Friday, April 19, 2024
Latest:

សហគមន៍បឹងកក់ជួបជុំគ្នាធ្វើសន្និសិទកាសែតទាមទាអោយមានការដោះលែងអ្នកការពារសិទ្ធិមនុស្ស និងតំណាងរបស់ខ្លួន

ប្រជាពលរដ្ឋសហគមន៍បឹងកក់ជួបជុំគ្នាក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនៅព្រឹកនេះដើម្បីទាមទាអោយមានការដោះស្រាយបញ្ចប់បញ្ហាដីធ្លីនិងផ្ដល់ប្លង់កម្មសិទ្ធិ ទាមទារអោយមានការដោះលែងអ្នកស្រីទេពវន្នី  និងដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំ។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែសីហា អំឡុងពេលពួកគេរៀបចំយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍របស់ពួកគេ ដើម្បីទាមទារឲ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤រូបរបស់សមាគមអាដហុកនិងមន្ត្រី គ.ជ.ប.។

កាលពីថ្ងៃទី២២ សីហា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ដែលជាសកម្មជនដីធ្លីលេចធ្លោ ពីបទប្រមាថ ដោយផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ ៨ម៉ឺនរៀល។ តុលាការបានប្ដូរបទចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស បន្ទាប់ពីតុលាការគ្មានភស្តុតាងគ្រប់គ្រាន់។

អ្នកស្រី បូវ សោភា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងមកវិញ ប៉ុន្តែ អ្នកស្រី ទេព វន្នី មិនត្រូវបានដោះលែងនោះឡើយ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ថាបានប្រមាថរាជការសាធារណៈនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

ប្រជាសហគមន៍បឹងកក់ដទៃទៀតបានរៀបចំការតវ៉ាអស់រយៈពេល១៥សប្ដាហ៍ជាបន្តបន្ទាប់ ដែលជាផ្នែកមួយនៃយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឱ្យដោះលែងសកម្មជនការពារសិទ្ធិមនុស្ស៤នាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ខែឧសភាកន្លងមកនៅក្នុងសំណុំរឿងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេទម្លាយថា មានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា។