(Khmer) ក្រុម​សង្គម​ស៊ីវិល​​ទទូច​ឱ្យ​ដោះ​លែង​​មន្ត្រី​៥​នាក់​​តាម​អនុសាសន៍​​អង្គការ​សហ​ប្រជាជាតិ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អង្គការ​FIDH អង្គការ​OMCT មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​និង​អភិវឌ្ឃន៍​នៅ​កម្ពុជា និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​លីកាដូ បានចេញ​សេចក្តីថ្លែងការណ៍ នៅ​​ថ្ងៃ​​ទី​១៨ ខែ​ធ្នូ ដោយ​សម្ដែង​ការស្វាគមន៍​ចំពោះ​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ការ​ឃុំឃាំង​ដោយ​ឥត​ច្បាប់​(WGAD)​។ ​

ការគាំទ្រ​នេះ ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ WGAD​បាន​លើកឡើង​ថា ការបន្ត​ឃុំខ្លួន​លោក​នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​) និង​លោក​​នី សុខា លោក​យី សុខសាន្ត លោក​ណៃ វ៉ង់​ដា និង​លោកស្រី​លឹម មុនី ជា​មន្ត្រី​បួន​រូប​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​អាដហុក​) គឺ មិន​ត្រឹមត្រូវ​។​

ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ក៏​សំណូមពរ​ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​អនុវត្ត​តាម​សេចក្ដីសម្រេច​នេះ និង​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ជា​បន្ទាន់ ហើយ​សូម​ទម្លាក់ចោល​បទ​ចោទ​ទាំងអស់​លើ​អ្នក​ទាំងនោះ ព្រមទាំង​ផ្ដល់​សំណង​សមរម្យ​ដល់​ពួកគេ​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល បញ្ជាក់ថា​ «ការដកហូត​សិទ្ធិ​សេរីភាព​របស់​អ្នក​ទាំង​៥​នាក់ គឺជា​ការរំលោភ​បំពាន​ទៅលើ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​កម្ពុជា ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​លក្ខខណ្ឌ​នៃ​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន»។​ ​

​គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំង​៥​នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ដែល​មកទល់ពេលនេះ​មាន​រយៈពេល​២៣៤​ថ្ងៃ​ហើយ ចាប់​តាំងពី​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែ​មេសា ឆ្នាំ​២០១៦៕

ប្រភព៖ វាយោ