ពិភពលោករបស់យើងកំពុងផ្លាស់ប្តូរយ៉ាងលឿនដែលមិនធ្លាប់មានពីមុនមក។ បច្ចេកវិទ្យា ប្រជាសាស្ត្រ ការផ្លាស់ប្តូរអាកាសធាតុ និងសកលភាវូបនីយកម្មហើយទាំងអស់នេះគឺជានិន្នាការដ៏ធំ និងហាក់ដូចជាកើនឡើងនៅពេលខាងមុខដែលវាអាចបង្កើតឲ្យមាននូវភាពមិនច្បាស់លាស់ហើយនៅក្នុងករណីមួយចំនួនក៏មានការភ័យខ្លាចចំពោះការផ្លាស់ប្តូរទាំងនោះផងដែរ។
ប៉ុន្តែនៅក្នុងតំបន់អាស៊ីបទពិសោធនៃការផ្លាស់ប្តូរក្នុងរយៈពេលជាង ៥០ ឆ្នាំចុងក្រោយនេះជាទូទៅគឺវិជ្ជមាន។ វាបាននាំមកនូវភាពរុងរឿងដោយបានជួយមនុស្សរាប់រយលាននាក់ឲ្យចាកចេញពីភាពក្រីក្រ។
បច្ចុប្បន្ននេះប្រហែលពាក់កណ្តាលនៃកម្មករក្នុងតំបន់ និងគ្រួសាររបស់ពួកគេត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ដែលមានជីវភាពថ្នាក់កណ្តាល (មធ្យម) ឬក៏ជាអ្នកមាន (មានន័យថាមនុស្សម្នាក់មានសមត្ថភាពអាចចំណាយប្រមាណ ៥ ដុល្លារក្នុងមួយថ្ងៃ)។ ជាមួយនឹងការអប់រំកាន់តែប្រសើរ និងមានការវិនិយោគជាច្រើនបន្ថែមទៀតប្រជាពលរដ្ឋកំពុងផ្លាស់ប្តូរពីការអាស្រ័យលើវិស័យកសិកម្មមកអាស្រ័យលើវិស័យឧស្សាហកម្ម និងសេវាកម្មដែលមានតម្លៃខ្ពស់ជាង។ កិច្ចគាំពារសង្គមក៏កំពុងត្រូវបានពង្រីក។ ផលិតភាពការងារបានកើនឡើងប្រហែលពីរដងនៃអត្រាពិភពលោក។
ប៉ុន្តែរលកនៃភាពរុងរឿងនេះមិនបានកើតឡើងដល់មនុស្សគ្រប់គ្នាឲ្យបានស្មើភាពនោះទេ។ ប្រាក់ចំណូល និងវិសមភាពសង្គមនៅតែបន្តកើតមានហើយនៅទីកន្លែងមួយចំនួនបានកើនឡើងយ៉ាងខ្លាំងជាពិសេសក្នុងចំណោមក្រុមមនុស្សដែលបាត់បង់ឱកាស។ ម្នាក់ក្នុងចំណោម ១០ នាក់នៃកម្មករក្នុងតំបន់កំពុងតែរស់នៅក្នុងភាពក្រីក្រខ្លាំង (ប្រាក់ចំណូលតិចជាង ១,៩០ ដុល្លារក្នុងមួយថ្ងៃ)។ មនុស្សជាងមួយពាន់លាននាក់កំពុងស្ថិតនៅក្នុងប្រភេទការងារដែលងាយរងគ្រោះ។ វាគឺជានិន្នាការមួយដ៏គួរឲ្យព្រួយបារម្ភសម្រាប់ប្រភេទការងារជាផ្លូវការប៉ុន្តែត្រូវបានគេធ្វើឲ្យក្លាយទៅជាប្រភេទការងារ «មិនផ្លូវការ» តាមរយៈកិច្ចសន្យាការងារបណ្តោះអាសន្ន ឬការងារក្រៅម៉ោងជាដើម។
ដូច្នេះបញ្ហានេះគឺមិនបានផ្លាស់ប្តូរដោយខ្លួនឯងនោះទេប៉ុន្តែតើអ្វីទៅជាប្រភេទនៃការផ្លាស់ប្តូរ? តើយើងអាចកែខៃនិន្នាការធំៗនៅក្នុងសកលលោកនេះយ៉ាងដូចម្ដេចដើម្បីឱ្យវាផ្តល់នូវអនាគតមួយដែលយើងចង់បាន? ខ្ញុំមើលឃើញចម្លើយមួយយ៉ាងច្បាស់សម្រាប់សំណួរនេះ។ អនាគតដែលយើងចង់បាននោះគឺត្រូវពឹងផ្អែកទៅលើសញ្ញាណនៃការងារសមរម្យ និងយុត្តិធម៌សង្គម។
