(Khmer) របាយការណ៍​ថ្មី​បង្ហាញ​ថា ទីតាំង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​គ្មាន​ការ​អភិវឌ្ឍ​ពេញលេញ​ដូច​ការ​សន្យា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ចាស់​របស់​ខ្លួន ​ដោយ​បុព្វហេតុ​នៃ​ការអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល បាន​និយាយ​ថា បរិស្ថាន​ជុំវិញ​កន្លែង​រស់នៅ​ថ្មី​របស់​ពួកគេ​តែង​តែ​មាន​ទឹក​ជន​លិច ហើយ​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ។​ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​ស្ដីពី​ការ​បណ្ដេញ​ចេញ​របស់​សមាគម​ធាងត្នោត​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

​របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​«សន្យា​ខ្យល់?»​ បាន​បង្ហាញ​ពី​ការ​សិក្សា​ពី​ការ​អភិវឌ្ឍ​លើ​ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​៧៧​ ក្នុង​រាជធានី​ភ្នំពេញ​ គិត​ចាប់​តាំងពី​ឆ្នាំ​២០១១​មក។

ប្រជាពលរដ្ឋ​ដែល​យល់ព្រម​ផ្ដល់​បទសម្ភាសន៍​ក្នុង​របាយ​ការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ពី​ទឹក​ជំនន់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ។

ជាក់ស្ដែង ​ប្រជាជន​នៅ​សហគមន៍​ជ័យជម្នះ បាន​ប្រឈម​នឹង​ជំងឺ​ឆ្លង​ និង​ជំងឺ​សើ​ស្បែក​ជាពិសេស​កុមារ​តូចៗ​ ដោយសារ​ពួកគេ​ត្រូវ​ដើរ​ឆ្លង​កាត់​ទឹក​កង្វក់​នោះ​ ដើម្បី​ទៅ​សាលា​រៀន​ និង​ប្រកប​អាជីវកម្ម​ ហើយ​ពួកគេ​ក៏​ប្រើ​ប្រាស់​ទឹក​នោះ​ផង​ដែរ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ពួកគេ​មាន​ជំងឺ​ញឹកញាប់។

របាយ​ការណ៍​លើកឡើង​បន្ថែម​ថា​ ​ដោយ​សារ​តែ​ពុំ​មាន​ផែនការ​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ច្បាស់​លាស់​ ដូចជា​ការ​កំណត់​ទីតាំង​មិន​សមរម្យ​និង​ច្បាស់​លាស់​ ទើប​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ។

ទាំង​បុរស​ និង​ស្ត្រី ដែល​ត្រូវ​បាន​សម្ភាសន៍​នៅ​ក្នុង​របាយ​ការណ៍​នោះ​ បាន​បញ្ជាក់​ថា​ ស្ថានភាព​លំនៅដ្ឋាន​របស់​ពួក​គេ​ មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ ហើយ​ពួកគេ​យល់​ថា​ លំនៅដ្ឋាន​របស់​ពួកគេ​ប្រឈម​នឹង​គ្រោះ​ថ្នាក់។

លោក​ សឿង​ សារ៉ន​ ប្រធាន​កម្មវិធី​តស៊ូ​មតិ​នៃ​អង្គការ​សមាគម​ធាង​ត្នោត បាន​ថ្លែង​ក្នុង​ពេល​លោក​ធ្វើ​បទ​បង្ហាញ​របាយការណ៍​ដល់​ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​១០០​នាក់​ដែល​រងគ្រោះ​ពី​ការ​បណ្ដេញ​ចេញ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​រង​ការ​បណ្ដេញ​ចេញ​ បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ដោយសារ​ការ​បណ្ដេញ​ចេញ​ ក្រោម​ហេតុផល​ដើម្បី​ការ​អភិវឌ្ឍ​នេះ។

