Wednesday, April 17, 2024
Latest:

ព្រឹត្តិការណ៍​សំខាន់ៗ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ ២០១៦

វា​ហាក់​ដូចជា​មិន​ឃ្លាត​ឆ្ងាយ​ពី​ឆ្នាំ​ចាស់​ប៉ុន្មាន​ទេ​សម្រាប់​​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​ឆ្នាំ ២០១៦​ ។ ​ប៉ុន្តែ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​គឺ​ភាព​តានតឹង​ផ្នែក​នយោបាយ​ និង​ករណី​ឃាតកម្ម​មិន​នឹក​ស្មាន​ដល់​ទៅ​លើ​អ្នក​ស្រាវជ្រាវ​ និង​វិភាគ​សង្គម​លោក​បណ្ឌិត កែម ឡី រួម​នឹង​ព្រឹត្តិការណ៍​មួយ​ចំនួន​ទៀត​ដែល​មាន​កំណត់ត្រា​ដូច​ខាង​ក្រោម​៖


•លោក​ ទេព នីថា នៅ​តែ​ជា​អគ្គលេខាធិការ​ គ ជ ប ​ថ្មី

បើ​ទោះ​ជា​ធ្លាប់​រង​ការ​រិះគន់​ពី​ភាព​លម្អៀង​ទៅ​បក្ស​កាន់​អំណាច​ក្ដី​ប៉ុន្តែ​​កាលពី​ថ្ងៃ​ ១៥ ​មករា​ ២០១៦​ លោក​ ទេព នីថា ​នៅ​តែ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ (គជប) ​ថ្មី​ដដែល​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ និង​អ្នក​នយោបាយ​​ថា​ជា​រឿង​មិន​គួរ​កើត​ខណៈ​ខ្មែរ​ជាង​ ១៤ ​លាន​នាក់​រក​អ្នក​ជំនួស​​មិន​បាន​។

យ៉ាង​ណា​ក្ដី​លោក​ ទេព ​នីថា ​ត្រូវ​បាន​ជ្រើសរើស​ផ្អែក​លើ​បទពិសោធ​ដោយ​មាន​សមាជិក​​ប្រកួត​ប្រជែង​ ២ ​រូប​ទៀត​គឺ​លោក ហេង មណីចិន្ដា និង​លោក យ៉ា ណាវុធ ដោយ​មាន​​អគ្គលេខាធិការរង​ ៤ ​រូប​រួមមាន លោក ម៉ៅ សុភារិទ្ធ លោក​ សោម សូរីដា លោក នី ចរិយា (កំពុង​ជាប់​ឃុំ) ​និង​លោក ម៉ុក ដារ៉ា ។

•ជំនួប​ អូបាម៉ា-អាស៊ាន

ប្រធានាធិបតី​អាមេរិក​លោក​ បារ៉ាក់ ​អូបាម៉ា ​បាន​ស្វាគមន៍​មេដឹកនាំ​មកពី​សមាគម​អាស៊ាន​នៅ​រមណីយដ្ឋាន​ឆ្នេរខ្សាច់​រ៉ានចូមីរេច​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​កាលពី​ថ្ងៃ​ ១៥-១៦ ​កុម្ភៈ​ជា​អ្វី​ដែល​​ផ្ដោត​សំខាន់​​លើ​របៀប​ទប់ទល់​នឹង​ការ​ដំឡើង​សាច់ដុំ​របស់​ចិន​។

យ៉ាង​ណា​ក៏ដោយ​នៅ​មុន​កិច្ចប្រជុំ​នោះ​លោក​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​បាន​ឆ្លៀត​​រិះគន់​​លើ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយ​រូប​ដែល​លោក​មិន​​បញ្ចេញ​ឈ្មោះ​ចំពោះ​អ្វី​ដែល​លោក​ថា​ជា​ការ​ជ្រៀតជ្រែក​​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ​និង​បាន​រិះគន់​លោក​ អ៊ុំ សំអាន ពី​ការ​បោកប្រាស់​រឿង​ផែនទី។ នេះ​បើ​តាម​ហ្វេសប៊ុក​របស់​លោក​នា​​ថ្ងៃ ១៥ ​កុម្ភៈ​ ២០១៦៕

•បែក​ធ្លាយ​ខ្សែ​អាត់​សំឡេង​លោក​ កឹម ​សុខា និង​ ខុម ចាន់តារាទី

ខ្សែ​អាត់​សំឡេង​ដែល​គេ​ថា​ជា​របស់​លោក​ កឹម សុខា​ និង​នាង​ ខុម ចាន់តារាទី ​ហៅ​ ស្រីមុំ បម្រើការ​នៅ​ហាង​កាត់​សក់​ខ្មែរ​អង្គរ​ត្រូវ​បាន​ទម្លាយ​កាលពី​ចុង​ខែ​កុម្ភៈ​ដែល​មាន​​ជិត​ ៤០ ​ភាគ​និយាយ​ពី​ការ​ប្រលោម​​ស្នេហ៍​របស់​លោក​ កឹម សុខា ជា​សំឡេង​ឯកជន​ដែល​ច្បាប់​បាន​ហាម​ផ្សព្វផ្សាយ​។

