(Khmer) បទវិភាគ៖ អ្នក​នយោបាយ​ខ្មែរ​សម្បូរ​ដោយ​ជំងឺ​ដោះ​សារ…..

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ជំងឺដោះសារជាច្រើនបានដុះស្ថិតជាប់ក្នុងខួរក្បាលរបស់អ្នកនយោបាយខ្មែរ និងរួមទាំងមន្ដ្រីក្រោមឱវាទដែលបានស៊ីបានចុកតិចតួច។

គេប្រហែលអាចនិយាយដោយបង្ហាញហេតុការណ៍ភ្ជាប់ជាភស្តុតាងមួយចំនួនជាអាទិ៍ ភ្នំពេញជារាធានីបេះដូងកម្ពុជា ប៉ុន្តែហ៊ុំព័ទ្ធដោយអំពើចោរកម្ម ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ បាញ់បោះដោយសេរី ការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់(លោក ឈុត វុទ្ធី លោកជា វិជ្ជា ព្រះគុណម្ចាស់សំ ប៊ុនធឿន និងករណីចុងក្រោយលោកបណ្ឌិតកែម ឡី) និងការចាប់មន្ដ្រីសិទ្ធមនុស្សដាក់គុកដោយចោទពីបទសូកប៉ាន់សាក្សី និងក្រោមហេតុផលប្រព្រឹត្តអំពើពុករលួយដែលមានទឹកប្រាក់ជាង១០០ដុល្លារ(១០៤ដុល្លារ)។

ទឹកប្រាក់ជាងមួយរយដុល្លារនេះហើយដែលតុលាការកម្ពុជាដុតដៃដុតជើងទៅតាមច្បាប់ដើម្បីដាក់បន្ទុកមន្ដ្រីសង្គមស៊ីវិលបួនរូបគឺមានវត្តមានលោកណៃ វ៉ង់ដា លោកនី សុខា លោកយី សុខសាន្ត និងអ្នកស្រីលឹម មុនី ហើយដោយទាំងអគ្គលេធិការរងគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតលោកនី ចរិយា ម្នាក់ទៅជាមួយផង។ លោកនី ចរិយានេះ ជាមនុស្សម្នាក់ដែលសម្តេចហ៊ុន សែនហៅថា “អាក្មេងឈ្លើយ” កាលលោកនៅធ្វើការជាមន្ដ្រីសិទ្ធិមនុស្ស។

ការចោទប្រកាន់ និងការរកភស្តុតាងដើម្បីដាក់បន្ទុកអ្នកទាំងប្រាំរូបនេះ ក្លាយជាញញួរយ៉ាងធំហើយធ្ងន់ទុកសម្រាប់វាយក្បាលអ្នកប្រព្រឹត្តអំពើពុករលួយ។ ជាពិសេសមនុស្សដែលតែងតែ ប្រឆាំងនឹងបក្សកាន់អំណាចនាពេលបច្ចុប្បន្ន។ ប៉ុន្តែញញួរនេះ គេអនុវត្តន៍ជាកន្លែងកន្លែង ដោយមិនចំពោះអ្នកប្រព្រឹត្តអំពើពុករលួយទាំងអស់នោះទេ។ ហេតុផលជាក់ស្តែង តាមរបាយការណ៍អង្គការតម្លាភាពកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ២០១៥កម្ពុជាជាប្រទេសប្រព្រឹត្តអំពើពុករលួយខ្លាំងដោយឈរលើលេខរៀងទី១៥០ ក្នុងចំណោមប្រទេស១៦៤។ បើធៀបនឹងឆ្នាំមុន(២០១៤)ប្រទេសកម្ពុជាបានចំណាត់ថ្នាក់១៥៦ ក្នុងចំណោមប្រទេស១៧៥ក្នុងពិភពលោកម៉្លោះហើយអ្នកផ្សំគំនិតប្រព្រឹត្តអំពើពុករលួយនោះ ប្រហែលអាចជាមន្ដ្រីដែលមានអំណាចធំៗ និងមានលុយពេញធនាគារផងក៏មិនដឹង។

