(Khmer) តើ​អ្នក​ចង់​រស់នៅ​ក្នុង​ពិភពលោក​បែប​ណា?

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ពិភពលោក​របស់​យើង​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ បច្ចេកវិទ្យា ប្រជាសាស្ត្រ ការ​ផ្លាស់ប្តូរ​អាកាសធាតុ និង​សកល​ភាវូបនីយកម្ម​ហើយ​ទាំងអស់​នេះ​គឺជា​និន្នាការ​ដ៏ធំ​ និង​ហាក់​ដូចជា​កើនឡើង​នៅ​ពេល​ខាង​មុខ​ដែល​វា​អាច​បង្កើត​ឲ្យ​មាន​នូវ​ភាព​មិន​ច្បាស់លាស់​ហើយ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ក៏​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​ផង​ដែរ​។

ប៉ុន្តែ​នៅក្នុង​តំបន់​អាស៊ី​បទពិសោធ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​ចុង​ក្រោយ​​នេះ​ជា​ទូទៅ​គឺ​វិជ្ជមាន។ វា​បាន​នាំ​មក​នូវ​ភាព​រុងរឿង​ដោយ​បាន​ជួយ​មនុស្ស​រាប់រយ​លាន​នាក់​ឲ្យ​ចាកចេញ​ពី​ភាព​ក្រីក្រ​។

បច្ចុប្បន្ន​នេះ​ប្រហែល​ពាក់​កណ្តាល​នៃ​កម្មករ​ក្នុង​តំបន់​ និង​គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ចាត់​​ចូល​ក្នុង​ចំណាត់​ថ្នាក់​ដែល​មាន​ជីវភាព​ថ្នាក់​កណ្តាល​ (មធ្យម) ឬ​ក៏​ជា​អ្នកមាន​ (មាន​ន័យ​ថា​មនុស្ស​ម្នាក់​មាន​សមត្ថភាព​អាច​ចំណាយ​ប្រមាណ​ ៥ ​ដុល្លារ​​ក្នុង​មួយ​ថ្ងៃ)។ ជាមួយ​នឹង​ការ​អប់រំ​កាន់​តែ​ប្រសើរ​ និង​មាន​ការ​វិនិយោគ​ជាច្រើន​បន្ថែម​ទៀត​ប្រជាពលរដ្ឋ​កំពុង​ផ្លាស់ប្តូរ​ពី​ការ​អាស្រ័យ​លើ​វិស័យ​កសិកម្ម​មក​អាស្រ័យ​លើ​វិស័យ​ឧស្សាហកម្ម​ និង​សេវាកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​។ កិច្ច​គាំពារ​សង្គម​ក៏​កំពុង​ត្រូវ​បាន​​​ពង្រីក។​ ផលិតភាព​ការងារ​បាន​កើនឡើង​ប្រហែល​ពីរ​ដង​នៃ​អត្រា​ពិភពលោក។

ប៉ុន្តែ​រលក​នៃ​ភាព​រុងរឿង​នេះ​មិន​បាន​កើតឡើង​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​បាន​ស្មើភាព​នោះ​ទេ។ ប្រាក់​ចំណូល​ និង​វិសមភាព​សង្គម​នៅ​តែ​បន្ត​កើត​មាន​ហើយ​នៅ​ទីកន្លែង​មួយ​ចំនួន​បាន​កើនឡើង​យ៉ាង​ខ្លាំង​ជាពិសេស​ក្នុង​ចំណោម​ក្រុម​មនុស្ស​ដែល​បាត់បង់​ឱកាស។ ម្នាក់​ក្នុង​ចំណោម ១០ នាក់​នៃ​កម្មករ​ក្នុង​តំបន់​កំពុង​តែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង (ប្រាក់​ចំណូល​តិច​ជាង ១,៩០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ)។ មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រភេទ​ការងារ​ដែល​ងាយ​រងគ្រោះ។ ​វា​គឺជា​និន្នាការ​​មួយ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ប្រភេទ​ការងារ​ជា​ផ្លូវការ​ប៉ុន្តែ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ប្រភេទ​ការងារ «មិន​ផ្លូវការ» តាមរយៈ​កិច្ចសន្យា​ការងារ​បណ្តោះអាសន្ន​​ ឬ​ការងារ​ក្រៅ​ម៉ោង​ជាដើម​។