បន្ទាប់ពី​បែកធ្លាយ​រឿង​នេះ​ ថ្វីបើ​ពី​ដំបូង​នាង​ ខុម ចាន់ដារ៉ាទី ​បាន​បដិសេធ​ និង​បាន​សុំ​អន្តរាគមន៍​ពី​សមាគម​អាដហុក ខណៈ​លោក កឹម សុខា ប្រកាន់​ជំហរ​មិន​ឆ្លើយ មិន​ឆ្លង និង​មិន​ឈ្លោះ​ក្ដី តែ​នៅ​ទី​បំផុត​ ស្រីមុំ ​បាន​សារភាព​ និង​បាន​ចេញ​លិខិត​សរសេរ​ដោយ​ដៃ​ ៤ ទំព័រ​ប្ដឹង​​បក​មន្ដ្រី​សិទ្ធិ​មនុស្ស និង​មេឃុំ​ស្រក​មកពី​បក្ស សម រង្ស៊ី​ ផង​ដែរ។

ក្នុង​សំណុំ​រឿង​នេះ​មាន​មនុស្ស ៦ នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​បញ្ជូន​ឲ្យ​តុលាការ​ឃុំ​ខ្លួន​ក្នុង​នោះ​មាន​មេឃុំ​ស្រក លោក ស៊ាង ចែត មន្ត្រី​សិទ្ធិ​មនុស្ស​​អាដហុក​ ៤ នាក់​ និង​អគ្គលេខាធិការរង​ គជប ​ម្នាក់​ដោយ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី ​និង​សម​គំនិត​សូកប៉ាន់​សាក្សី​។

ដោយ​ឡែក​លោក កឹម សុខា បន្ទាប់ពី​តុលាការ​កោះ​ហៅ​ក្នុង​នាម​សាក្សី​រឿង​​ពេស្យាកម្ម​​មិន​ចូល​​ខ្លួន​ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​​ភ្នំពេញ​លោក​ ថាន ឡេង បាន​ចេញ​ដីកា​ដាក់​​បម្រាម​មិន​ឲ្យ​​ចេញ​ក្រៅ​ប្រទេស​ហើយ​បន្ទាប់​ពី​សមាជិក​សភា CPP ឲ្យ​បន្ត​នីតិវិធី​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ៥ ​ខែ និង​ពិន័យ​ប្រាក់​ ៨០ ​​ម៉ឺន​រៀល​កាលពី​ថ្ងៃ​ទី ៩ កញ្ញា​ចោទ​ពី​បទ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ថ្វី​បើ​មាន​ការ​រិះគន់​ពី​ការ​រំលោភ​នីតិវិធី និង​រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០ ​ក្ដី ។

ទោះ​ជា​យ៉ាង​ណា​បន្ទាប់ពី​​ស្ថានភាព​នយោបាយ​ហាក់​ធូរ​ស្រាល​ក្រោយពី​នាយក​រដ្ឋមន្ត្រី​ផ្អាក​សង្គ្រាម​ពាក្យ​សម្ដី​នៅ​​រដូវ​ភ្ជុំបិណ្ឌ​លោក កឹម សុខា បាន​ចេញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​ ៥ ខែ​តុលា ខណៈ​សាលក្រម​ផ្ដន្ទាទោស​លោក​មិន​ទាន់​ចូល​​ជា​ស្ថាពរ៕

•លោក កឹម សុខា ត្រូវ​បាន​លើក​លែង​ទោស

មិន​ខុស​ពី​ពេល​មុនៗ​ទេ​នៅ​ទីបំផុត​លោក​ កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស​កាលពី​ថ្ងៃ ២ ​ធ្នូ​ភ្លាមៗ​បន្ទាប់​មាន​ការ​ស្នើ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ថ្ងៃ​តែ​មួយ​។

ការ​លើកលែង​ទោស​នេះ​ត្រូវ​បាន​លោក អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​​ថា​ជា​ការ​បន្ថយ​កម្ដៅ​នយោបាយ​ និង​ធ្វើឲ្យ​ការ​បោះឆ្នោត​បាន​ប្រសើរ​ឡើង​ខណៈ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា​ជា​គុណធម៌​នយោបាយ​របស់​នាយករដ្ឋមន្ត្រី។

យ៉ាង​ណា​ក្ដី​រឿង​នេះ​បាន​កើតឡើង​ជួន​គ្នា​នឹង​ការ​លេចធ្លាយ​ពី​ការ​សន្ទនា​រវាង​នាង​ ធី សុវណ្ណថា ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ និង​កូន​ប្រុស​លោក​ដែល​អ្នក​ខ្លះ​ថា​ជា​ផែនការ​ធ្វើ​បាប​គូ​ប្រជែង​នយោបាយ។

ទន្ទឹម​នឹង​នេះ​លោក កឹម សុខា ក៏​ត្រូវ​បាន​សភា​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ភាគតិច​ និង​ប្រធាន​ក្រុម​តំណាង​ CNRP មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​ជំនួស​លោក សម រង្ស៊ី​ ផង​ដែរ​។ រីឯ​លោក មេឃុំ ស៊ាង ចែត ត្រូវ​បាន​លើកលែង​ទោស​តាម​ក្រោយ​បន្ទាប់ពី​តុលាការ​កាត់​ឲ្យ​ជាប់ទោស ៥ ឆ្នាំ។

•យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ចាប់​កំណើត

បន្ទាប់ពី​មាន​ការ​ឃុំ​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការរង គជប ចលនា​មួយ​មាន​ឈ្មោះ​ថា​ «យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» ​ក៏​បាន​ចាប់​កំណើត​កាលពី​ថ្ងៃ​ទី​ ៩ ​ឧសភា​ដោយ​មាន​អ្នក​ចូលរួម​ស្លៀក​ខ្មៅ​ពី​មន្ត្រី​សង្គម​ស៊ីវិល ​និង​សកម្មជន​ដីធ្លី​ដើម្បី​បង្ហាញពី​ការ​ខក​​ចិត្ត​ចំពោះ​ការ​ឃុំ​ខ្លួន​ដែល​ពួកគេ​ថា​អយុត្តិធម៌​។

ចាប់ពី​ថ្ងៃ​បង្កើត​យុទ្ធនាការ​នេះ​ការ​តវ៉ា​ដោយ​ស្លៀកពាក់​ខ្មៅ​ត្រូវ​បាន​ធ្វើ​ឡើង​រៀងរាល់​ថ្ងៃ​ចន្ទ​គិត​ត្រឹម​ថ្ងៃ​ទី ១៩ ​ខែ​ធ្នូ​មាន​ ៣៣ លើក​ និង​​មាន​ការ​បង្ហោះ​រូប​ស្លៀក​ពាក់​ខ្មៅ​តាម​ហ្វេសប៊ុក​ពី​អ្នក​រស់នៅ​បរទេស ​និង​មន្ត្រី​បក្ស​ប្រឆាំង​ផង​ដែរ។ ​ប៉ុន្តែ​រាល់​យុទ្ធនាការ​នេះ​ត្រូវ​បាន​បង្ក្រាប​ពី​អាជ្ញាធរ​ខណៈ​រដ្ឋាភិបាល​ព្រមាន​ទប់ស្កាត់​បដិវត្តន៍​ពណ៌​។

យ៉ាងណា​ក៏ដោយ​មន្ត្រី​សិទ្ធិ​មនុស្ស​បញ្ជាក់​នៅ​ខែ​ធ្នូ​ថា​យុទ្ធនាការ​នេះ​នឹង​បញ្ចប់​ក្រោយ​ពេល​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្រ្តី​ គជប ​ត្រូវ​បាន​ដោះលែង​​ដោយ​រក្សា​ទុក​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ជា​វត្ថុ​អនុស្សាវរីយ៍​វិញ​៕

•សហគមន៍​អន្ដរជាតិ​ថ្កោលទោស​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ស្រប​ពេល​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​​ ៤១ ស្នើ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កាតព្វកិច្ច​តាម​ច្បាប់​សិទ្ធិ​មនុស្ស​អន្ដរជាតិ​នោះ​សភា​អឺរ៉ុប​បាន​ចេញ​ញត្តិ​កាលពី​យប់​ថៃ្ង​ទី​ ៩ ​មិថុនា​ឲ្យ​ «បញ្ឈប់​ការ​យាយី​តាម​ផ្លូវ​តុលាការ​លើ​បក្ស​ប្រឆាំង​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ខណៈ​អគ្គលេខាធិការ​ UN ​លោក​ បាន គីមូន ចេញ​សេចក្ដី​សង្ខេប​ពី​ការ​សន្ទនា​ជាមួយ​លោក​ ប្រាក់​ សុខុន​ បារម្ភ​ពី «​ការ​បំភិត​បំភ័យ ​និង​យាយី​ទូទៅ​»។

ប៉ុន្តែ​នៅក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ដឹកនាំ​ដោយ​លោក​ Gerd Muller​ជនជាតិ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ ១៥ ​មិថុនា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ស្នើ​កុំ​ឲ្យ​សហគមន៍​អឺរ៉ុប​ស្ដាប់​ និង​ទទួល​ព័ត៌មាន​​តែ​ពី​បក្ស​ប្រឆាំង​តែ​ឲ្យ​ផ្ដោត​លើ​ដំណើរការ​ច្បាប់…។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​កាលពី​ថ្ងៃ​ ២៨ ​កញ្ញា​លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិ​មនុស្ស​របស់​ UN ​ប្រចាំ​កម្ពុជា​ក៏​បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ UN នៅ​ក្រុង​ហ្សឺណែវ​​ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​គូបដិបក្ខ​នយោបាយ​ផង​ដែរ​។ ប៉ុន្តែ​គណៈប្រតិភូ​​កម្ពុជា​មិន​បាន​គាំទ្រ​សុន្ទរកថា​នេះ​ទេ​ដោយ​ថា​នោះ​ជា​រឿង​បុគ្គល​មិនមែន​គណបក្ស​ឡើយ​​។

•តំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវ​បាន​ឃាត់​ខ្លួន

​សមាជិក​សភា​បក្ស​សង្គ្រោះជាតិ​លោក ​អ៊ុំ ​សំអាន ត្រូវ​បាន​ឃាត់​ខ្លួន​នា​ពេល​​យប់​ទាំង​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ ១១ ​មេសា​ ឆ្នាំ​ ២០១៦​ ទាក់ទង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ថា​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ភ្លាមៗ​បន្ទាប់ពី​គាត់​ត្រឡប់​មកពី​អាមេរិក​។

ក្រោយ​ការ​ឃាត់​ខ្លួន​មន្ត្រី​ CNRP ​លោក គង់ គាំ បាន​រិះគន់​ថា​អភ័យ​ឯកសិទ្ធិ​តំណាងរាស្រ្ត​គ្មាន​ន័យ​ និង​បាន​ហៅ​ការ​ចោទ​លើ​លោក អ៊ុំ សំអាន ថា​ «ខ្មោច​យក​បាយ​មក​លាប​មាត់​ពពែ»​។

