Friday, March 29, 2024
Latest:

តុលាការ​កំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់​មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ

បណ្ដឺងសុំនៅក្រៅឃុំរបស់មន្ត្រីសិទ្ធិមនុស្ស (អាដហុក) និងមន្ត្រី គ.ជ.ប ត្រូវបានតុលាការកំពូលបដិសេធ​ចោល​ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ដែល​បាន​ជំនុំ​ជម្រះ​ដោយ​លោក​ចៅក្រម​ គីម​ សូថាវី​ កាល​ពី​សប្ដាហ៍​មុន​។

កាល​ពី​ថ្ងៃ​ទី២​ ខែ ​ឧសភា​ ​មន្ត្រី​សមាគម​អាដហុក ៤​រូប មាន លោក នី សុខា លោក យី សុសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ចំណែក​លោក នី ចរិយា ជាប់​ចោទ​ពី​បទ​សមគំនិត​សូក​ប៉ាន់​សាក្សី ទាក់ទង​នឹង​រឿង​ស្រីមុំ មក​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​សមាគម​អាដហុក ដោយសារ​តែ​នាង​ត្រូវ​គេ​ទម្លាយ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​លោក កឹម សុខា នៅ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ខណៈ​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ជា​រឿង​នយោបាយ និងមាន​​ការ​រិះ​គន់​​ជា​សាធារណៈ​ពី​សំណាក់​មតិ​ជាតិ​ និង​អន្តរជាតិ។​ ប្រសិន​បើ​​អ្នក​ទាំង​នោះ​​ត្រូវ​បាន​ផ្តន្ទាទោស​ នោះ​អ្នក​ទាំងនោះ​​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​ ៥ឆ្នាំ​ ទៅ​​ ១០ឆ្នាំ​។

សាល​ដីកាតុលាកាកំពូល​ បាន​សម្រេច​តម្កល់​ទៅ​តាម​សាល​ដីកា​របស់​សាលា​ឧទ្ធរណ៍​​ ដើម្បី​បដិសេធ​ចោល​នូវ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ប្រាំ​ដែល​បាន​ប្ដឹង​ជំទាស់​ទៅ​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​ដែល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​លើ​អ្នក​ទាំង​នោះ​ចំនួន​៦ខែ​ថែម​ទៀត​ បន្ថែម​លើ​រយៈពេល​កំណត់​នៅ​ក្នុង​ច្បាប់​កម្ពុជា​។ រហូត​មក​ដល់​ពេល​នេះ​ អ្នក​ទាំង​៥​ ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជិត​៨ខែ​មក​ហើយ។

តុលាការ​សំអាង​ថា ការ​មិន​អនុញ្ញាត​មន្ត្រី​សិទ្ធិមនុស្ស ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ឲ្យ​នៅ​ក្រៅ​ឃុំ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​រវាង​សាក្សី និង​ជន​ជាប់​ចោទ ទុក​ពេល​ឲ្យ​ចៅក្រម​សាលាដំបូង​បន្ត​សួរ​សាក្សី និង​រក​ភស្តុតាង​បន្ថែម​ទៀត ហើយ​ដើម្បី​រក្សា​សន្តិសុខ​ក្នុង​សង្គម​កុំ​ឲ្យ​មាន​ភាព​វឹកវរ។