ដូច្នេះ​បញ្ហា​នេះ​គឺ​មិន​បាន​ផ្លាស់ប្តូរ​ដោយ​ខ្លួនឯង​នោះ​ទេ​ប៉ុន្តែ​តើ​អ្វី​ទៅ​ជា​ប្រភេទ​នៃ​ការ​ផ្លាស់ប្តូរ? តើ​យើង​អាច​កែខៃ​និន្នាការ​ធំៗ​នៅ​ក្នុង​សកលលោក​នេះ​យ៉ាង​ដូច​ម្ដេច​ដើម្បី​ឱ្យ​វា​ផ្តល់​នូវ​អនាគត​មួយ​ដែល​យើង​ចង់​បាន? ខ្ញុំ​មើល​ឃើញ​ចម្លើយ​មួយ​យ៉ាង​ច្បាស់​សម្រាប់​សំណួរ​នេះ។ អនាគត​ដែល​យើង​ចង់​បាន​នោះ​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សញ្ញាណ​នៃ​ការងារ​សមរម្យ​ និង​យុត្តិធម៌​សង្គម។

ដាក់​ការងារ​សមរម្យ​ និង​យុត្តិធម៌​សង្គម​នៅក្នុង​ស្នូល​នៃ​គោលនយោបាយ​គឺ​គ្រាន់តែ​ជា​ការ​ទទួល​ស្គាល់​រឿងរ៉ាវ​ជាក់ស្តែង​មួយ​ប៉ុណ្ណោះ គ្មាន​នរណា​ម្នាក់​អាច​កសាង​អនាគត​ល្អ​ប្រសើរ​សម្រាប់​ខ្លួន​យើង​តែ​ឯង​បាន​នោះ​ទេ​លុះត្រា​តែ​យើង​ចូលរួម​ទាំង​អស់​គ្នា។ ចំពោះ​ភ័ស្តុតាង​យើង​ត្រូវ​តែ​មើល​ទៅ​លើ​រឿង​ហេតុ​ដែល​កំពុង​កើត​មាន​នាពេល​បច្ចុប្បន្ន​ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ករណី​ទាំងនោះ​ជា​កន្លែង​ដែល​ការ​បដិសេធ​នៃ​មូលដ្ឋាន​យុត្តិធម៌​សង្គម​បាន​បង្កើត​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍ។

សារៈសំខាន់​នៃ​ការងារ​សមរម្យ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ហើយ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ពេញលេញ​នៅ​ក្នុង​របៀបវារៈ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ជាពិសេស​ក្នុង​គោលដៅ​ទាំង​ប្រាំបី។

យើង​ត្រូវ​តែ​អនុវត្ត​និន្នាការ​ធំៗ​ទាំង​នោះ​ដើម្បី​ឲ្យ​វា​ជួយ​គាំទ្រ​ដល់​របៀបវារៈ​សម្រាប់​ការ​អភិវឌ្ឍ​​ប្រកប​ដោយ​ចីរភាព​ និង​រៀបចំ​ការងារ​នាពេល​អនាគត​ធ្វើ​ដូច្នេះ​វា​នឹង​ផ្ដល់​នូវ​ផលប្រយោជន៍​ជា​អតិបរមា​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ធ្វើ​ដូចម្តេច?

សម្រាប់​កិច្ចពិភាក្សា​រយៈពេល​ពីរ​បី​ថ្ងៃ​នាពេល​កន្លង​ទៅ​នេះ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​​មន្ត្រី​រដ្ឋាភិបាល​រាប់រយ​នាក់​អង្គការ​តំណាង​កម្មករ​ និង​និយោជក​រួម​ទាំង​​ការ​សិក្សា​ក៏​ដូចជា​ការ​ពិភាក្សា​លើ​ករណី​ទាំង​អស់​នេះ​នៅឯ​កិច្ចប្រជុំ​លើក​ទី ១៦ របស់​អង្គការ ILO ប្រចាំ​តំបន់​អាស៊ី​ និង​អាស៊ីប៉ាស៊ីហ្វិក​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។