លោក អ៊ុំ សំអាន ​ត្រូវ​បាន​កាត់​ទោស​កាលពី​ថ្ងៃ​ ១០ ​តុលាការ​ឲ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​ ៦ ​ខែ​ និង​ពិន័យ​​ប្រាក់ ៤ ​លាន​រៀល​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើស​បន្ទាប់ពី​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ត្រូវ​តុលាការ​គ្រប់​ថ្នាក់​ច្រានចោល ។

•ឃាត់​ខ្លួន​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ

អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​​អំពើ​ពុករលួយ (ACU) ហៅ​មក​សាកសួរ​​រួច​​បញ្ជូន​ឲ្យ​តុលាការ​ឃុំ​ខ្លួន​កាលពី​ដើម​ខែ​មេសា​បន្ទាប់ពី​បាន​ស៊ើប​អង្កេត​ពី​ការ​ចំណាយ​ និង​បណ្ដឹង​ចោទ​ថា​លោក​មាន​មាស​ជិត​ ១៣ ​គីឡូ​ប្រាក់​ ៧,២ ​លាន​ដុល្លារ​ និង​ត្បូង​ជាង​ ៥០០ ​គ្រាប់​។

លោក​ត្រូវ​បាន​សាលា​ដំបូង​ភ្នំពេញ​ផ្ដន្ទាទោស​នៅ​ដើម​ខែ​ធ្នូ​ដាក់​​ពន្ធនាគារ​ ៥ ឆ្នាំ​ និង​ពិន័យ​ប្រាក់ ១០ ​លាន​រៀល​ពី​បទ​រំលោភ​អំណាច ​និង​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់​តែ​មិន​ត្រូវ​បាន​ចោទ​ពី​រឿង​ពុករលួយ​ទេ។ ​យ៉ាងណា​ក្ដី​រឿង​នេះ​ត្រូវ​បាន​លោក​ ស៊ុត ឌីណា ប្ដឹង​ឧទ្ធរណ៍​៕

•បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់

អ្នក​សិក្សា​ស្រាវជ្រាវ​ និង​វិភាគ​សង្គម​ដ៏ល្បី​នៅ​កម្ពុជា​លោក​ បណ្ឌិត​ កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​ ១០ ខែ​កក្កដា ឆ្នាំ ២០១៦ នៅ​ក្នុង​ហាង​ស្តារម៉ាត​នៃ​ស្ថានីយ​ប្រេង​កាល់តិច​ស្ដុប​បូកគោ រាជធានី​ភ្នំពេញ​ជា​ឃាតកម្ម​នៅ​​កម្ពុជា​ថ្មី​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​ការ​​ថ្កោលទោស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។

ខណៈ​នៅ​មាន​ជីវិត​លោក កែម ឡី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​គាត់​ហ៊ាន​និយាយ​ពី​ភាព​វិជ្ជមាន ​និង​អវិជ្ជមាន​ក្នុង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច​ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​ឃាតកម្ម​លោក​បាន​ធ្វើ​ជា​វាគ្មិន​ឲ្យ​វិទ្យុ​បរទេស​មួយ​ដែល​បកស្រាយ​ពី​របាយការណ៍​អង្គការ​ក្លូបលវិតណេស​ស្ដីពី​អាណាចក្រ​ជំនួញ​ត្រកូល​ ហ៊ុន ​ពាក់ព័ន្ធ​​នឹង​​ក្រុមហ៊ុន​យ៉ាង​តិច​ ១១៤​។ ក្រោយ​ឃាតកម្ម​នេះ​បុរស​ម្នាក់​ដែល​ថា​ឈ្មោះ​ ជួប សម្លាប់ ត្រូវ​បាន​ចាប់​ខ្លួន​តែ​ឈ្មោះ​ពិត​គឺ អឿត អាង​ មាន​គ្រួសារ​នៅ​ខេត្ត​សៀមរាប។

•ការ​រៀបចំ​បុណ្យ​សព​ និង​ការ​ចូលរួម​ដង្ហែ

ជាមួយ​នឹង​ការ​​សោកស្ដាយ​ដែល​ថា​គាត់​ជា​បញ្ញវន្ដ​ដ៏កម្រ​សម្រាប់​ជាតិ ពលរដ្ឋ​មកពី​គ្រប់​ទិសទី​នៃ​បណ្ដា​ខេត្ត-ក្រុង មន្ត្រី​ស្ថានទូត​នានា មន្ដ្រី​សិទ្ធិ​មនុស្ស សមាគម មន្ត្រី​ជាន់ខ្ពស់​​គណបក្ស​នយោបាយ​សុទ្ធ​តែ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ជូន​សព​លោក​បើ​ទោះ​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​មិន​ឃើញ​មាន​វត្តមាន​ក្រៅ​តែ​ពី​ចេញ​សេចក្ដី​ថ្កោលទោស​ និង​លិខិត​ចូលរួម​មរណទុក្ខ​ក្ដី…។ ក្រៅពី​ពិធី​បុណ្យ​នៅ​វត្ត​ចាស់​រាជធានី​ភ្នំពេញ​នៅ​តាម​ជនបទ​ក៏​មាន​រៀបចំ​តាំង​រូបថត​លោក​ធ្វើ​ពិធិ​ឧទ្ទិស​កុសល​ជូន​សព​ផង​ដែរ​ស្រប​ពេល​ដែល​តាម​រដ្ឋ​នានា​នៅ​បរទេស​ដូចជា​អូស្ដ្រាលី អាមេរិក​មាន​រៀបចំ​ពិធី​កាន់​ទុក្ខ​ដូច​គ្នា​។

