សាលាឧទ្ធរណ៍បន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សអាដហុក

តុលាការសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក​៤រូប​ ក្រោយជំនុំជម្រះនាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧ នេះ។ការបើក​សវនាការ​នេះ ធ្វើឡើងក្រោយមេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អាដហុក​ទាំងនោះប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​កូនក្ដីរយៈពេល​៦ខែ​បន្ថែម​ទៀត។ ដោយឡែកលោក នី ចរិយា​ មន្ត្រី ​គ.ជ.ប មិន​បាន​ប្ដឹង​ជំទាស់​ក្នុង​នីតិវិធី​នេះ​ទេ។

កាលពីចុងខែមេសាកន្លងទៅនេះ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ​ បានសម្រេចបន្តឃុំខ្លួនមន្ត្រី​អាដហុក​ទាំង​៤​រូបរយៈពេល ៦ ខែបន្ថែមទៀត ដើម្បីសាកសួរ​ទៅលើ​សាក្សី និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​។

​មន្ត្រី​អាដហុក​ទាំង​៤​រូប ​រួមមាន​លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុន្នី បាន​ជាប់ឃុំជាងមួយឆ្នាំមកហើយ ពីបទ «​សូកប៉ាន់​សាក្សី​»​ ក្នុងរឿងអាស្រូវ​របស់​ស្រីមុំ​ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

មន្ត្រីប៉ូលិសបានរឹតបន្តឹងសន្តិសុខដោយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានជាតិ​ និងអន្តរជាតិចូលក្នុងបរិវេណសាលាឧទ្ធរណ៍ទេ។ ចំពោះអង្គការសង្គមស៊ីវិល អនុញ្ញាតឲ្យចូលតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មន្ត្រីប៉ូលិស និងមិនអនុញ្ញាតឲ្យថតរូបឬ វីដេអូឡើយ៕