«នៅ​ចំណុច​នេះ សំណួរ​សួរ​ថា​ តើ​ផល​ប្រយោជន៍​បាន​មក​ពី​ការ​អភិវឌ្ឍ​ដោយ​ការ​មាន​លើស​ពី​ការ​បណ្ដេញ​ចេញ​ដែរ​ឬ​ទេ? ចំណុច​នេះ​ចង់​មាន​ន័យ​ថា​ នៅ​ពេល​ដែល​ការ​អភិវឌ្ឍ ​មាន​ការ​កើន​ឡើង​ ការ​បណ្ដេញ​ចេញ​ ក៏​វា​កើន​ឡើង​ដែរ»។

លោក​ ​សឿង​ សារ៉ន​ ​បាន​ថ្លែង​បន្ត​ថា​ ទីតាំង​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​មួយ​ចំនួន​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ជា​ដុំកំភួន​សម្រាប់​សាធារណជន​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​ ទីតាំង​ទាំង​នោះ​បែរ​ជា​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទីកន្លែង​ធ្វើ​អាជីវកម្ម​ខ្នាត​តូច​ ដូច​ជា​ការ​បើក​ទីលាន​បាល់​ទាត់​ទំហំ​តូចៗ​ និង​សង់​អគារ​ធំៗ​ជាដើម។

​«ឧទាហរណ៍​តែ​សហគមន៍​៧៨​ ជា​ផែន​ការ​មុន​សាលាក្រុង​ បណ្ដេញ​ពួក​គាត់​ចេញ គឺ​គាត់​នឹង​យក​ទីតាំង​នោះ​ទៅ​ធ្វើ​ជា​សួន​ច្បារ​សាធារណៈ​នៅ​ផ្លូវ ប៉ុន្តែ​តាម​ការ​សង្កេត​ទីតាំង​ដែល​យើង​ចុះ​ទៅ​ផ្ទាល់​ ក៏​ដូច​ជា​សម្ភាសន៍​ប្រជា​សហគមន៍​ ទីតាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ ជា​កន្លែង​សម្រាប់​វាល​បាត់​ទាត់​ ហើយ​និង​អភិវឌ្ឍន៍​អគារ​ធំៗ​ ដែល​វា​ខុស​ស្រឡះ​ពី​អ្វី​ដែល​គាត់​សន្យា​ជាមួយ​ប្រជា​ពលរដ្ឋ​ ហើយ​គាត់​បណ្ដេញ​ចេញ»។

របាយការណ៍​ដែល​ទទួល​បាន​ការ​គាំទ្រ​ថវិកា​ពី​អង្គការ​ Heinrich Boll Stiftung ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​បន្ត​ថា​ កម្រិត​នៃ​កង្វះ​ខាត​តម្លា​ភាព​ជា​ប្រព័ន្ធ​បាន​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ ហើយ​វា​ជា​បញ្ហា​ដែល​តែងតែ​លើក​ឡើង​ ដោយ​ប្រជា​សហគមន៍​ ដែល​ប្រឈម​មុខ​ជាមួយ​នឹង​ការ​គំរាម​កំហែង​ទាំង​នេះ។

របាយ​ការណ៍​បាន​បញ្ជាក់​ថា៖ «ឧទាហរណ៍​ នៅ​ក្នុង​សហគមន៍​សាមគ្គី​ ដែល​ជា​សហគមន៍​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ កំពុង​រង​ការ​គំរាម​កំហែង។​ លំនៅដ្ឋាន​ខ្លះ​នៅ​ទីនោះ​ត្រូវ​បាន​លាប​ពណ៌​ដោយ​ថ្នាំ​ពណ៌ក្រហម​ពី​សំណាក់​អាជ្ញាធរ​ ដើម្បី​បញ្ជាក់​ថា​ លំនៅដ្ឋាន​នោះ​នឹង​ត្រូវ​រុះ​រើ​ចេញ។​ ពួក​គេ​មិន​ដែល​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ឡើយ​ បន្ទាប់​ពី​ប្រជា​សហគមន៍​មួយ​ចំនួន​ បាន​ទាក់ទង​ទៅ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​សុំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី»។

