Friday, March 29, 2024
Latest:

បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស យុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅនៅតែបន្ត

ប្រជាសហគមន៍បឹងកក់ បានបន្តប្រារព្ធយុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅសប្តាហ៍ទី ៣៦ ដើម្បីទាមទារសុំអោយមានការដោះលែង និងរកយុត្តិធម៌ ដល់អ្នកស្រី ទេព វន្នី មន្រ្តីសង្គមសុីវិលទាំង៤រូប មន្រ្តី គជប ១រូប អ្នកទោសនយោបាយផ្សេងទៀត ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ ជូនលោកបណ្ឌិត កែម ឡី នៅព្រឹកថ្ងៃទី០៩ ខែមករានេះ។

ការបន្តរធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៏ខ្មៅនេះ ព្រោះប្រជាសហគមន៍មិនឃើញមានការដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្សនិងមន្ត្រី គ.ជ.ប តាមការសន្យារបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៦កន្លងទៅ។

អ្នកស្រី បូវ សោភាបាននិយាយថា៖ «ថ្ងៃនេះគឺយើងចាប់ផ្ដើមធ្វើយុទ្ធនាការឡើងវិញ ដោយភ្ជាប់ទៅនឹងការសន្យា របស់លោកឧបនាយក ស ខេង ដែលគាត់បានសន្យាថា នៅក្នុង ចុងឆ្នាំ២០១៦ និងមានយុត្តិធម៌ សេរីភាព​ សំារាប់សង្គមស៊ីវិល តែដោយឡែកកិច្ចសន្យារបស់លោកមិនទាន់បានធ្វើទេ តែពួកយើងមិនអស់សង្ឃឹមទេ ពួកយើងនឹងរកកិច្ចអន្តរាគមន៍ ពីលោកឧបនាយក ស ខេង បន្តទៀត»។

តំណាងសហគមន៍បានអះអាងថា៖ ពួកគេនឹងទៅដាក់ញត្តិទាមទារទៅរដ្ឋសភានិងក្រសួងមហាផ្ទៃនៅសប្តាហ៍នេះ។

អ្នកស្រី បូវ សោភា បន្តរថា៖ «ហើយស្អែកនេះដែរ សហគមន៍បឹងកក់ នឹងធ្វើញត្តិ ដើម្បីដាក់ទៅ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏ដូចជារដ្ឋសភា ពញ្ញាចក្រី ហេង សំរិន ដើម្បីផ្ដល់នូវយុត្តិធម៌សំរាប់អ្នកស្រី ទេព វន្នី»។​​

កញ្ញា សុង ស្រីលាភ សកម្មជនបឹងកក់ប្រាប់អ្នកសារព័ត៌មានថា ​បើរដ្ឋាភិបាលមិនដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ទេ ពួកគាត់នៅតែធ្វើយុទ្ធនាការនេះបន្តទៀត ហើយថាអាចធ្វើជាទ្រង់ទ្រាយធំទៀតផង។

លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​នៅ​ស្ថានីយ​ចាក់​សាំង​កាល់តិច (Caltex) ស្តុប​បូកគោ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប គឺ​មាន​លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​ផ្សំ​គំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​រឿង​ក្ដី​ស្នេហា លោក កឹម សុខា នឹង ស្រី មុំ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ២០១៦។