ប្រជាពលរដ្ឋខ្មែរជាច្រើនលើកឡើងថា “លុយមួយរយដុល្លារ” អាចទិញមន្ដ្រីសង្គមស៊ីវិល៤រូប និងមន្ដ្រីគ.ជ.បម្នាក់ឲ្យជាប់គុក និងកំពុងអូសអនុប្រធានគណបក្សប្រឆាំង(CNRP)ឲ្យ ”ផឺតពោះ គេងមិនលក់ បក់មិនរហើយ”។ ពលរដ្ឋបន្តថាយ លុយជាង១០០ដុល្លារនេះហើយដែលជាប្រភពនៃការឈ្លោះគ្នារវាងមេដឹកនាំបក្សកាន់អំណាច និងបក្សមានសំលេងតិចក្នុងរដ្ឋសភា។ ការឈ្លោះគ្នានេះ បានសង្កត់សង្កិនអ្នកតូចតូចក្បែរខ្លួនភិនភ័យខ្លះដែរ ព្រោះស្មានថាគេធ្វើមែនទែន តាមពិតគេធ្វើលេងលេងសោះ ប៉ុន្តែជ្រៅទៅជ្រៅទៅមែនទែន។

រឿងលេងអូសក្រឡាឱ្យក្លាយជារឿងជ្រៅនោះ គឺដោយសាររឿងនេះបានភ្ជាប់ជាមួយករណីស្លាប់របស់លោកបណ្ឌិតកែម ឡី។ លោកបណ្ឌិលតកែម ឡីដែលទទួលមរណៈភាពដោយការបាញ់ប្រហារក្រៅប្រព័ន្ធច្បាប់នៅចំកណ្តាលទីក្រុងភ្នំពេញ។ គេសន្និដ្ឋានថាជ្រៅ ព្រោះមានតុលាការចូលរួមលេងល្បែងខ្លាស៊ីគោនេះដែរ។ ការទាញតុលាការឱ្យដើរតួជាខ្លាហើយចាំស៊ីគោនេះ គឺរឹតតែធ្វើឱ្យពលរដ្ឋស្ទើរពេញស្រុកសើចនិងអង្គុយមើលរបៀបខ្លាចាប់គោស៊ី។ តាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាបានសង្កត់ធ្ងន់ថា ក្នុងចំណោមការប្រព្រឹត្តអំពើពុករលួយដែលកើតមានឡើងនៅស្ទើរតែគ្រប់ស្ថាប័នរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជានោះ ប្រព័ន្ធតុលាការមានអំពើពុករលួយខ្លាំងជាងគេហើយកម្ពុជានៅតែជាប្រទេសដែលគេយល់ឃើញថា មានកម្រិតអំពើពុករលួយខ្ពស់ហើយទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

នៅពេលមានរបាយការណ៍មួយជាក់លាក់បែបនេះ គេប្រហែលត្រូវគិតឡើងវិញថា តើនរណាជាអ្នកប្រព្រឹត្តអំពើពុករលួយពិតប្រាកដ? ចម្លើយនៃសំនួរនេះ ទុកឱ្យពលរដ្ឋសាកល្បងឆ្លើយ ដោយខ្លួនឯង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេនៅតែអាចទាញសក្ខីកម្មនៃអង្គហេតុដែលបានកើតកន្លងមកជាឧទាហរណ៍ងាយយល់ត្រួសត្រួសដូចតទៅ៖

ទី១. បក្សកាន់អំណាចបានគំរាមម្តងហើយម្តងទៀតចំពោះឯកឧត្តមកឹម សុខាហើយទាមទារឱ្យចូលខ្លួនទៅបំភ្លឺនៅតុលាការជុំវិញការចោទប្រកាន់ថា លោកកឹម សុខា “មានអីៗជាមួយស្រីមុំហៅច័ន្ទតារាទី” អតីតជាស្ដ្រីម៉ាហ្សាម្នាក់។ គេល្បីតគ្នាថា អាមុំនោះឥឡូវមិនមែនក្រទៀតរ៉េ នាងមានឡានទំនើបជិះ ផ្ទះធំជាងមុន នៅស្របពេលដែលដំបូងឡើយស្រីមុំ ខ្វះមុខខ្វះក្រោយរកតែលុយដាក់ពាក្យប្ដឹងតបនឹងការចោទប្រកាន់សឹងមិនមានផង។

