សាលាឧទ្ធរណ៍បន្តឃុំខ្លួនអ្នកស្រី ទេព វន្នី

A gathering of land activists in front of the appeal court on 8 8 2017.

នៅ​ព្រឹក​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ ២០១៧ នេះ​ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ ​ដោយបន្ត​ឃុំ​ខ្លួន​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ក្នុងពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​។

អ្នកស្រី ទេព វន្នី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា បាន​បង្ក​ហិង្សា​ ក្រោម​បទ​ចោទ «​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​»​ នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៣។

អ្នកស្រី ​ទេព វន្នី​​ ត្រូវបានចាប់ខ្លួនដោយអាជ្ញាធក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០១៦ ខណះពេលដែលអ្នកស្រី និងសមាជិកសហគមន៍ផ្សេងទៀត កំពុងធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ អ្នកស្រីត្រូវបាន​ឃុំខ្លួនក្នុង​ពន្ធនាគារ​អស់​​រយៈពេល​៣៥៨​ថ្ងៃ​មក​ហើយ។

នៅ​​ឯ​ខាង​ក្រៅ​របង​សាលាឧទ្ធរណ៍ សកម្មជន​ដីធ្លី​ប្រមាណ​៧០​នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា​ទាមទារ​ឲ្យ​ដោះលែង អ្នកស្រី ទេព វន្នី។