ដោយ​ឡែក​ក្រោយ​ពិធី​បុណ្យ​ប្រមាណ​ ១៤ ​ថ្ងៃ​ក្បួន​ដង្ហែ​សព​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ហួស​ពី​ការ​ស្មាន​ប្រមាណ​ ២ ​លាន​នាក់​ជូន​ដំណើរ​សព​លោក​ពី​ភ្នំពេញ​ទៅ​ខេត្ត​តាកែវ​ដែល​ជា​ស្រុក​កំណើត​របស់​លោក​ បើ​ទោះ​ជា​មុន​ដង្ហែ​មាន​ការ​ខ្វែង​គំនិត​ជាមួយ​អាជ្ញាធរ​ពី​ផ្លូវ​ត្រូវ​ដង្ហែ​ និង​សណ្ដាប់ធ្នាប់​ក្ដី ។

•ការ​សង់​រូប​សំណាក​ផ្ដល់​កិត្តិយស

ក្រៅពី​​ការ​បោះពុម្ព​សៀវភៅ​ ២ ​ក្បាល​ដែល​បញ្ចូល​នូវ​ខ្លឹមសារ​ជា​សម្ដី​ និង​ចំណារ​កំប្លែង​សរសេរ​ដោយ​ដៃ​របស់​លោក​ដែល​មាន​អត្ថន័យ​ដូចជា ជូត​ទឹកភ្នែក​របស់​អ្នក រួច​បន្ដ​ដំណើរ​ទៅ​មុខ​ទៀត ពុករលួយ​ដល់​បាតដាល​ បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​អ្វី​ទៀត ល្មោភ​អំណាច​ឬ ស្ដង់ដារ​២ យាយ​ចាស់ៗ​អាយុ​ ៧០ ​ឆ្នាំ​មាន​កូន​ខ្ចី…ក៏​នៅ​មាន​រូប​សំណាក​ឈរ​មួយ​ជំហរ​លោក​ត្រូវ​បាន​រចនា​ឡើង​ទាំង​ជាង​សូន​រូប​មាន​ការ​ភ័យ​ខ្លាច​ ។ ប៉ុន្តែ​នៅ​ទីបំផុត​រូប​សំណាក​ត្រូវ​បាន​ធ្វើ​រួច​ និង​បាន​ដង្ហែ​ទៅ​តាំង​នៅ​ខេត្ត​តាកែវ​បន្ទាប់ពី​ការ​ស្នើសុំ​តាំង​នៅ​សួន​ប្រជាធិបតេយ្យ​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច។

ទោះ​ជា​យ៉ាង​ណា​យុត្តិធម៌​នៅ​មិន​ទាន់​រកឃើញ​នៅ​ឡើយ​ខណៈ​ដែល​តុលាការ​ទើប​បញ្ចប់​ការ​ស៊ើបអង្កេត​ក្នុង​ពេល​សាធារណជន​អំពាវនាវ​ឲ្យ​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ឃាតកម្ម​នេះ​៕

•រដ្ឋាភិបាល​ទទួល​ស្គាល់​កំហុស​លើ​ការ​គ្រប់គ្រង​ធម្មជាតិ​មិន​បាន​ល្អ

ដោយ​ចំណាយ​ពេល​ ៤ ​ម៉ោង​លើក​ដំបូង​នៅ​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​ ២២ ​សីហា​ដើម្បី​ស្ដាប់​ «ពាក្យ​ពិត» ​ពី​សកម្មជន​បរិស្ថាន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ទទួល​ស្គាល់​ពី​កំហុស​ពី​ការ​គ្រប់គ្រង​មិន​បាន​ល្អ​ និង​បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ និង​បង្កើន​ចំនួន​មន្ត្រី​អភិរក្ស​។

ទន្ទឹម​នឹង​នេះ​លោក​បាន​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចំនួន​ ៦ ​ជួប​ប្រជុំ​ជាមួយ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ និង​តួអង្គ​ពាក់ព័ន្ធ​ដោយ​បាន​អំពាវនាវ​ឲ្យ​ក្រសួង​ព្យាយាម​ស្ដាប់​ «ពាក្យ​ពិត» រយៈពេល​ ៣ ​ខែ​ម្ដង​ជា​ជាង​ស្ដាប់​ «ពាក្យ​កុហក» ៥ ​ឆ្នាំ​ម្ដង​។

ខណៈ​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ​បិណ្ឌ​បាត​ញោម​នាយក​រដ្ឋមន្ត្រី​ពី​រឿង​តូច​មួយ​គឺ​ «សុំ​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន​សហការ» ​នោះ​នាង​ ធី​ សុវណ្ណថា ​បាន​ត្អូញត្អែរ​ពី​ផ្លូវ​លំបាក​ទៅ​តំបន់​អភិរក្ស​អារ៉ែង​តែ​លោក​ ហ៊ុន សែន​ សន្យា​ជួយ​ធ្វើ​ផ្លូវ​នោះ​។