ទី២. រឿងនេះបានបណ្តាលឲ្យមេដឹកនាំខ្មែរស្ទើរមួយប្រទេសបានជាលេសជេរគ្នា គំរាមគ្នា ប្តឹងគ្នាទៅវិញទៅមកឥតឈប់ដើម្បីទម្លាក់កំហុសឱ្យភាគីម្ខាងទៀតក្នុងន័យទម្លាក់ប្រជាប្រិយភាព និងជាប់ឈ្មោះជាអ្នកនយោបាយព្រានារី។

ទី៣. ការដែលបក្សកាន់អំណាចមានលេសបញ្ចេញកងទ័ពធ្វើសមយុទ្ធកណ្តាលទីក្រុងក៏ប្រហែលដោយសាររឿងនេះផងក៏មិនដឹង និងប្រហែលជាដំណើរចុងក្រោយសម្រាប់ខ្លាដែលចង់មិនចង់ត្រូវតែស៊ីគោ។ ទោះបីគេដឹងថាខ្លានេះ ស៊ីបានត្រឹមតែជើងគោក៏ដោយ។ ខ្លានេះមិនហ៊ានខាំក្បាលគោព្រោះដឹងថាមានកូនគោ និងតោជាច្រើនចំាព័ទ្ធខាំខ្លាវិញ។

ទី៤. បើគេប្រៀបធៀបនឹងកក្រឡារែកវិញ បក្សកាន់អំណាចបានរែកស៊ីស្តេចបាត់ហើយ ប៉ុន្តែហេតុអ្វីនៅតែមិនទាន់ឈ្នះទៀត?។ គេប្រហែលអាចសន្និដ្ឋានបានថា ប្រហែលជាក្រឡារែកនេះលែងពឹងលើស្តេចទៀតហើយ ប៉ុន្តែលើទឹកចិត្តនៃគ្រាប់រែកទាំងអស់ត្រូវប្រមូលផ្តុំគ្នា និងរៀបក្រឡាដើរដោយសាមគ្គីជាក្រុមដើម្បីឆ្មក់យកឱកាសរែកស៊ីស្តេចមកវិញឱ្យខានតែបាន។ បើពុំធ្វើនេះទេ រាស្ដ្រដែលសន្មតថាជាគ្រាប់រែកអាចនឹងត្រូវឈឺចាប់ម្តងហើយម្តងទៀតជាក់ជាមិនខានដោយអ្នកនយោបាយមានជំងឺដោះសារ និងជំងឺញៀនអំណាចមិនទាន់រកថ្នាំព្យាបាលបាន។

ទី៥. ក្រោយពេលលោកបណ្ឌិតកែម ឡីត្រូវឃាតករបាញ់សម្លាប់ ពលរដ្ឋខ្មែរម្នាក់ម្នាក់ភ្ញាក់សតិដូចត្រូវគ្រាប់កាំភ្លើងអ៊ីចឹង។ គេប្រហែលអាចនិយាយបានថា មួយគ្រាប់ត្រូវក្បាលកែម ឡី ប៉ុន្តែផ្លាតត្រូវពលរដ្ឋខ្មែរទូទាំងប្រទេស។ ប្រជាពលរដ្ឋជាច្រើនកំពុងដេកចាំយុត្តិធម៌ឱ្យលោក បណ្ឌិតកែម ឡី និងក្រុមគ្រួសារ ប៉ុន្តែអ្នកនយោបាយខ្មែរកំពុងបង្កើតបញ្ហាជាច្រើនដើម្បីបន្លំបញ្ហា(ពិសបង្ក្រាបពិស)។

