត​១០ធ្នូ​ សូម​គោរព​អញ្ចើញ​មិត្ត១០​ធ្នូ​និង​អ្នក​សារ​ព័ត៌មាន​ទាំងអស់​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំនេះ​។ សូម​ទាក់​ទង​មក​អ្នក​ដែល​មាន​ឈ្មោះ​នៅ​ខាង​ក្រោម​សម្រាប់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាំង​នៅ​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក ​អំ​ សំអាត​ ប្រធាន​គ្រប់​គ្រង​ផ្នែ​ក​ស៊ើប​អង្កេត​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ ​(LICADHO) ទូរស័ព្ទ ០១២​ ៣២៧ ៧៧០។
▪ លោក ​សឿង​ សារ៉ន​ នាយក​ប្រតិបត្តិ​ស្ដីទី​នៃ​សមាគម​ធាងត្នោត​ (STT) ទូរស័ព្ទ ០៨៩ ៦៦៦ ០១៣។
▪ លោក​ ស​ ម៉ូរ៉ា​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម​កម្ពុជា​ (CFSWF) ទូរស័ព្ទ ០១៦ ៥២៥ ៧៨១៕