នៅក្នុង​កិច្ចប្រជុំ​នោះ​មាន​ប្រតិភូ​តំណាង​ឱ្យ​ជាង​ ៤០ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​អាស៊ី​ប៉ាស៊ីហ្វិក​ និង​រដ្ឋអារ៉ាប់​ដែល​ស្មើ​នឹង​ប្រមាណ​ ៦០ ​ភាគរយ​នៃ​កម្លាំង​ពលកម្ម​ពិភពលោក។ វេទិកា​ដ៏ធំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រៀងរាល់​បួន​ឆ្នាំ​ម្តង​ហើយ​អ្នក​ចូលរួម​ទាំង​នោះ​បាន​​មក​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​អន្តរជាតិ​មួយ​របស់​អង្គការ ILO ទោះបី​ជា​និយោជក​ និង​មេដឹកនាំ​កម្មករ​ក្តី​គឺ​ពួកគេ​ត្រូវ​អង្គុយ​ពិភាក្សា​ឲ្យ​ស្មើភាព​គ្នា​ជាមួយ​នឹង​មន្ត្រី​របស់​រដ្ឋាភិបាល​ទាំងអស់​នោះ​។ វិធី​នេះ​បាន​​ផ្តល់​ឲ្យ​ការ​ពិភាក្សា​ និង​គោលនយោបាយ​របស់​យើង​កាន់​តែ​មាន​កម្លាំង​ខ្លាំង​ឡើង។

បណ្តា​ប្រទេស​នៅ​ក្នុង​ក្រុម​នេះ​គឺ​មាន​លក្ខណៈ​សម្បូរ​បែប​ណាស់​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម នយោបាយ និង​ភូមិសាស្ត្រ​ហើយ​ខ្ញុំ​ជំរុញ​ពួកគេ​យ៉ាង​ខ្លាំងក្លា​ឱ្យ​ផ្តោត​លើ​ភាព​ស្រដៀង​គ្នា​នៃ​បញ្ហា​ដែល​ពួកគេ​ប្រឈម។ ប្រសិន​បើ​ពួកគេ​ប្រើ​កម្លាំង​រួម​គ្នា​ដើម្បី​ប្រើ​និន្នាការ​ធំៗ​ទាំង​នោះ​ច្បាស់​ណាស់​ពួកគេ​អាច​បង្កើត​កម្មវិធី​សកម្មភាព​នៃ​ការ​សម្រប​សម្រួល​មួយ​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​ធំ​ទូលាយ​ជាង​មុន​ហើយ​នឹង​បើក​ផ្លូវ​ឲ្យ​តំបន់​នេះ​មាន​ភាព​រុងរឿង​ដែល​នឹង​ផ្តល់​នូវ​ការងារ​មួយ​សមរម្យ ​និង​យុត្តិធម៌​សង្គម​សម្រាប់​ទាំងអស់​គ្នា​។

យើង​ត្រូវការ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​ និង​ភាព​សម្បូរ​ការងារ​ជា​ជាង​គ្រាន់​តែ​មាន​ស្ថិតិ​ដែល​ធ្វើ​ឱ្យ​ចាប់​អារម្មណ៍។ កំណើន​បែប​នេះ​អាច​មាន​រយៈពេល​យូរ​អង្វែង​ និង​ប្រកប​ដោយ​សមភាព​ទៅ​បាន​លុះត្រា​តែ​កសាង​វា​ឡើង​នៅ​លើ​គ្រឹះ​នៃ​ស្ថាប័ន​ទីផ្សារ​ការងារ​រឹងមាំ​ដែល​ឈរ​នៅ​លើ​គោលការណ៍ ​និង​សិទ្ធិ​ជា​អន្តរជាតិ​ដើម្បី​ទ្រទ្រង់​ដល់​ការងារ​ឲ្យ​មាន​គុណភាព​ និង​ល្អ​ប្រសើរ​ជាង​មុន។ ខ្ញុំ​ត្រូវ​តែ​ចង្អុល​បង្ហាញ​ថា​ការ​ផ្តល់​សច្ចាប័ន​នៃ​អនុសញ្ញា​ស្នូល​ទាំង​ប្រាំ​បី​​របស់​អង្គការ ILO គឺ​មាន​កម្រិត​ទាប​ណាស់​នៅ​ក្នុង​តំបន់​នេះ។

បទដ្ឋាន​ទាំង​នេះ​គ្របដណ្តប់​លើ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន បញ្ហា​​ពលកម្ម​ដោយ​បង្ខំ ពលកម្ម​កុមារ ការរើសអើង និង​សេរីភាព​នៃ​ការ​ចូលរួម​ជាដើម​ប៉ុន្តែ​មាន​តែ​សមាជិក​អង្គការ ILO ចំនួន ១៤ ក្នុង​ចំណោម​ ៤៧ ​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ហត្ថលេខា​បាន​ពេញលេញ​លើ​បទដ្ឋាន​ទាំងនោះ។ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នាំ​មុខ​គេ​ក្នុង​ពិភពលោក​នៅ​ក្នុង​ផ្នែក​ជាច្រើន​ហេតុ​អ្វី​មិន​នៅ​ក្នុង​ស្ដង់ដារ​កន្លែង​ការងារ​ដែរ?

