ឯកឧត្តម ប៉ា សុជាតិវង្ស ៖ «គ្មានខ្មែរឯណាធ្វើបាបខ្មែរខ្លួនឯងនោះទេ»

ភ្នំពេញ៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៦ ។

ក្នុងកិច្ចជំនួបពិភាក្សានោះដែរលោកស្រី រ៉ូណា ស្មីត បានលើកឡើងអំពីសេរីភាពសម្តែងមតិនៅកម្ពុជាមានការរិតត្បិត ហើយស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយក្នុងការសម្តែងមតិនានា។ លោកស្រី ក៏បានលើកពីបញ្ហា ជនអនាថានៅតាមដងផ្លូវសាធារណៈ និងបញ្ហាប្រជាពលរដ្ឋរស់នៅមិនរៀបរយអាណាធិបតេយ្យ

ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកស្រី វិញថា៖ ក្នុងនាមជាអាជ្ញាធរ យើងតែងតែជួយធ្វើការសម្របសម្រួលរកដំណោះស្រាយជូនពួកគាត់ជានិច្ច។

លោកបន្តរថា៖ « គ្មានខ្មែរឯណាធ្វើបាបខ្មែរខ្លួនឯងនោះទេ ផ្ទុយមកវិញអង្គការសង្គមស៊ីវិលមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គេងចំនេញនយោបាយ និងបង្កើតជារូបភាពអវិជ្ជមានផ្សេងៗ»។

កាលពីព្រឹក ថ្ងៃទី១០ ខែ១០ ឆ្នាំ ២០១៦ កងកម្លាំងសន្តិសុខខណ្ឌដូនពេញបានប្រើអំពើហិង្សាមកលើអ្នកចូលរួមក្នុង ទិវាសិទ្ធិលំនៅដ្ឋាន ក្នុងនេះមានលោក អំ សំអាត និងមនុស្សមួយចំនួនទៀតត្រូវបានកម្លាំងសន្តិសុខវាយ បង្កអោយរងរបួសជាដំណំ ក្រៅពីនោះពួកសន្តិសុខខណ្ឌក៏បានវាយបំផ្លាញសម្ភារៈសម្រាប់រៀបចំកម្មវិធីដូចជាស្គរ មេក្រូជាដើម។