អ្នក​ស្រី​ មាស​ ស្រីមុំ​ វ័យ​៤៨ឆ្នាំ ដែល​កំពុង​រង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​ផ្លូវ​រថភ្លើង​ នៅ​ក្នុង​សង្កាត់​បឹងកក់​ពីរ​ ខ័ណ្ឌ​ទួលគោក​ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ក្នុង​សហគមន៍​អ្នក​ស្រី​ នឹង​បន្ត​តវ៉ា​នឹង​ផែនការ​អភិវឌ្ឍ​ ដែល​មិន​បាន​ធ្វើ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ​ជាមុន។

«ប្រជាពលរដ្ឋ​នឹង​ធ្វើ​ការ​តវ៉ា។ អ្វី​ក៏ដោយ​ ធ្វើ​ការ​អភិវឌ្ឍ​ត្រូវតែ​មាន​ការ​សិក្សា​ជាមួយ​ប្រជាពលរដ្ឋ​ មិន​មែន​អ្នកឯង​ត្រូវការ​ធ្វើ​ក៏​ធ្វើ​ភ្លាម​ អ្នក​ត្រូវ​ការ​ចង់​ធ្វើ​អ្វី​ ក៏​ធ្វើ​ភ្លាម​តាម​អំពើ​ចិត្ត​នោះ​ទេ​ ព្រោះ​ប្រជា​ពលរដ្ឋ​រស់នៅ​ស្រប​ច្បាប់​ មិន​មែន​ពលរដ្ឋ​រំលោភ​បំពាន​យក​ដី​នរណា​ទេ»។

អ្នក​ស្រី ​សរ ស៊ន តំណាង​ប្រជា​ពលរដ្ឋ​១៣គ្រួសារ​ ក្នុង​សហគមន៍​បូរី​កីឡា​ ថ្លែង​អំពី​ការ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​បាត់បង់​ដីធ្លី​យ៉ាង​ដូច្នេះ​ថា៖

«មកដល់​សព្វថ្ងៃ​នេះ​ មីង​គិត​ថា​ មីង​មិន​ខ្លាច​ទេ។ បារម្ភ? បារម្ភ​ ប៉ុន្តែ​ តវ៉ា​រឿង​ផ្ទះ​ គឺ​មីង​នៅ​តែ​មាន​ឆន្ទៈ​តវ៉ា​ជានិច្ច​ ព្រោះ​អី​ផ្ទះ​ជា​អាយុ​ជីវិត​ ជា​អនាគត​របស់​កូនចៅ​របស់​យើង​ទៅ​ថ្ងៃ​ក្រោយ»។

លោក​ សេង​ ឡូត​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ សុំ​មិន​ធ្វើការ​អធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ មៀន​ ចាន់​យ៉ាដា​ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ សុំ​មិន​ធ្វើការ​អធិប្បាយ​ផង​ដែរ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ ម៉េត​ មាសភក្ដី​ អ្នក​នាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត។

លោក​ ម៉េត មាសភក្តី បាន​ច្រានចោល​រាល់​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​បណ្តេញ​ចេញ​ហើយ​បាន​អះអាង​ថា​ សាលា​រាជធានី​ភ្នំពេញ​រមែង​តែ​ធ្វើ​ការ​សម្រេច​លើ​គម្រោង​អភិវឌ្ឍន៍​នីមួយៗ​ទៅ​តាម​នីតិវិធី​ច្បាប់​ និង​ការ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ។

«អញ្ចឹង​បាន​ន័យ​ថា​ យើង​មាន​នីតិ​វិធី​របស់​យើង​ក្នុង​ការ​ធ្វើ​ទាំង​អស់។​ វា​មិន​ដូច​អ្វី​ ដែល​ជា​ការ​ចោទ​ប្រកាន់​ទេ​ រឿង​ទី​មួយ។ រឿង​ទីពីរ ទោះ​បី​ជា​គាត់​អ្នក​ដែល​បាន​ទទួល​យក​គោល​នយោបាយ​ហើយ​ ក៏​យើង​នៅតែ​មាន​ការ​គិត​គូរ​របស់​គាត់​ដែរ​ តាម​លទ្ធភាព​ទៅតាម​ប្រភេទ​ណា៎ ថា​គាត់​ទៅ​រស់​នៅ​ហ្នឹង​ប្រមូល​ផ្ដុំ​គ្នា​ទេ​ ចង​ជា​សហគមន៍​ទេ?​ បើ​ចង​ជា​សហគមន៍​ តើលទ្ធភាព​ដែល​យើង​អាច​ជួយ​ក្នុងនាម​សហគមន៍​ហ្នឹង​របៀបណា?​ សហគមន៍​របស់​គាត់​ មាន​ទឹក​ មាន​ភ្លើង​ មាន​សាលារៀន​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​នៅ? រៀប​ចំ​ជូន​គាត់​បាន​របៀប​ណា?​ ខ្វះខាត​ដោយ​របៀបណា?​ យើង​ធ្វើ​កិច្ចការ​ហ្នឹង​ត​គ្នា​រហូត»។