ចំពោះ លោក ឆឺ ឧត្ដមរស្មី ជា​​កូនប្រុស​លោក ឈុត វុទ្ធី ដែល​ត្រូវ​គេ​បាញ់​ស្លាប់​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ​យល់​ឃើញ​ថា​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ទេ​បើ​មិន​ដូច្នោះ​ទេ​មិនមែន​​រង់ចាំ​ដល់​ព្រៃឈើ​វិនាស​ស្ទើរ​អស់​នោះ​​ឡើយ។

យ៉ាង​ណា​ក្ដី​កាលពី​ថ្ងៃ​ ៧ ​ធ្នូ​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​មួយ និង​បាន​កោះ​ប្រជុំ​នៅ​ថ្ងៃ​ ២៧ ​ធ្នូ​ដោយ​មាន​លោក​ សៅ សុខា ជា​ប្រធាន៕

•ចរន្ត​នៃ​ការ​ស្នើសុំ​ឲ្យ​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស

បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​ញត្តិ​ទៅ​ប្រទេស​​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ចរន្ត​នៃ​ការ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គោរព​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ​បាន​កើតឡើង​ដោយ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​អន្ដរជាតិ និង​ថ្នាក់​តំបន់​អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់ UN ប្រចាំ​កម្ពុជា​លោកស្រី ​Rhona Smith និង​លោក Yash Guai ​អតីត​អ្នក​រាយការណ៍​ផង​ដែរ…។

ការ​ស្នើសុំ​នេះ​គឺ​បន្ទាប់ពី​គេ​មើល​ឃើញ​ថា​រដ្ឋាភិបាល​អនុវត្ត​មិន​ទាន់​បាន​ពេញលេញ​ខណៈ​ដែល​ឃាតកម្ម ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ដាក់​គំនាប​លើ​បក្ស​ប្រឆាំង និង​ការ​ឃាត់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​កើតឡើង​ជា​បន្តបន្ទាប់​…។ ប៉ុន្តែ​​រឿង​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ថា​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​យក​មក​​បញ្ចូល​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​អស់​ហើយ៕

•ប្រធានាធិបតី​ចិន​ទស្សនកិច្ច​នៅ​កម្ពុជា

ប្រធានាធិបតី​ចិន​លោក​ ស៊ីជីនភីង កាលពី​ថ្ងៃ​ ១៣ ​តុលា​បាន​មក​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​លោក​ក្លាយ​ជា​ប្រធានាធិបតី​ប្រទេស​មហាអំណាច​ចិន​មក​ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នាពេល​នោះ​មាន​ពិធី​សារ​ចំនួន​ ៣១ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ក្នុង​នោះ​មាន​ការ​ផ្ដល់​កម្ចី ​និង​ការ​លុប​បំណុល​តែ​ក៏​​មាន​ការ​រិះគន់​ពី​មេបក្ស​ប្រឆាំង​ចំពោះ​ការ​ផ្ដល់​កម្ចី​មិន​ភ្ជាប់​លក្ខខណ្ឌ​របស់​ចិន​ផង​ដែរ​៕

•អតីត​នាយក​រដ្ឋមន្ត្រី​ទទួល​មរណភាព

អតីត​នាយក​រដ្ឋមន្ត្រី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ក្រោយ​មក​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​ ២៩ ខែ​តុលា​នៅ​គេហដ្ឋាន​លោក​នា​ខេត្ត​តាកែវ​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ​ ៨០ ​ឆ្នាំ​។

លោក​ ប៉ែន សុវណ្ណ​ ធ្លាប់​ចូល​ប្រឡូក​ក្នុង​ចលនា​តស៊ូ​ជាច្រើន​ដំណាក់កាល​ដូចជា​ចលនា​​ប្រឆាំង​បារាំង​ និង​ប្រមូល​កម្លាំង​តស៊ូ​ប្រឆាំង​ខ្មែរ​ក្រហម​គាំទ្រ​ពី​វៀតណាម​រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ ៧ ​មករា​ ១៩៧៩។

លោក​បាន​កាន់​តំណែង​ពី​ឆ្នាំ​ ១៩៧៩ ដល់​ ១៩៨២ ដោយ​បាន​ធ្វើ​នាយក​រដ្ឋមន្ត្រី​រយៈពេល​ខ្លី។ ប៉ុន្តែ​បន្ទាប់មក​ត្រូវ​បាន​ចាប់​​ដាក់​គុក​នៅ​វៀតណាម​អស់​ ១០ ​ឆ្នាំ ៥២ ​ថ្ងៃ​ពី​បទ​ប្រឆាំង​ការ​បង្ហូរ​និគមជន​វៀតណាម​មក​កម្ពុជា​ និង​ផែនការ​ ក៥​ តែ​ត្រូវ​បាន​ដោះលែង​វិញ​នៅ​ឆ្នាំ​ ១៩៩២​ ក្រោយ​មាន​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្រោយ​មក​លោក​បាន​បង្កើត​គណបក្ស​ទ្រទ្រង់​ជាតិ​ចូលរួម​ការ​បោះឆ្នោត​តែ​មិន​បាន​អាសនៈ​បន្ទាប់មក​បាន​ចូល​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​តែ​ដោយ​គណបក្ស​នេះ​រួម​គ្នា​ជាមួយ​​គណបក្ស​ សម រង្ស៊ី ក្លាយ​ជា​គណបក្ស​សង្គ្រោះជាតិ​លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​។