ការ​ផ្សព្វផ្សាយ​ពី​សមធម៌​ និង​សមភាព​ត្រូវ​តែ​មាន​នៅ​ក្នុង​បេះដូង​នៃ​ប្រព័ន្ធ​ទីផ្សារ​ការងារ​របស់​យើង។ ឧទាហរណ៍​តាមរយៈ​ច្បាប់​ដែល​មាន​ប្រសិទ្ធភាព ប្រព័ន្ធ​ការពារ​សង្គម ការ​កំណត់​នៃ​ការ​ប្រើប្រាស់​ប្រាក់​ឈ្នួល​សមស្រប និង​ការ​ចរចា​ជា​សមូហភាព​ជាដើម។

យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា​សិទ្ធិ​របស់​កម្មករ​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ចប់​នៅក្នុង​ការ​កម្រិត​​​ណា​មួយ​នោះ​ទេ។ ពលកម្ម​ចំណាក​ស្រុក​គឺជា​ទំនោរ​មួយ​ដែល​កំពុង​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង។ សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាច្រើន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ពលកម្ម​ចំណាកស្រុក​ទាំង​ប្រទេស​ធ្វើ​ចំណាកស្រុក​ និង​ប្រទេស​ទទួល​ជនចំណាកស្រុក។

នៅពេល​ដែល​ពលកម្ម​ចំណាក​ស្រុក​ត្រូវ​បាន​គ្រប់គ្រង​ត្រឹមត្រូវ​វា​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​ជំនាញ និង​ប្រាក់​ឈ្នួល​ឲ្យ​មាន​លំហូរ​ទៅ​ដល់​កន្លែង​ណា​ដែល​ពួកគេ​ត្រូវការ​បំផុត។ វា​អាច​ធ្វើ​ទៅ​បាន​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ព្រោះ​វា​នឹង​ផ្តល់​ជោគជ័យ​ដល់​ភាគី​ជាច្រើន​ដូច​ជា​ផ្តល់​អត្ថប្រយោជន៍​ដល់​ជន​ចំណាកស្រុក​ និង​គ្រួសារ​របស់​ពួកគេ​ស្រុក​កំណើត​ពួកគេ និង​គោលដៅ​​របស់​ពួកគេ​។

សំខាន់​ជាង​នេះ​ទៅ​ទៀត​យើង​ត្រូវការ​កិច្ចសន្ទនា​សង្គម​ដែល​មាន​ប្រសិទ្ធភាព។ ការ​ទាំងអស់​នេះ​នឹង​មិន​អាច​សម្រេច​ទៅ​បាន​ដោយ​គ្មាន​ការ​ពិភាក្សា​ និង​ការចរចា​នោះ​ទេ​ដែល​វា​ត្រូវ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដូចជា​អ្នក​សេដ្ឋកិច្ច រដ្ឋាភិបាល កម្មករ និង​និយោជក​នៅ​ក្នុង​គោល​នយោបាយ​ និង​ការ​អនុវត្ត​ និង​ការ​គោរព​ទស្សនៈ​របស់​ពួកគេ​ឲ្យ​ស្មើភាព​គ្នា។

របៀបវារៈ​ឆ្នាំ​ ២០៣០ ​សម្រាប់​​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស​មួយ​ដើម្បី​ផ្លាស់ប្តូរ​អនាគត​ការងារ​ដែល​នឹង​ធ្វើឲ្យ​មាន​សមភាព និង​ការងារ​សមរម្យ។ វា​គឺជា​បញ្ហា​ប្រឈម​ដ៏ធំ​ដែល​ត្រូវ​មាន​ឆន្ទៈ​នយោបាយ​ច្បាស់លាស់​រួម​ជាមួយ​នឹង​ការ​គិត​ពី​អនាគត​​វែង​ឆ្ងាយ ​និង​ការ​សម្រប​សម្រួល​ឲ្យ​បាន​ហ្មត់ចត់។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​នេះ​អាច​ធ្វើ​បាន៕

ប្រភព៖ postkhmer.com