ដាក់ការងារសមរម្យ និងយុត្តិធម៌សង្គមនៅក្នុងស្នូលនៃគោលនយោបាយគឺគ្រាន់តែជាការទទួលស្គាល់រឿងរ៉ាវជាក់ស្តែងមួយប៉ុណ្ណោះ គ្មាននរណាម្នាក់អាចកសាងអនាគតល្អប្រសើរសម្រាប់ខ្លួនយើងតែឯងបាននោះទេលុះត្រាតែយើងចូលរួមទាំងអស់គ្នា។ ចំពោះភ័ស្តុតាងយើងត្រូវតែមើលទៅលើរឿងហេតុដែលកំពុងកើតមាននាពេលបច្ចុប្បន្នដើម្បីរកឱ្យឃើញនូវករណីទាំងនោះជាកន្លែងដែលការបដិសេធនៃមូលដ្ឋានយុត្តិធម៌សង្គមបានបង្កើតជាការគំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សារៈសំខាន់នៃការងារសមរម្យសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវបានទទួលស្គាល់ជាអន្តរជាតិហើយត្រូវបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពជាពិសេសក្នុងគោលដៅទាំងប្រាំបី។
យើងត្រូវតែអនុវត្តនិន្នាការធំៗទាំងនោះដើម្បីឲ្យវាជួយគាំទ្រដល់របៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងរៀបចំការងារនាពេលអនាគតធ្វើដូច្នេះវានឹងផ្ដល់នូវផលប្រយោជន៍ជាអតិបរមាសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែសំណួរសួរថា តើធ្វើដូចម្តេច?
សម្រាប់កិច្ចពិភាក្សារយៈពេលពីរបីថ្ងៃនាពេលកន្លងទៅនេះខ្ញុំបានចូលរួមជាមួយមន្ត្រីរដ្ឋាភិបាលរាប់រយនាក់អង្គការតំណាងកម្មករ និងនិយោជករួមទាំងការសិក្សាក៏ដូចជាការពិភាក្សាលើករណីទាំងអស់នេះនៅឯកិច្ចប្រជុំលើកទី ១៦ របស់អង្គការ ILO ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចប្រជុំនោះមានប្រតិភូតំណាងឱ្យជាង ៤០ ប្រទេសក្នុងតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក និងរដ្ឋអារ៉ាប់ដែលស្មើនឹងប្រមាណ ៦០ ភាគរយនៃកម្លាំងពលកម្មពិភពលោក។ វេទិកាដ៏ធំនេះត្រូវបានធ្វើឡើងរៀងរាល់បួនឆ្នាំម្តងហើយអ្នកចូលរួមទាំងនោះបានមកប្រជុំគ្នានៅក្នុងប្រព័ន្ធអន្តរជាតិមួយរបស់អង្គការ ILO ទោះបីជានិយោជក និងមេដឹកនាំកម្មករក្តីគឺពួកគេត្រូវអង្គុយពិភាក្សាឲ្យស្មើភាពគ្នាជាមួយនឹងមន្ត្រីរបស់រដ្ឋាភិបាលទាំងអស់នោះ។ វិធីនេះបានផ្តល់ឲ្យការពិភាក្សា និងគោលនយោបាយរបស់យើងកាន់តែមានកម្លាំងខ្លាំងឡើង។
បណ្តាប្រទេសនៅក្នុងក្រុមនេះគឺមានលក្ខណៈសម្បូរបែបណាស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងភូមិសាស្ត្រហើយខ្ញុំជំរុញពួកគេយ៉ាងខ្លាំងក្លាឱ្យផ្តោតលើភាពស្រដៀងគ្នានៃបញ្ហាដែលពួកគេប្រឈម។ ប្រសិនបើពួកគេប្រើកម្លាំងរួមគ្នាដើម្បីប្រើនិន្នាការធំៗទាំងនោះច្បាស់ណាស់ពួកគេអាចបង្កើតកម្មវិធីសកម្មភាពនៃការសម្របសម្រួលមួយនៅក្នុងតំបន់នេះឲ្យកាន់តែមានភាពធំទូលាយជាងមុនហើយនឹងបើកផ្លូវឲ្យតំបន់នេះមានភាពរុងរឿងដែលនឹងផ្តល់នូវការងារមួយសមរម្យ និងយុត្តិធម៌សង្គមសម្រាប់ទាំងអស់គ្នា។
