Thursday, March 28, 2024
Latest:

សង្គមស៊ីវិល​សូម​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ក្រុង​ជា​ច្រើន​នាក់​ដែល​បានធ្វើ​បាតុកម្ម

សេចក្តីថ្លែងការណ៍

ថ្ងៃ៦ ខែកុម្ភៈ ឆ្នាំ២០១៦ – យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​កាលពី​ព្រឹកមិញ​នេះ ដែលត្រូវ​បាន​ប្រព្រឹត្តិឡើង​ដោយ​សមាជិក​​សមាគម​​រួបរួមគ្នា​​ដើម្បី​អភិវឌ្ឍន៍​​កម្ពុជា (CCDA) ទៅលើ​​អ្នកបើកបរ​​រថយន្ត​ក្រុង និង​អ្នកគាំទ្រ​អ្នក​បើកបរ​ទាំងនោះ​ដែល​កំពុងតវ៉ា ហើយ​ក៏មានការ​សោកស្តាយផង​ដែរ​​ចំពោះ​នគរបាល​ដែល​មិនបាន​ឆ្លើយតប​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​បញ្ជៀស​អំពើហិង្សា​នេះ។ យើងខ្ញុំ​សូមអំពាវនាវ​ឲ្យមាន​ការដោះលែង​បុរសពីរ​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​មិន​ត្រឹមត្រូវ និង​ទាមទារ​ឲ្យមាន​ការស៊ើប​អង្កេតលើ​អំពើហិង្សា​នេះ។

អំពើហិង្សាយ៉ាង​ធ្ងន់ធ្ងរនេះ បានកើតឡើងនៅពេលមានការតវ៉ា​មួយរបស់អ្នកបើកបររថយន្តក្រុងជាច្រើននាក់​មកពីសហព័ន្ធសហជីពកម្មករ​វិស័យដឹកជញ្ជូនកម្ពុជា និងអ្នកគាំទ្រអ្នកទាំងនោះ ដែលមកពីសមាគម​សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ ព្រឹត្តិការណ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៤នាក់ រងរបួស រួមមានអ្នកបើកបររថយន្ត​ក្រុងដែលជាអ្នកតវ៉ានិង​អ្នកគាំទ្រអ្នកទាំងនោះ​ជាច្រើននាក់ អ្នកឃ្លាំមើលសិទិ្ធមនុស្ស ១នាក់ និងមន្ត្រីនគរបាល ១នាក់។ ក្នុងនោះមានម្នាក់បានរងរបួសបាក់ដៃ និងជាច្រើននាក់ផ្សេងទៀត រងរបួសមុខ​និងក្បាល។

នៅវេលាម៉ោងប្រមាណ ៩ និង៤០​នាទី ព្រឹក អ្នកតវ៉ា​មួយចំនួនក្នុងចំណោមអ្នកតវ៉ា ៥០នាក់ ដែលបានតវ៉ានៅក្បែរការិយាល័យក្រុមហ៊ុនរថយន្តក្រុងកាពីតូល នៅក្នុងរាជធានីភ្នំពេញ តាំងពីម៉ោង ៨ព្រឹក បានព្យាយាមរារាំងរថយន្តក្រុងមួយ ដោយមិនឲ្យចាកចេញពីស្ថានីយ។ អ្នកគាំទ្រប្រមាណ ៥០នាក់ មកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលភាគច្រើនបាន​ស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងពាក់មួកសុវត្ថិភាព បានដើរទៅ “ការពាររថយន្តក្រុង” ហើយអំពើហិង្សាបានចាប់ផ្តើមឡើង។ ភ្លាមៗបន្ទាប់ពីនោះ សមាជិកមួយចំនួននៃសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានកាន់ញញួរ និងដំបងដែក វាយទៅលើក្រុមមនុស្ស ដោយបានវាយដំ និងទាត់ធាក់យ៉ាងខ្លាំង​ទៅលើអ្នកតវ៉ានិងអ្នកគាំទ្រទាំងនោះ។ នគរបាលបង្ក្រាបបាតុកម្មមួយចំនួន បានចូលរួមក្នុងការវាយដំនេះផងដែរ នៅពេលដែលសមាជិក​សមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងនគរបាលមួយចំនួនទៀត ព្យាយាមបញ្ឈប់អំពើហិង្សា តែមិនបានជោគជ័យ។

