Tuesday, March 19, 2024
Latest:

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ភ្នំពេញៈ ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី​ដែល​ពួកគាត់​​ថា​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​កញ្ញា​សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​​ឲ្យ​អ្នក​មាន​ជម្លោះ​ទាំងអស់​មក​ទទួល​ប័ណ្ណ​ប្រគល់​ដី​ ១០ ​ភាគរយ​នៃ​ផ្ទៃ​ដី​កាន់កាប់​ និង​ថា​ទុក​រយៈពេល​ពីរ​ខែ​​គិត​ពី​ថ្ងៃ​ជូន​ដំណឹង​បើ​ពុំ​ដូច្នោះ​ទេ​សាលា​រាជធានី​នឹង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់​ប្រយោជន៍​ឡើយ។​ មួយ​វិញ​ទៀត​កាលពី​ថ្ងៃ​ទី​ ២១​ ខែ​មីនា​ឆ្នាំ​នេះ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ដកហូត​ដី​ជាង​ ២៨៧ ​ហិកតា​ដាក់​ជា​សម្បត្តិ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ជួល​បន្ត​ឲ្យ​ក្រុមហ៊ុន OCIC។

លោក ជា សុផាត តំណាង​ពលរដ្ឋ​ ៦៦ ​គ្រួសារ​ក្នុង​ភូមិ​ដើមគ​ សង្កាត់​ជ្រោយចង្វារ​ថ្លែង​ក្នុង​សន្និសីទ​ពេល​តវ៉ា​នោះ​ថា​ពួក​លោក​មិន​អាច​ទទួល​យក​ការ​សម្រេច​នេះ​បាន​ទេ​ និង​ទាមទារ​ឲ្យ​វៀល​ដី​ភូមិ​ចាស់​ចេញ​ពី​គម្រោង​នេះ និង​ស្នើ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​។ ក្រៅពី​នោះ​លោក​ក៏​ទាមទារ​ឲ្យ​ជជែក​គ្នា​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​បង្ហាញ​អ្វី​ដែល​ពួកគាត់​ចង់​បាន​និង​អ្វី​ដែល​សាលា​រាជធានី​អាច​ផ្តល់​ឲ្យ​។
លោក​ថា៖ «យើង​មិន​អាច​ទទួល​យក​បាន​ទេ​យក​ដី​ពួកខ្ញុំ​ហើយ​គេ​ព្រមាន​ទៀត​បើ​មិន​យក​ទេ​គេ​មិន​ទទួល​ខុស​ត្រូវ​អ៊ីចឹង​ទេ​ធ្វើ​ម៉ែ​ឪ​គេ​ធ្វើ​អី…​បើ​ពួកខ្ញុំ​មក​កាន់កាប់​ដី​នេះ​ដោយ​ខុស​ច្បាប់​សុខចិត្ត​ដើរ​ចូល​គុក…​ឲ្យ​ពួក​ខ្ញុំ​ ១០ ​ភាគរយ​ហើយ​ទុក​ពេល​ឲ្យ​តែ​ ២ ខែ​យើង​ជា​ប្រជាជន​ឈឺចាប់​ប៉ុន​ណា? បើ​ដី​របស់​យើង​ហើយ​សាលាក្រុង​ជា​ម៉ែ​ជា​ឪ​មិន​បាន​គិតគូរ​ផង​ហ្នឹង​គិត​តែ​ប្រយោជន៍​ខ្លួនឯង…​ជា​ការ​ឈឺចាប់​មួយ​ដែល​មិន​អាច​​ទទួល​ទទួល​យក​បាន​ទេ»។