ក្រោយ​មរណភាព​សព​លោក​ត្រូវ​បាន​ដង្ហែ​មក​តម្កល់​​​ធ្វើ​បុណ្យ​នៅ​វត្ត​ថាន់​រាជធានី​ភ្នំពេញ​ដោយ​គ្រួសារ​សព​មាន​បំណង​ស្នើសុំ​បូជា​នៅ​​សួន​ច្បារ​វត្ត​បទុមវតី​តែ​ត្រូវ​សាលា​ក្រុង​បដិសេធ​ដោយ​បង្វែរ​ឲ្យ​ធ្វើ​នៅ​វត្ត​និរោធ​រួច​ប្ដូរ​ឲ្យ​ទៅ​បូជា​នៅ​វត្ត​​ឫស្សី​សាញ់​ក្បែរ​ពន្ធនាគារ​ព្រៃស​ជាយ​ក្រុង​ភ្នំពេញ​ជា​អ្វី​ដែល​មជ្ឈដ្ឋាន​ជាច្រើន​រិះគន់​ថា​ខ្វះ​ការ​គោរព​ចំពោះ​វីរភាព​គាត់​ដែល​បាន​ដឹកនាំ​ចលនា​រំដោះ​ជាតិ​ពី​ខ្មែរ​ក្រហម​៕

•ចាប់​ខ្លួនប​ណ្ដាញ​ផ្ដល់​សេវា​ពពោះ​ជំនួស

ស្ត្រី​អូស្ដ្រាលី​ឈ្មោះ Tammy Davis-Charles ស្ថាបនិក​ទីភ្នាក់ងារ​សេវា​ពពោះ Fertility Solution PGD​ និង​ខ្មែរ​ ២ ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ ១៨ ​វិច្ឆិកា​ និង​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​សេវា​ពពោះ​ជំនួស​ដែល​ជា​រឿង​ខុស​ច្បាប់​នៅ​កម្ពុជា​។

បើ​តាម​សមត្ថកិច្ច​មុន​ចាប់​ខ្លួន​នេះ​បាន​ប្រើ​ពេល​ស្រាវជ្រាវ​ ១០ ​ខែ​ដោយ​រកឃើញ​ស្រី​ ២៣ ​នាក់​ត្រូវ​បាន​គេ​ជួល​ក្នុង​នោះ​ ៥ ​នាក់​កើត​​ទារក​រួច​ និង​ ១៨ ​នាក់​កំពុង​ពពោះ​ហើយ​ពេល​ប្រសូត​រួច​ទារក​នោះ​ត្រូវ​គេ​បញ្ជូន​ទៅ​បរទស​។ ​ចំពោះ​តម្លៃ​អ្នក​ស៊ី​ឈ្នួល​ចន្លោះ​ពី​ ១ ​ម៉ឺន​ទៅ ១២០០០ ​ដុល្លារ​អាមេរិក។

ប៉ុន្តែ​ក្រោយ​ចាប់​ខ្លួន​ក៏​មាន​ការ​ស្នើសុំ​ឲ្យ​ឧស្សាហកម្ម​នេះ​ស្រប​ច្បាប់​ផង​ដែរ​ខណៈ​ដែល​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​លោក ជូ ប៊ុនអេង អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ថ្លែង​ក្រោយ​ជួប​មន្ត្រី​ទូត​អូស្ត្រាលី​ថា​ពួកគេ​គួរ​បន្ដ​កិច្ចសន្យា​ដោយសារ​បាន​ទទួល​ចំណូល​ពី​អ្នក​ជួល​រួច​ហើយ​ដោយ​លោកស្រី​ចង់​ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ ៕

•មេដឹកនាំ​ខ្មែរ​ក្រហម​ជាប់​គុក​ ១ ​ជីវិត

មិន​ខុស​ពី​សាលក្រម​សាលា​ដំបូង​កាលពី​ឆ្នាំ​ ២០១៤ ​នោះ​ទេ​នៅ​ទីបំផុត​តុលាការ​កំពូល​​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​កាលពី​ថ្ងៃ​ ២៣ ​វិច្ឆិកា​ក៏​នៅ​តែ​សម្រេច​​ចេញ​ដីកា​ស្ថាពរ​ឲ្យ​​លោក​ ខៀវ​ សំផន ​អតីត​ប្រមុខ​រដ្ឋ​ និង​​លោក នួន ជា អតីត​ប្រធាន​សភា​នៃ​របប​​កម្ពុជា​ប្រជាធិបតេយ្យ​​ជាប់​ពន្ធនាគារ​អស់​ ១ ​ជីវិត​ដដែល​ចំពោះ​សំណុំ​រឿង​ ០០២/០១ បើ​ទោះ​ជា​អ្នក​ទាំង​ ២ បាន​ប្ដឹង​សារទុក្ខ​ក្ដី​។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ខ្លះ​សាទរ និង​​ខ្លះ​ទៀត​ហាក់​នៅ​មិន​​ស្ងប់​អារម្មណ៍​ពេល​ដែល​​មេដឹកនាំ​កំពូល​ផ្សេង​ទៀត​បាន​ស្លាប់​មុន​កាត់​​ទោស​ខណៈ​ជនរងគ្រោះ​ជាច្រើន​ក៏​បាន​ស្លាប់​ដោយ​មិន​បាន​ឃើញ​យុត្តិធម៌​ដែរ​នោះ។