អង្គការ​សមាគម​ធាង​ត្នោត​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ២០១៤​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​ មក​ មាន​ប្រជា​ពលរដ្ឋ​ជាង​២៩​៧០០​នាក់ ​ត្រូវ​បាន​បណ្ដេញ​ពី​លំនៅដ្ឋាន​របស់​ពួក​គេ​ ដោយ​ហេតុផល​អភិវឌ្ឍន៍។

របាយ​ការណ៍​របស់​អង្គ​ការ​សមាគម​ធាង​ត្នោត​ បាន​បញ្ជាក់​ថា​ ក្រោយពី​អង្គការ​នេះ​បាន​ចុះទៅ​មើល​ទីតាំង​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​៧៧​ ក្នុង​ឆ្នាំ​២០១៦​ អង្គការ​សមាគម​ធាង​ត្នោត​ បាន​រក​ឃើញ​ថា​ កម្រិត​នៃ​ការ​អភិវឌ្ឍ​នៅ​ទីតាំង​នីមួយៗ​ដែល​ប្រជាជន​ត្រូវ​បាន​បណ្ដេញ​ចេញ​នោះ​មាន​ភាព​ខុស​គ្នា​ខ្លាំង។

របាយ​ការណ៍​ បាន​លើក​ជា​ឧទាហរណ៍​ថា​ មាន​តែ​៣៥​ភាគរយ​នៃ​ទីតាំង​ទាំងអស់​ត្រូវ​បាន​អភិវឌ្ឍន៍​ពេញ​លេញ​ដូចជា​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​បែប​ពាណិជ្ជកម្ម។

យ៉ាងណាក៏ដោយ ​របាយ​ការណ៍​បាន​ចាត់​ទុក​ថា​ ដំណោះស្រាយ​នៃ​អគារ​ «ប៊ូលឌីញ ឬ​អគារ​ស»​ ជា​សូចនាករ​ថ្មី​មួយ​ដោយ​ករណី​ «គំរាម​កំហែង​នៃ​ការ​បណ្ដាញ​ចេញ»​ ត្រូវ​បាន​ដោះស្រាយ​ដោយ​បើកចំហ។

ប្រជា​សហគមន៍​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​គម្រោង​អភិវឌ្ឍន៍​ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ អារ៉ាកាវ៉ា​ ហើយ​កិច្ច​សន្ទនា​ដំបូង​ត្រូវ​បាន​រៀប​ចំឡើង​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​អំពី​សំណង​ជា​សាច់​ប្រាក់​ ឬ​ទទួល​យក​ផ្ទះ​នៅ​ក្នុង​អគារ​ប៊ូលឌីញ។

ប៉ុន្តែ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អគារ​ប៊ូលឌីញ​ មាន​ការ​ព្រួយ​បារម្ភ​ថា​ វា​ដូច​ទៅ​នឹង​ករណី​បុរីកីឡា​ ដែល​ក្រុមហ៊ុន​ផានអ៊ីមិច​ បាន​សន្យា​សាងសង់​អគារ​ចំនួន​១០​ ដើម្បី​ផ្ដល់​ជូន​សហគមន៍​បុរីកីឡា​ តែ​ក្រុមហ៊ុន​សង់​បាន​តែ​៨អាគារ​ប៉ុណ្ណោះ​ ក្នុង​រយៈពេល​មួយ​ទសវត្ស​ក្រោយ​មក៕

ប្រភព៖ voanews.com