សមត្ថកិច្ច​ឃាត់​ខ្លួន​យុវជន​៣នាក់ និង​រឹតត្បិតសិទ្ធិ​អ្នកចូលរួមធ្វើ​បុណ្យ​រំលឹក​ខួប​៣​ឆ្នាំ​បណ្ឌិត កែម ឡី

នាព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៩ នេះ សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល យុវជន និងសកម្មជនសិទ្ធិមនុស្សប្រមាណជិត ១០០នាក់ ត្រូវបានរារាំងពីអាជ្ញាធររាជធានីភ្នំពេញ នៅពេលដែលពួកគេព្យាយាមប្រមូលផ្តុំគ្នានៅ ស្តារ ម៉ាត (ហ្គារ៉ាសសាំងកាល់តិច) ដើម្បីប្រារព្ធខួប៣ឆ្នាំនៃការធ្វើឃាត អ្នកវិភាគសង្គម និងនយោបាយដ៏ល្បីល្បាញ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ជាមួយគ្នាផងដែរបានឃាត់ខ្លួនយុវជនបីនាក់ ខណៈពួកគេព្យាយាមចូលរួមសកម្មភាពនោះ។ ការព្យាយាមមិនឱ្យអ្នកគ្រាំទ្រ លោក បណ្ឌិត កែម ឡី នេះ ជួបជុំគ្នានេះ គឺជាការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពជា ក៏ដូចជាច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី បើទោះបីជា តំណាងអ្នករៀបចំកម្មវិធី បានដាក់លិខិតជូនដំណឹងត្រឹមត្រូវតាមនីតិវិធីក៏ដោយ។