បន្ទាប់មក នគរបាល​បានរុញអ្នកបើកបរនិងអ្នកគាំទ្រអ្នកទាំងនោះថយក្រោយ និងបានចាប់ខ្លួនអ្នកបើកបរម្នាក់ និងអ្នកបើករ៉ឺម៉កកង់បី​ម្នាក់មកពីសហភាព​ការងារកម្ពុជា។ មិនមានសមាជិកមកពីសមាគមរួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាណាម្នាក់ ត្រូវបានចាប់ខ្លួននោះទេ ទោះជាសមាជិករួបរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា វាយដំដោយប្រើញញួរ និងដំបងដែកមកលើអ្នកបើកបរ​រថយន្តក្រុងនិងអ្នកគាំទ្រអ្នក​ទាំងនោះ ក៏ដោយ។

បន្ទាប់ពីមានអំពើហិង្សា អ្នកបើកបរ​រថយន្តក្រុង និងអ្នកគាំទ្រសហភាពការងារ​កម្ពុជាជាច្រើននាក់ បានដើរក្បួនទៅកាន់ប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាល ដើម្បីដាក់ពាក្យបណ្តឹងអំពីអំពើហិង្សានេះ។ ច្រកចូលប៉ុស្តិ៍នគរបាល និងអធិការដ្ឋាន​នគរបាលទាំងពីរកន្លែងត្រូវបានបិទ ហើយនគរបាលដែលនៅទីនោះ បានបដិសេធទទួល​យកពាក្យបណ្តឹងអ្នកទាំងនោះ។ បន្ទាប់មកទៀត នគរបាលបង្ក្រាប​បាតុកម្មបានមកដល់ ហើយបំបែកអ្នកតវ៉ាទាំងនោះ។

លោក អំ សំអាត អ្នកសម្របសម្រួល​បច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “មនុស្សជាច្រើន ត្រូវបានក្រុមអ្នកស្លៀកពាក់ស៊ីវិលជាច្រើន​នាក់ប្រដាប់ដោយអាវុធបានវាយដំ កាលពីព្រឹកនេះ ហើយនគរបាលមិនបានខិតខំ​ប្រឹងប្រែងគ្រប់​គ្រាន់​ដើម្បី​បញ្ឈប់អំពើនេះនោះទេ”។ លោក បានបន្តទៀតថា៖ “មិនមាននរណាម្នាក់ដែលទទួលខុសត្រូវចំពោះការវាយប្រហារនាថ្ងៃនេះ ត្រូវបានចាប់ខ្លួននោះទេ ទាក់ទងនឹងអំពើហិង្សាដែល​បង្កឡើងដោយក្រុមអ្នក​ស្លៀកពាក់ស៊ីវិល ហើយនិងនគរបាលបង្ក្រាបបាតុកម្ម”។

អ្នកបើកបររថយន្តក្រុង កាពីតូល បានធ្វើការ​តវ៉ាអស់រយៈពេលប្រហែល ២ខែមកហើយ បន្ទាប់ពីមានការបញ្ឈប់អ្នកបើកបររថយន្តក្រុង ៤៥នាក់ ដែលអ្នកទាំងនោះបានអះអាងថាខ្លួនត្រូវបានគេបញ្ឈប់ពីការងារដោយសារអ្នកទាំងនោះបានព្យាយាមបង្កើតសហជីពមួយ។ ក្រោយពីមានការស្នើសុំពីសាលារាជធានីភ្នំពេញ ឲ្យក្រុមហ៊ុនរថយន្តក្រុងនេះពិចារណាទទួលយកអ្នកបើកបរទាំងនោះវិញ ក្រុមអ្នកតវ៉ាបានផ្អាកការតវ៉ាជាបណ្តោះអាសន្នកាលពីថ្ងៃទី២៦ ខែមករា ហើយបានចាប់ផ្តើមតវ៉ាជាថ្មីកាលពីថ្ងៃទី១ ខែកុម្ភៈ បន្ទាប់ពីក្រុមហ៊ុនរថយន្តក្រុងនេះ មិនអើពើនឹងសំណើរបស់សាលារាជធានី។

