Wednesday, April 17, 2024
Latest:

តុលាការក្រុងភ្នំពេញបានកោះហៅប្រជាសហគមន៍ឡពាងឱ្យមកបំភ្លឺ រឿងជម្លោះដីធ្លីរ៉ាំរ៉ៃ រវាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) និង សហគមន៍

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ប្រជាសហគមន៍ឡពាងមកពីខេត្តកំពង់ឆ្នាំងប្រមាណជា ៥០នាក់ បានមកសាលាដំបូងរាជធានីភ្នំពេញដើម្បីគាំទ្រសមាជិកសហគមន៍ចំនួន ២៩នាក់តំណាងឱ្យ ២៩គ្រួសារដែលតុលាការក្រុងភ្នំពេញបានកោះហៅឱ្យចូលខ្លួនដើម្បីសាកសួរសុំណុំរឿងមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុនខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម និងសមាជិកសហគមន៍។
ការសាកសួរនេះត្រូវចាប់ផ្តើមពីម៉ោង ១០:៣០នាទីព្រឹក រហូតដល់ម៉ោង ១ រសៀល។ ជាលទ្ធផល សាលាដំបូងរាជធានីភ្នំពេញបានទុកពេលចំនួន ៣សប្តាហ៍ឱ្យសមាជិកសហគមន៍ទាំង ២៩គ្រួសាររកភស្តុតាងបន្ថែមទាក់ទងសុំណុំរឿងសុំមោឃៈភាពកិច្ចសន្យាដែលបានធ្វើឡើងរវាងភាគីទាំងពីរ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤។
ប្រធានសហគមន៍អ្នកស្រី អ៊ុំ សុភី ដែលជាជនរងគ្រោះដីធ្លីមកពីសហគមន៍ឡពាងឲ្យដឹងថា “ប្រជាពលរដ្ឋត្រូវបានគេចោទថា ពួកគាត់យកលុយរបស់ក្រុមហ៊ុន តែភាគច្រើនប្រជាពលរដ្ឋដែលទៅជួបក្នុងការដោះស្រាយគឺអត់ចេះអក្សរទេ ហើយក្នុងការដោះស្រាយនោះគណៈកម្មការអត់មានឱ្យតំណាងពួកគាត់ចូលរួមទេ អញ្ចឹងគឺហៅពួកគាត់ម្នាក់ម្តងៗ ដើម្បីគៀបនៅក្នុងបន្ទប់។ ”

អ្នកស្រីបានបន្តទៀតថា “ពួកខ្ញុំសុំឱ្យក្រុមហ៊ុនទទួលស្គាល់ដីរបស់ពួកខ្ញុំ ព្រោះត្រូវបានក្រុមហ៊ុនឈួសឆាយផ្ទះដីតាំងពីឆ្នាំ២០០៨ មកទល់សព្វថ្ងៃ ហើយក្រុមហ៊ុនអត់មានសងលុយមួយរៀលមកពួកខ្ញុំទេ ហើយក្រុមហ៊ុនពាត់របងទុកដីពួកខ្ញុំចោល អត់ឱ្យពួកខ្ញុំធ្វើស្រែ។ សួរថាតើវាយុត្តិធម៌អត់សំរាប់ពួកខ្ញុំ?”

គួរបញ្ជាក់ផងដែរថា សហគមន៍ឡពាងជាសហគមន៍មួយដែលមានជំលោះដីធ្លីដ៏រ៉ាំរៃជាមួយក្រុមហ៊ុន ខេឌីស៊ី ដែលជាក្រុមហ៊ុនរបស់លោកជំទាវ ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