Thursday, April 18, 2024
Latest:

សាលាឧទ្ធរណ៍បានសម្រេចបន្តរឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស នឹងមន្រ្តី គ ជ ប

ភ្នំពេញ៖ សំណើសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្សនិងមន្ត្រី គ.ជ.ប ត្រូវបានសាលាឧទ្ធរណ៍បដិសេធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ។

មេធាវីរបស់លោក នី ចរិយា គឺលោក សំ សុគង់ បានឲ្យដឹងក្រោយសវនាការថ្ងៃនេះថា មូលហេតុដែលសាលាឧទ្ធរណ៍បដិសេធមិនឲ្យកូនក្ដីរបស់លោក និងមន្ត្រីសិទ្ធិមនុស្ស ៤នាក់ទៀតនៅក្រៅឃុំនោះ គឺដោយសារប្រធានក្រុមប្រឹក្សាភិបាលសភាស៊ើបសួរសាលាឧទ្ធរណ៍ចាត់ទុកករណីនេះជាបទឧក្រិដ្ឋ ទី២ ដោយសារតែខ្លាចអ្នកទាំង ៥នាក់ ក្រោយពេលឲ្យនៅក្រៅឃុំ ត្រូវរ៉ូវគ្នាជាមួយសាក្សីធ្វើឲ្យរំខានដល់ការស៊ើបសួរ និងទី៣ ករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ (អាស៊ីសេរី)

អ្នកទាំងប្រាំរូបនោះរួមមាន មន្ត្រីរបស់សមាគមអាដហុក ៤រូប គឺមានលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មួយរូប គឺលោក នី ចរិយា។ ហើយត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី កាលពីដើមខែឧសភា ឆ្នាំ២០១៦។

មន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រីគ.ជ.ប ១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរនិងឃាត់ខ្លួនកាលចុងខែមេសា រួចបញ្ជូនមកតុលាការ ពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។