សមាគមរួបរួមគ្នាដើម្បី​អភិវឌ្ឍន៍កម្ពុជា ដែលជាសមាគមតូចមួយនៃ​អ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កកង់បីបានអះអាងថា ការតវ៉ារបស់អ្នកបើកបរ​រថយន្តក្រុងទាំងនេះ បានរំខានដល់អាជីវកម្មអ្នក​បើករ៉ឺម៉កកង់បីដែលនៅ​ជុំវិញស្ថានីយ៍។ សមាគមនេះ មិនតំណាងឲ្យអ្នកបើកបររថយន្តក្រុងនោះទេ ហើយក៏មិនមានទំនាក់ទំនងផ្លូវការណាមួយនៅក្នុងជម្លោះនេះដែរ។ កាលពីខែកញ្ញា ឆ្នាំ២០១៣ អ្នកចូលរួមពីរនាក់នៅក្នុង​ការតវ៉ានៅពេលនោះរបស់សមាគមរួបរួមគ្នា​ដើម្បីអភិវឌ្ឍន៍កម្ពុជាបានរាយការណ៍ដល់សារព័ត៌មានថា អ្នកទាំងនោះត្រូវបាន​គេសន្យាផ្តល់ប្រាក់ដើម្បីចូលរួមក្នុងការតវ៉ា ហើយមិនបានដឹងថា​តើគេតវ៉ាអំពីអ្វី​នោះទេ។

លោក មឿន តុលា នាយក​ប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស បានមានប្រសាសន៍ថា៖ “អំពើហិង្សាយ៉ាងធ្ងន់ធ្ងរនាថ្ងៃនេះ បង្ហាញថាពលរដ្ឋមិននឹងអាចចូលរួមក្នុងការតវ៉ាជាសាធារណៈនានាដោយមិនរងនូវការចាប់ខ្លួនោះទេ (ឬគម្រាមកំហែងដល់អាយុជីវិតអ្នកទាំងនោះនោះទេ)។ នេះក៏ជាភស្តុតាងបន្ថែមនៃការប្រើប្រាស់អំពើហិង្សាដែលមិនមានភាពស្មើគ្នារបស់អាជ្ញាធរដោយមាននិទណ្ឌភាពទាំងស្រុង ដើម្បីបំភិតបំភ័យ និងបំបែកកម្មករដែលកំពុងតវ៉ា”។

យើងខ្ញុំ សូមធ្វើការ​ថ្កោលទោសជាថ្មីយ៉ាងខ្លាំងចំពោះអំពើហិង្សា អំពាវនាវឲ្យមានការដោះលែងជនរងគ្រោះដែលត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ និងទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស មានតម្លាភាព និងឯករាជ្យភាព ទៅលើព្រឹត្តិការណ៍នាថ្ងៃនេះ។

១. សហគមន៍បឹងកក់ (BKL)
២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៣. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
៤. សហភាពសហជីពកម្ពុជា (CATU)
៥. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៦. គណៈកម្មាធិការស្ត្រីកម្ពុជា (CAMBOW)
៧. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
៩. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១០. សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១១. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
១២. សហភាពការងារកម្ពុជា (CLC)
១៣. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
១៧. សហគមន៍ឆេកូ
១៨. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
១៩. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
២០. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២១. អង្គការសមធម៌កម្ពុជា (EC)
២២. សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (FAPD)
២៣. អង្គការយេនឌ័រ និងការអភិវឌ្ឍន៍សម្រាប់កម្ពុជា (GADC)
២៤. សមាគមខ្មែរលើ (HA)
២៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៦. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
២៧. សហគមន៍ភ្នំបាត
២៨. សហគមន៍ព្រែកតាគង់
២៩. សហគមន៍ព្រែកតានូ
៣០. សហគមន៍ព្រៃសាលាថ្មី
៣១. សមាគមធាងត្នោត (STT)
៣២. សហគមន៍ ៩២
៣៣. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
៣៤. សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
▪ លោក មឿន តុលា, នាយកប្រតិបត្តិមជ្ឈ​មណ្ឌលសម្ព័ន្ធ​ភាពការងារ​និងសិទ្ធិមនុស្ស, ទូរស័ព្ទលេខ៖ ០៦៦ ៧៧៧ ០៥៦
▪ លោក អំ សំអាត, អ្នកសម្របសម្រួលបច្ចេក​ទេស​ស៊ើបអង្កេត​នៃអង្គការ លីកាដូ, ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០