Friday, April 19, 2024
Latest:

ប្រជាសហគមន៍រងគ្រោះដីធ្លីរកអន្តររាគមន៍ឲ្យដោះលែងសកម្មជនដីធ្លី នឹង និងមន្ត្រីសិទ្ធិមនុស្ស

ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ ប្រមាណ ៥០ នាក់ បានជួបជុំគ្នាទៅមុខក្រសួងមហាផ្ទៃ ដើម្បីដាក់ញត្តិសុំអន្តររាគមន៍ពី លោក ស ខេង​ នឹង ពញ្ញាចក្រី ហេង សំរិន ឲ្យមានការដោះលែងសកម្មជនដីធ្លី មន្ត្រីសិទ្ធិមនុស្ស នឹងមន្ត្រី គ ជ ប ដែលជាប់ឃុំ នៅព្រឹកថ្ងៃទី១០ ខែមករានេះ ។

ការដាក់ញត្តិនេះធ្វើឡើងដោយផ្អែកតាមការសន្យារបស់លោក ស ខេង ដែលបានប្រាប់អ្នកសារព័ត៌មានកាលពីរដើមខែធ្នូ ថាមន្ត្រីសង្គមស៊ីវិល និងគ.ជ.ប នឹងអាចដោះលែងនៅចុងឆ្នាំ២០១៦ តែរហូតមកដល់ពេលនេះហាក់បាត់ដំណឹង។

លោក អំ សំអាត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ឃើញថាការដោះលែងអ្នកដែលជាប់ពាកព័ន្ធរឿងនយោបាយ អាស្រ័យទៅលើការចរចារផ្នែកនយោបាយរវាងគណបក្សនយោបាយដែលជាប់ឆ្នោតទាំងពីរ។

លោកបានថ្លែងថា៖ « ដូចកាលខែ១២ អញ្ចឹង នៅពេលដែលគណបក្សនយោបាយទាំងពីនឹងមានការចរចារគ្នា យើងឃើញស្រាប់តែមានភ្លើងខៀវថា សកម្មជនសិទ្ធិមនុស្សទាំងប្រាំនាក់ និងអ្នកស្រី ទេព វន្នី អាចនឹងមានការដោះលែងនៅចុងឆ្នាំ២០១៦ ប៉ុន្តែដោយសារតែកាលះទេសះមួយ ស្ថានភាពនយោបាយមានការជាប់គាំង ហើយមិនទាន់មានការស្រុះស្រួលគ្នា ពន្លឺនៃការដោះលែងនេះត្រូវបាត់ទៅវិញ ហើយអញ្ចឹងយើងសង្ឈឹមនៅថ្ងៃទី១១ នៅពេលដែលគណបក្សទាំងពីរ មានការជួបចរចារគ្នា គេនឹងអាចជជែកពីបញ្ហានេះឡើងវិញ»។

បន្ទាប់ពីដាក់នៅក្រសួងមហាផ្ទៃរួចប្រជាសហគមន៍បានបន្តរដំណើរដោយថ្មើរជើងយកញត្តិទៅដាក់នៅរដ្ឋសភាផងដែរ។

កញ្ញា សុង ស្រីលាភ ប្រាប់អ្នកសារព័ត៌មានថា៖ ក្រសួងមហាផ្ទៃ នឹងរដ្ឋសភាបានទទួល នឹងធ្វើលិខិតមួយទៅក្រសួងយុត្ដិធម៌ដើម្បីរកកិច្ចអន្ដរាគមន៍ពីបញ្ហាខាងលើ។