អ្នកស្រី អ៊ុន មុំ ហៅ​ ប៊ុន មុំ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ដែរ​នោះ​បាន​ថ្លែង​ថា​អ្នកស្រី​ឈឺ​ចាប់​ក្រោយ​ពី​ដី​​អ្នកស្រី​ត្រូវ​គេ​​ដកហូត​ និង​ប្រគល់​ឲ្យ​ក្រុមហ៊ុន។ អ្នកស្រី​ថា​អ្នកស្រី​មាន​ដី​តែ​មួយ​កន្លែង​នេះ​ប៉ុណ្ណោះ​ និង​បាន​ចាត់ទុក​ថា​ការ​ឈូសឆាយ​ និង​ដកហូត​ដី​​អ្នកស្រី​ដោយ​គ្មាន​សំណង​បែប​នេះ​ជា​អំពើ​ខុស​ច្បាប់។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​សូម​ប្រាប់​សាលាក្រុង​ភ្នំពេញ​ថា​ខ្ញុំ​ក៏​ជា​មន្ត្រីរាជការ​លោក​ក៏​ជា​មន្ត្រី​រាជការ​យើង​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ​ហេតុ​អ្វី​បាន​ជា​មិន​យល់​គ្នា​ខ្ញុំ​ក៏​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​ខ្ញុំ​ក៏​ចុះ​យុទ្ធនាការ​ដូច​អស់​លោក​ដែរ​ហើយ​អស់​លោក​ស្ថិត​ក្រោម​ការ​ដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន តែ​មួយ…ខ្ញុំ​ជា​សាខា​គណបក្ស​ប្រជាជន​តែ​មួយ…​ខ្ញុំ​ធ្វើការ​បម្រើ​បក្ស​ដូច​ឯកឧត្តម​ដែរ…​ខ្ញុំ​ឈឺចាប់​ណាស់​ឯកឧត្តម​សូម​ឯកឧត្តម​ពិចារណា​ឡើង​វិញ»។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា បាន​ថ្លែង​ថា​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​​ពលរដ្ឋ​ក្នុង​តំបន់​ជម្លោះ​នោះ​មក​ទទួល​ប័ណ្ណ​ក្បាល​ដី​បន្ថែម​ទេ។ លោក​ថា​សាលា​រាជធានី​នៅ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​​ពលរដ្ឋ​មក​ទទួល​យក​ប័ណ្ណ​ក្បាល​ដី​ទាំង​នេះ​ដើម្បី​រក្សា​ផលប្រយោជន៍​ពួកគាត់​។

លោក​បន្ថែម​ថា៖ «គាត់​ក៏​ដឹង​ដែរ​ថា​ដី​ដែល​គាត់​ទិញ​នៅ​តំបន់​ហ្នឹង​មិន​ត្រូវ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​តាំងពី​ដំបូង​ម្ល៉េះ…បើ​គាត់​មិន​ទទួល​ជា​រឿង​គាត់​ប៉ុន្តែ​និយាយ​រឿង​សិទ្ធិ​រឿង​ផលប្រយោជន៍​ផ្លូវ​​ច្បាប់​បាន​និយាយ​រួច​ហើយ»។

មន្ត្រី​ច្បាប់​របស់​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែល​អ្នក​តាមដាន​ជម្លោះ​នេះ​លោក ណន អូនី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​កន្លែង​សន្និសីទ​កាសែត​នោះ​ថា​អាជ្ញាធរ​គួរ​តែ​រក​ដំណោះស្រាយ​សមរម្យ​ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន។
លោក​ថា​ ពលរដ្ឋ​មាន​ប័ណ្ណ​កាន់កាប់​ដី​ និង​មាន​លិខិត​​បង់ពន្ធ​ដី​ជូន​រដ្ឋ​ត្រឹមត្រូវ​ដូច្នេះ​លោក​ថា​វា​បង្ហាញ​ពី​ការ​ទទួល​ស្គាល់​របស់​អាជ្ញាធរ​​ចំពោះ​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​កាន់កាប់​ដី​ទាំង​នេះ។

លោក​បន្ថែម​ថា៖ «បើ​នៅ​តែ​បណ្តោយ​ឲ្យ​ធ្វើ​ដូច្នេះ​ទៀត​វា​បង្ហាញ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មិន​បាន​យក​ច្បាប់​មក​អនុវត្ត​ទេ​ហើយ​បាន​ធ្វើ​ឲ្យ​​ពលរដ្ឋ​រងទុក្ខ​វេទនា​តែ​វា​ជា​បន្ទុក​ភាព​ក្រីក្រ​ព្រោះ​ពួកគាត់​មិន​អាច​ប្រកបរបរ​អ្វី​បាន​រវល់​តែ​តវ៉ា​ហ្នឹង»។

តាម​មាត្រា​ ៥ នៃ​ច្បាប់​ភូមិបាល​ចែង​ថា៖ «​គ្មាន​បុគ្គល​ណា​មួយ​ដែល​ត្រូវ​បាន​ដកហូត​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ​ប្រសិន​បើ​ការ​ដកហូត​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​សាធារណៈ។ ការ​ដកហូត​នេះ​ត្រូវ​ធ្វើ​តាម​ទម្រង់​ និង​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទបញ្ជា​បន្ទាប់ពី​បាន​ផ្តល់​សំណង​ជា​មុន​ដោយ​សមរម្យ និង​យុត្តិធម៌»៕