សាលដីកា​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នេះ​បើ​ទោះ​ជា​មិន​បាន​ចង្អុល​ចំ​ឈ្មោះ​ ខៀវ សំផន និង នួន ជា ថា​បាន​ប្រព្រឹត្ត​ផ្ទាល់​ក្ដី​ប៉ុន្តែ​អ្នក​ទាំង​ ២ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​បទឧក្រិដ្ឋ​នេះ​ជា​អ្វី​ដែល​គេ​បាន​កត់សម្គាល់​ថា​ពួកគេ​បាន​មាន​ផែនការ​ញុះញង់​ផ្ដល់​ជំនួយ​ និង​សម​គំនិត​ក្នុង​រឿង​ឧក្រិដ្ឋកម្ម​នេះ​។

ទោះ​យ៉ាង​ណា​មេធាវី​លោក​ ខៀវ សំផន លោកស្រី​ Anta Guisse ហៅ​សាលដីកា​នេះ​ថា «​យុត្តិធម៌​តុបតែង»​។

លោកស្រី​ថា​ «វា​តែងតែ​ជា​ការ​ខក​ចិត្ត​ណាស់​ដែល​ឃើញ​និមិត្តរូប​លុប​ចោល​សិទ្ធិ​ និង​ច្បាប់​ហើយ​យើង​ខកចិត្ត​ជំនួស ខៀវ សំផន​» ខណៈ​មាន​ការ​រិះគន់​ចំពោះ​ការ​មិន​ឲ្យ​កោះ​ហៅ​លោក​ ហេង សំរិន​ប្រធាន​សភា​បច្ចុប្បន្ន​មក​ធ្វើ​ជា​សាក្សី​ដោយ​ហៅ​ការ​ខកខាន​នោះ​ថា​ «គ្មាន​ហេតុផល» និង​ «ខុស​»។

នេះ​គ្រាន់តែ​ជា​សាលដីកា​សំណុំ​រឿង​ ០០២/០១ ​ប៉ុណ្ណោះ ឯ​សំណុំ​រឿង​ ០០២/​០២ ​នឹង​ត្រូវ​ដំណើរការ​បន្ត​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​៕

•ព្រះសព​ព្រះសង្ឃ សំ ប៊ុនធឿន ត្រូវ​បាន​បូជា

ព្រះសព​ព្រះគ្រូ​ព្រះធម្ម​វិបស្សនា សំ ប៊ុនធឿន កេតុធម្មា ត្រូវ​បាន​រៀបចំ​ពិធី​បូជា​រំលាយ​ព្រះកាយ​នៅ​ភ្នំព្រះរាជ​ទ្រព្យ​ (ភ្នំ​ឧដុង្គ) ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល​បន្ទាប់ពី​តម្កល់​នៅ​ទីនោះ​អស់​ពេល​ជាង​ ១៣ ​ឆ្នាំ ។

ពិធី​នេះ​ប្រារព្ធ​ឡើង​រយៈពេល​ ៣ យប់ ៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ១ ​ខែ​ធ្នូ​ឆ្នាំ ២០១៦ ​ដោយ​មាន​ការ​និមន្ត​ថ្វាយ​ព្រះភ្លើង​ពី​សំណាក់​សម្ដេច ព្រះសង្ឃរាជ ទេព វង្ស និង​ការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ​មកពី​ខេត្ត​ក្រុង​ប្រមាណ​ ៤ ​ពាន់​អង្គ​ និង​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​​​ ២ ​ម៉ឺន​នាក់​ ។

ព្រះសង្ឃ សំ ប៊ុនធឿន ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​មុខ​បាញ់​បណ្ដាល​ឲ្យ​របួស​ធ្ងន់​នៅ​វត្ត​លង្កា​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍​ទី​ ៨ ​កុម្ភៈ​ឆ្នាំ​ ២០០៣ ​និង​បាន​សុគត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ២ ​ថ្ងៃ​បន្ទាប់ពី​បញ្ជូន​ទៅ​សង្គ្រោះ​។ ការ​សុគត​នេះ​ត្រូវ​បាន​បងស្រី​ព្រះអង្គ​ស្ដីបន្ទោស​ថា​មកពី​គ្រូពេទ្យ​ចាក់​ថ្នាំ​មុន​បញ្ជូន​ទៅ​ប្រទេស​សង្ហបុរី​។

ចាប់ពី​ពេល​សុគត​រហូត​មក​ទល់​ពេល​នេះ​ឃាតករ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​នៅ​ឡើយ​ទេ​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា​រាជរដ្ឋាភិបាល​​មិន​មាន​ចេតនា​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​រឿង​នេះ៕

•ប្រធានាធិបតី​ហ្វីលីពី​ទស្សនកិច្ច​នៅ​កម្ពុជា

ប្រធានាធិបតី​ល្បី​ឈ្មោះ​ពី​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​ហ្វីលីពីន​លោក រ៉ូ្រឌីហ្គោឌូតឺតេ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២ ​ថ្ងៃ​ (១៣-១៤ ធ្នូ) ​នៅ​កម្ពុជា​។

ដំណើរ​ទស្សនកិច្ច​ដែល​អម​ដោយ​កីឡាករ​ប្រដាល់​ថ្នាក់​ពិភពលោក​លោក ប៉ាក់គីអៅ ​នោះ​មាន​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​ ៤ ​រវាង​ប្រទេស​ទាំង​ ២ ​ទាក់ទង​នឹង​ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ការ​ពង្រឹង​កីឡា ការងារ និង​ទេសចរណ៍​៕

ប្រភព៖ postkhmer.com