យើងត្រូវការកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពសម្បូរការងារជាជាងគ្រាន់តែមានស្ថិតិដែលធ្វើឱ្យចាប់អារម្មណ៍។ កំណើនបែបនេះអាចមានរយៈពេលយូរអង្វែង និងប្រកបដោយសមភាពទៅបានលុះត្រាតែកសាងវាឡើងនៅលើគ្រឹះនៃស្ថាប័នទីផ្សារការងាររឹងមាំដែលឈរនៅលើគោលការណ៍ និងសិទ្ធិជាអន្តរជាតិដើម្បីទ្រទ្រង់ដល់ការងារឲ្យមានគុណភាព និងល្អប្រសើរជាងមុន។ ខ្ញុំត្រូវតែចង្អុលបង្ហាញថាការផ្តល់សច្ចាប័ននៃអនុសញ្ញាស្នូលទាំងប្រាំបីរបស់អង្គការ ILO គឺមានកម្រិតទាបណាស់នៅក្នុងតំបន់នេះ។
បទដ្ឋានទាំងនេះគ្របដណ្តប់លើសិទ្ធិមនុស្សជាមូលដ្ឋាន បញ្ហាពលកម្មដោយបង្ខំ ពលកម្មកុមារ ការរើសអើង និងសេរីភាពនៃការចូលរួមជាដើមប៉ុន្តែមានតែសមាជិកអង្គការ ILO ចំនួន ១៤ ក្នុងចំណោម ៤៧ ប៉ុណ្ណោះដែលបានចុះហត្ថលេខាបានពេញលេញលើបទដ្ឋានទាំងនោះ។ តំបន់អាស៊ីប៉ាស៊ីហ្វិកនាំមុខគេក្នុងពិភពលោកនៅក្នុងផ្នែកជាច្រើនហេតុអ្វីមិននៅក្នុងស្ដង់ដារកន្លែងការងារដែរ?
ការផ្សព្វផ្សាយពីសមធម៌ និងសមភាពត្រូវតែមាននៅក្នុងបេះដូងនៃប្រព័ន្ធទីផ្សារការងាររបស់យើង។ ឧទាហរណ៍តាមរយៈច្បាប់ដែលមានប្រសិទ្ធភាព ប្រព័ន្ធការពារសង្គម ការកំណត់នៃការប្រើប្រាស់ប្រាក់ឈ្នួលសមស្រប និងការចរចាជាសមូហភាពជាដើម។
យើងត្រូវតែទទួលស្គាល់ថាសិទ្ធិរបស់កម្មករទាំងនោះមិនត្រូវបានបញ្ចប់នៅក្នុងការកម្រិតណាមួយនោះទេ។ ពលកម្មចំណាកស្រុកគឺជាទំនោរមួយដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង។ សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនពឹងផ្អែកយ៉ាងខ្លាំងទៅលើពលកម្មចំណាកស្រុកទាំងប្រទេសធ្វើចំណាកស្រុក និងប្រទេសទទួលជនចំណាកស្រុក។
នៅពេលដែលពលកម្មចំណាកស្រុកត្រូវបានគ្រប់គ្រងត្រឹមត្រូវវាជាការបើកផ្លូវមួយសម្រាប់ជំនាញ និងប្រាក់ឈ្នួលឲ្យមានលំហូរទៅដល់កន្លែងណាដែលពួកគេត្រូវការបំផុត។ វាអាចធ្វើទៅបានហើយយើងត្រូវតែធ្វើព្រោះវានឹងផ្តល់ជោគជ័យដល់ភាគីជាច្រើនដូចជាផ្តល់អត្ថប្រយោជន៍ដល់ជនចំណាកស្រុក និងគ្រួសាររបស់ពួកគេស្រុកកំណើតពួកគេ និងគោលដៅរបស់ពួកគេ។
សំខាន់ជាងនេះទៅទៀតយើងត្រូវការកិច្ចសន្ទនាសង្គមដែលមានប្រសិទ្ធភាព។ ការទាំងអស់នេះនឹងមិនអាចសម្រេចទៅបានដោយគ្មានការពិភាក្សា និងការចរចានោះទេដែលវាត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូចជាអ្នកសេដ្ឋកិច្ច រដ្ឋាភិបាល កម្មករ និងនិយោជកនៅក្នុងគោលនយោបាយ និងការអនុវត្ត និងការគោរពទស្សនៈរបស់ពួកគេឲ្យស្មើភាពគ្នា។
របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផ្តល់ឲ្យយើងនូវឱកាសមួយដើម្បីផ្លាស់ប្តូរអនាគតការងារដែលនឹងធ្វើឲ្យមានសមភាព និងការងារសមរម្យ។ វាគឺជាបញ្ហាប្រឈមដ៏ធំដែលត្រូវមានឆន្ទៈនយោបាយច្បាស់លាស់រួមជាមួយនឹងការគិតពីអនាគតវែងឆ្ងាយ និងការសម្របសម្រួលឲ្យបានហ្មត់ចត់។ ខ្ញុំមានទំនុកចិត្តថាបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់នេះអាចធ្វើបាន៕
ប្រភព៖ postkhmer.com