(Khmer) សង្គម​ស៊ីវិល​៖ ​ការឃុំ​ខ្លួន​​មន្ត្រី​សិទ្ធិ​មនុស្ស​​ទាំង​៥ ​បាន​រំលោភ​​ច្បាប់​ជាតិ ​និង​អន្តរជាតិ​​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

តាមរយៈ​ការធ្វើ​វិភាគ​ផ្នែក​ច្បាប់ របស់​សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន បាន​មើលឃើញ​ថា តុលាការ​កម្ពុជា​ពុំ​បាន​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នោះទេ ដោយ​បាន​រំលោភ​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ សង្គម​ស៊ីវិល​បាន​លើកឡើង​ថា បើទោះបីជា​វា​មាន​ពេល​ចាំបាច់​សម្រាប់​ការឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​យុត្តិធម៌ និង​ការពារ​ជនរងគ្រោះ និង​សាក្សី​ក៏ដោយ ក៏​ការអនុវត្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន​ហួសប្រមាណ ឬ​មិន​ត្រឹមត្រូវ​ធ្វើឲ្យ​មាន​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព និង​ការ​សន្មត​ទុក​ថា​គ្មាន​ទោស​។

កំណត់​ត្រា​របស់​សង្គម​ស៊ីវិល​ដែល​ចេញ​នា​ថ្ងៃទី ២១ វិច្ឆិកា បាន​សម្ដែង​ការសោកស្ដាយ ដែល​កម្ពុជា​នៅតែ​បន្ត​មាន​អត្រា​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន​ខ្ពស់​នៅឡើយ​។ តួលេខ​ថ្មីៗ​ដែល​ចេញផ្សាយ​ដោយ  អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កាលពី​ឆ្នាំ​២០១២ បាន​ផ្ដល់​តួលេខ​អ្នក​ជាប់​ពន្ធនាគារ​មាន​ចំនួន​ជាង​២​ម៉ឺន នាក់ ដែល​ចំនួន​នេះ​មាន​ការកើនឡើង​១២៥​ភាគរយ នៃ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៃ​តួលេខ​ឆ្នាំ​២០០៦ ដែល​មាន​តែ​ជាង ៩​ពាន់​នាក់​។

បើទោះបីជា​មាន​ទឡ្ហីករណ៍​ផ្សេងៗ​គ្នា​ជា​ច្រើន​ត្រូវបាន​លើកឡើង​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន សវនាការ និងសេចក្ដីសម្រេច​យ៉ាងណាក្ដី តាម​ការវិភាគ​ទៅលើ​អង្គហេតុ​ជុំវិញ​ការចាប់ខ្លួន និង​ការចោទប្រកាន់​អ្នក​ទាំង​៥ បង្ហាញថា ពុំ​មាន​លក្ខណៈ​វិនិច្ឆ័យ​ណាមួយ​សម្រាប់​ការឃុំខ្លួន​នោះ​ឡើយ​។

សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន ចាត់ទុក​ថា​ការ​បន្ត​ឃុំខ្លួន​នេះ ជា​ការសម្រេច​តាម​អំពើ​ចិត្ត និង​មិន​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ថា​ត្រូវតែ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​នោះ​ជាបន្ទាន់​។

គិត​មក​ទល់​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៦ ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៥​រូប ដែល​៤​នាក់​ជា​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក និង​ម្នាក់​ជា​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប មាន​រយៈពេល​២០៨​ថ្ងៃ​ហើយ ដែល​អ្នក​ទាំង​៥​ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​២០១៦​។ ការសម្រេច​ឃុំខ្លួន​ក្រោម​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជុំវិញ ទំនាក់ទំនង​ស្នេហា​រវាង​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

ប្រភព៖ http://vayofm.com/