បើគេក្រឡេកភ្នែកទៅតាមបណ្តាលខេត្តផ្សេងៗវិញ គឺស្ថានភាពនៃការដឹកនាំដូចកុកហើរលើមេឃ ក្អែកបូលរកគូ។ នេះមានសេចក្តីថា អភិបាលខេត្តនិមួយៗប្រឹងប្រែងសម្រិតសម្រាំងណាស់នៅពេលថ្នាក់លើទាមទារបាយការណ៍ដើម្បីត្រួតពិនិត្យ ជាពិសេសនៅពេលថ្នាក់ដឹកនាំចុះទៅពិនិត្យការងារផ្ទាល់នៅហ្នឹងកន្លែង។ មន្ត្រីតាមខេត្តម្នាក់ម្នាក់ស្ទុះស្ទាធ្វើនេះធ្វើនោះដើម្បីបង្ហាញថា ការងាររបស់ពួកគេគឺល្អគ្មានគូប្រដូច។ ប៉ុន្តែបើគេធ្វើការសិក្សាជ្រាវឲ្យបានស៊ីជម្រៅបែបវិទ្យាសាស្ដ្រ គឺមិនខុសពីក្អែកពាក់ស្លាបកុកហើយស្រែកថា “ខ្លួនជាហង្សស្អាតណាស់ ល្អណាស់ និងមានរបៀបណាស់”។ មានសេចក្តីថា ពលរដ្ឋជាច្រើននៅតាមជនបទទើបប្រទះនឹងបញ្ហាអយុត្តិធម៌ជាច្រើន ដូចជាការរំលោភយកដីនិងកសិកម្មជាដើម ប៉ុន្តែរដ្ឋាភិបាលហាក់មិនមានយន្តការណាមួយច្បាស់លាស់ក្នុងដោះស្រាយនោះទេ។ គេអាចនិយាយបែបនេះដោយផ្អែកតាមលទ្ធផលការងាររបស់មន្ត្រី។ ជាក់ស្តែងផលិតផលកសិកម្មឆ្នាំនេះពលរដ្ឋស្រែកឱ្យរដ្ឋាភិបាលជួយដោះស្រាយប៉ុន្តែមន្ដ្រីរបស់រដ្ឋបែរជាឆ្លើយតបថា “សុំទោស”ទៅវិញ។

ទោះបីជាលទ្ធផលការងារមិនសូវល្អក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាលនៅតែប្រកាសអួតក្តែងក្តែង ពីសន្តិភាព ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សប្រាប់រាស្ដ្រ និងបរទេស។ ជំងឺអួត និងជំងឺគ្មានការទទួលខុសត្រូវក្នុងនាមជាតំណាងពលរដ្ឋ ជំងឺអាត្មានិយម ជំងឺឆ្កួតនឹងស្រី និងជំងឺឆ្កួតនឹងអំណាចទាំងនេះ គឺដោយសារមានថ្នាំដោះសារសម្រាប់លេបប៉ូវគំនិតមានតែ”អញ”។ តាមទ្រឹស្តីរបស់ព្រះពុទ្ធ គឺរាងកាយមិនមែនជារបស់ខ្លួននោះទេ ហើយមានសភាវជាទុក្ខ និងមិនទៀងទាត់។ រីឯនៅក្នុងបរាភវសូត្រឯណោះវិញ បានពន្លេចទស្សនៈមួយថា “បុគ្គលទាំងឡាយណាដែលគិតថា នៅលើលោកនេះមានតែអញនោះសេចក្តីវិនាសនឹងរមែងមកដល់ឆាប់”។

ជាសរុបរួមមកវិញ អ្នកនយោបាយខ្មែរមិនគួរយកពាក្យដោះសារធ្វើជាលេសគេចមិនទទួលខុសត្រូវចំពោះវាសនាប្រជាពលរដ្ឋ កុមារាកុមារី និងដែនដីមាតុភូមិនោះឡើយ។ ការប្រកាន់យកគំនិតដោះសារជាមូលដ្ឋានក្នុងដឹកនាំប្រទេស វាអាចជាហេតុបណ្តាលឲ្យពលរដ្ឋក្រីក្រកាន់តែក្រីក្រ សុខភាពមិនល្អឈឺហើយការអត់ឃ្លានទុរ្ភិក្សនឹងកើតមានច្រើន។ពលរដ្ឋទាំងនោះអាចនឹងក្លាយជាឈ្លើងសង្គម ហើយកូនកូនរបស់ពួកគេអាចនឹងក្លាយជាចោរសង្គមហើយផ្តុំជាចៃសង្គម ដែលទីបំផុតធ្វើឱ្យសង្គមកម្ពុជាមានភាពល្អកកករ រស់មិនសុខស្រណុកមិនកើត និងពិបាកស្វែងរកដំណោះស្រាយ៕

ប្រភព៖ tosread.com