នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ បណ្ដាញអតីតស្ត្រីបឹងកក់ និងប្រជាជនរងគ្រោះដោយសារការបណ្ដេញចេញទាំងបង្ខំនៅតំបន់បឹងកក់ ប្រមាណ៥០នាក់ បានមកដាក់ញត្តិទាមទាសំណងបន្ថែមនៅសាលារាជធានីភ្នំពេញ។
ក្នុងញត្តិដាក់ជូនលោកអភិបាលសាលារាជធានីថ្មី ប្រជាសហគមន៍ទាមទារសំណងបន្ថែមជាថវិកាចំនួនពីរម៉ឺន (២០,០០០) ដុល្លារអាមេរិក សម្រាប់អ្នកដែលបានផ្ទះនៅដំណាក់ត្រយឹង ឫដីមួយឡូតិ៍ទំហំ ៤ម x ១៨ម នៅតំបន់បឹងកក់សម្រាប់អ្នកដែលបានទទួលប្រាក់ ៨០០០ដុល្លារ និង២លានរៀល។
ការជួបជុំគ្នានៅព្រឹកនេះ កងសន្តិសុខខណ្ឌដូនពេញ បានធ្វើការរារាំង និងដណ្ដើមយកឧបករណ៍បំពងសម្លេងពីប្រជាសហគមន៍ បណ្ដាលឲ្យមានការប៉ះទង្គិចគ្នា តែមិនបង្កឲ្យមានរបួសទេ។
គួរបញ្ជាក់ផងដែរថា តំបន់បឹងកក់ ដែលមានទំហំជាង១៣០ហិកតាត្រូវបានរដ្ឋាភិបាល និងអាជ្ញាធរក្រុងភ្នំពេញជួលទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើវិនិយោគរយៈពេល៩៩ឆ្នាំក្នុងតម្លៃជាង៧៩លានដុល្លារ កាលពីឆ្នាំ២០០៨ ហើយប្រជាពលរដ្ឋជាង៤០០០គ្រួសារក៏ត្រូវប្រឈមនឹងការបណ្តេញចេញទាំងបង្ខំតាមរយៈការផ្តល់លំនៅដ្ឋាននៅតំបន់ផ្សេង និងជម្រើសមួយទៀត គឺផ្តល់ប្រាក់ជាថ្នូរនឹងការចាកចេញពីតំបន់នោះ។
តំណាងប្រជាពលរដ្ឋលើកឡើងថា ការផ្ដល់សំណងមានលក្ខណៈស្តួចស្ដើងមិនអាចឲ្យពួកគេរកកន្លែងរស់នៅថ្មីបានសមរម្យឡើយ គ្រួសារភាគច្រើនបានទទួលយកសំណងទាំងបង្ខំចិត្តនិងសុទ្ធសឹងតែត្រូវបានទទួលនូវការធ្វើទុក្ខបុកម្នេញពីសំណាក់សាលាក្រុងភ្នំពេញនិងក្រុមហ៊ុនស៊ូកាគូអ៊ីន ទើបពួកគាត់សម្រេចចិត្តចាកចេញទាំងបង្ខំចិត្ត។
ប្រជាសហគមន៍សង្ឃឹមថា លោកអភិបាលក្រុងថ្មី ឯកឧត្តម ឃួង ស្រេង នឹងដោះស្រាយសំណងបន្ថែមឲ្យពួកគាត់ដើម្បីស្រោចស្រង់ និងស្ដារកត្តិយសសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាល មុនការបោះឆ្នោតថ្នាក់ជាតិមកដល់។
ក្នុងញត្តិបន្ថែមថា «នឹងមិនធ្វើដូចអភិបាលក្រុងមុនៗដែលមិនបានដោះស្រាយបញ្ហាសំណងជូនប្រជាសហគមន៍ដែលរងគ្រោះហើយថែមទាំងបានគំរាមនិងបញ្ជាកងសន្តិសុខឲ្យបង្ក្រាបយ៉ាងឃោឃៅទៅលើស្ត្រីបឹងកក់ និងបញ្ជាកងកម្លាំងប្រដាប់អាវុធ និងកងសន្តិសុខក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់ពន្លិច ដីធ្លី និងផ្ទះសម្បែង និងបំផ្លាញទ្រព្យសម្បត្តិឲ្យខ្ទេចខ្ទីគ្មានសល់»។
តំណាងប្រជាសហគមន៍ឲ្យដឹងថា តំណាងរដ្ឋបាលសាលារាជធានីភ្នំពេញ បានទទួលយកញត្តិរបស់ពួកគេ ហើយថានឹងបញ្ជូនទៅថ្នាក់លើពិនិត្យ។