សិក្ខាសាលាផ្សព្វផ្សាយពីគម្រោងនៃការផ្តល់ជំនួយខ្នាតតូច

នៅដើមខែតុលានេះ បុគ្គលិកនៃអង្គការសមាគមធាងត្នោតបានរៀបចំសិក្ខាសាលាមួយស្តីពី ការផ្តល់ជំនួយខ្នាតតូចទៅដល់ភាគីដែលចាប់អារម្មណ៍នៅការិយាល័យរបស់អង្គការសមាគមធាងត្នោត។ ភាគច្រើននៃអ្នកដែលចូលរួមក្នុងការផ្សព្វផ្សាយនេះគឺជាសហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៃការកាន់កាប់ដីធ្លីដូចជា សហគមន៍បឹងកក់ និរោធបឹងឈូក ស្ទឹងមានជ័យ បឹងឈូកឬស្សីកែវ និងថ្មគោលជាដើម។

ការផ្តល់ជំនួយខ្នាតតូចនេះមានគោលបំណងគាំទ្រដល់សហគមន៍ក្រីក្រ ដើម្បីអនុវត្តសកម្មភាពក្នុងការពង្រឹងសុវត្ថិភាពដីធ្លី និងលើកស្ទួយកំរិតជីវភាពរបស់ប្រជាជន ក្នុងសហគមន៍។ វាក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដែលឧបត្ថម្ភដោយ សហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍសាធារណៈរដ្ឋឆែក និងកំពុងអនុវត្តដោយអង្គការ ភីពផលអ៊ីននីត (ភីន) អង្គការសមាគមធាងត្នោត (STT) អង្គកាអភិវឌ្ឍស្ត្រីក្រីក្រក្នុងទីក្រុង (UPWD) និងអង្គការវិទ្យាស្ថានបើកទូលាយ(OI) ។