Thursday, April 18, 2024
Latest:

ពលរដ្ឋរងគ្រោះដីធ្លីតំបន់បឹងកក់ដាក់លិខិតអន្តរាគមន៍រកដំណោះស្រាយជូនសាលាក្រុង

នៅព្រឹកថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧ នេះ ប្រជាពលរដ្ឋរងគ្រោះដីធ្លីតំបន់បឹងកក់ ចំនួន ៧គ្រួសារ ជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់លិខិតអន្តរាគមន៍របស់ក្រសួងមហាផ្ទៃ ជំរុញឲ្យលោកអភិបាល ប៉ា សុជាតិវង្ស ពិនិត្យ​ នឹងដោះស្រាយបញ្ចប់ជម្លោះដីធ្លីឲ្យពួកគេ។

ក្រសួងមហាផ្ទៃបានចេញលិខិតអន្តរាគមន៍មួយកាលពីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៧ ក្រោយពីប្រជាពលរដ្ឋរងគ្រោះដីធ្លីបានដាក់ញ្ញត្តិរកអន្តរាគមន៍ពីលោក ស ខេង ឲ្យបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ដែលសេសសល់។

តំណាងប្រជាពលរដ្ឋឲ្យដឹងថា៖ ខាងតំណាងសាលារាជធានីភ្នំពេញបានទទួលលិខិតអន្តរាគមន៍របស់ពួកគេ ហើយថានឹងបញ្ជូនទៅថ្នាក់លើពិនិត្យរកដំណោះស្រាយ ហើយថានឹងផ្ដល់ដំណឹងមកពួកគេតាមក្រោយ។

ប្រជាពលរដ្ឋរងគ្រោះទាំង ៧ គ្រួសារ ទាមទារឲ្យក្រុមហ៊ុនផ្ដល់ដីឲ្យពួកគេវិញចំនួន ៥៣ ភាគរយនៃផ្ទៃដីសរុបរបស់ពួកគេ។​ ពួកគេលើកឡើងថា​ សំណងដែលអជ្ញាធរផ្ដល់ឲ្យកន្លងមកតិចតួចណាស់ គឺមិនដល់១០ ភាគរយនៃផ្ទៃដីរបស់ពួកគេផង។​

តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា​ ពួកគេរស់នៅភូមិ១ ក្នុងតំបន់បឹងកក់ យូរមកហើយ មិនមែនជាជនអនាថា​ គ្មានផ្ទះសម្បែង ឬមកចាប់ដីបឹងដើម្បីរស់នៅទេ។

ពលរដ្ឋទាំងនោះលើកឡើងថា បើសាលារាជធានីមិនព្រមដោះស្រាយឲ្យពួកគេទេ ពួកគេនឹងនៅតែបន្តទាមទារ​រហូតមានដំណោះស្រាយដល់ពួកគេ។

កាលពីឆ្នាំ២០១០ ក្រុមហ៊ុន ស៊ូកាគូអ៊ី បានបូមខ្សាច់លុបបឹងកក់ក្រោយពីទទួលបានគម្រោងអភិវឌ្ឍន៍ពីរាជរដ្ឋាភិបាល៕