Tuesday, March 5, 2024
Latest:

ឯកឧត្តម ប៉ា សុជាតិវង្ស ៖ «គ្មានខ្មែរឯណាធ្វើបាបខ្មែរខ្លួនឯងនោះទេ»

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។

ក្នុងកិច្ចជំនួបពិភាក្សានោះដែរលោកស្រី រ៉ូណា ស្មីត បានលើកឡើងអំពីសេរីភាពសម្តែងមតិនៅកម្ពុជាមានការរិតត្បិត ហើយស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយក្នុងការសម្តែងមតិនានា។ លោកស្រី ក៏បានលើកពីបញ្ហាជនអនាថានៅតាមដងផ្លូវសាធារណៈ និងបញ្ហាប្រជាពលរដ្ឋរស់នៅមានភាពអាណាធិបតេយ្យនៅឡើយ។

ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកស្រីវិញថា៖ ក្នុងនាមជាអាជ្ញាធរ យើងតែងតែជួយធ្វើការសម្របសម្រួលរកដំណោះស្រាយជូនពួកគាត់ជានិច្ច។

លោកបន្តរថា៖ « គ្មានខ្មែរឯណាធ្វើបាបខ្មែរខ្លួនឯងនោះទេ ផ្ទុយមកវិញអង្គការសង្គមស៊ីវិលមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន គេងចំនេញនយោបាយ និងបង្កើតជារូបភាពអវិជ្ជមានផ្សេងៗ»។

កាលពីព្រឹក ថ្ងៃទី១០ ខែ១០ ឆ្នាំ ២០១៦ កងកម្លាំងសន្តិសុខខណ្ឌដូនពេញបានប្រើអំពើហិង្សាមកលើអ្នកចូលរួមក្នុងទិវាសិទ្ធិលំនៅដ្ឋាន ក្នុងនេះមានលោក អំ សំអាត ប្រធានឃ្លាំមើលសិទ្ធិមនុស្សរបស់លីកាដូ និងមនុស្សមួយចំនួនទៀតត្រូវបានកម្លាំងសន្តិសុខវាយ បង្កអោយរងរបួសជាដំណំ ក្រៅពីនោះពួកសន្តិសុខខណ្ឌក៏បានវាយបំផ្លាញសម្ភារៈសម្រាប់រៀបចំកម្មវិធីដូចជាស្គរ និងមេក្រូជាដើម៕​