Tuesday, March 19, 2024
Latest:

សហគមន៍​​ស្នើ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដោយ​តម្លាភាព

ក្នុង​ការ​ប្រារព្ធ​ទិវា​សហគមន៍​ក្រីក្រ​ក្នុង​ទីក្រុងអង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ដីធ្លីនិង​ប្រជា​សហគមន៍​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញបាន​ស្នើ​ជា​ថ្មី​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធីតម្លាភាពនិង​ឈរ​លើ​គោលការណ៍​ច្បាប់ ចៀសវាង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ។​

​ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ស្ដីពី​សេរីភាព​បញ្ចេញ​មតិ និង​ការ​អភិវឌ្ឍ​ទីក្រុង​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ក្រីក្រ​តំណាង​សហគមន៍​ជាង​៤០ និង​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ ២០០​នាក់​ កាល​ពី​ថ្ងៃ​ម្សិលមិញ នៅ​សាលារៀន​អន្តរទ្វីប​អាមេរិកាំង។ ​

​ប្រធាន​កម្មវិធី​បច្ចេកទេស​នៃ​សមាគម​ធាងត្នោត លោក សៅ កុសល បាន​ថ្លែង​ថា បញ្ហា​ទំនាស់​ដីធ្លី​នៅ​កម្ពុជា នៅ​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​កន្លង​មក បញ្ហា​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជិត ៣០​ម៉ឺន​នាក់ ត្រូវ​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

លោក​ថា៖«បញ្ហា​ដីធ្លី​ភាគ​ច្រើនគឺ​នៅ​លើ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​មិន​ត្រឹមត្រូវជា​ពិសេស​ច្បាប់​ភូមិបាល​ដែល​ចែង​ច្បាស់​លាស់​ហើយ​ថាប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​ដី​របៀប​ម៉េច ផ្ទះ​របៀប​ម៉េច តែ​ផ្ទុយ​ទៅវិញ​វា​អត់​មាន​ប្រសិទ្ធភាពការ​អនុវត្ត​ច្បាប់​នៅ​មាន​ចន្លោះ​ខ្វះខាត ទន្ទឹម​នឹង​នោះ ក៏​យើង​ឃើញ​ថា ការ​ដោះស្រាយ​មាន​បញ្ហា​ពុក​រលួយ​អី​ផ្សេងៗ​ទៅ ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​តែ​មន​បញ្ហា»។

​អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បាន​កត់​សម្គាល់​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​បញ្ហា​ដីធ្លី បាន​នាំ​គ្នា​តវ៉ា ដោយសារ​តែ​អាជ្ញាធរ និង​រដ្ឋាភិបាល ពុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​ដោះស្រាយ​នោះ បែរ​ជា​ពួក​គាត់​រង​នូវ​ការ​បង្ក្រាប ការ​ប្រើ​ហិង្សា និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​វិញ ដែល​នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​ជួប​ជុំ ការ​បញ្ចេញ​មតិ​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​របស់​ប្រជាពលរដ្ឋ​ថែម​ទៀត។

លោក​ថា៖ «ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ដោយ​សមរម្យ យុត្តិធម៌ ដែល​ពលរដ្ឋ​អាច​ទទួល​យក​បាន»។​

​ចំណែក លោក ថេង សាវឿន អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា បាន​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ដោះដូរ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ថ្មី និង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាង៣០​ក្រុមប៉ុន្តែ​យន្តការ​ដោះស្រាយ​នៅ​មាន​ភាព​យឺតយ៉ាវនិង​តំបន់​ខ្លះ​មាន​ភ្ជាប់​នឹង​រឿង​នយោបាយ។លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែន​ដី ត្រូវ​ដោះស្រាយ​បញ្ហា​ដីធ្លី​ទៅ​តាម​គោលការណ៍​ច្បាប់ មាន​តម្លាភាព និង​ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។

​អតីត​ប្រជា​សហគមន៍​បុរី​កីឡា ដែល​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត អ្នកស្រី ខៀវ ឡៃ បាន​រៀប​រាប់​ថាពួក​គាត់​បាន​បាត់បង់​ដីធ្លីផ្ទះ​សម្បែង និង​រង​ទុក្ខ​វេទនា​ក្នុង​ជីវភាព​រស់នៅ ដោយសារ​តែ​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល យក​ដី​ពួក​គាត់​ទៅ​ក្រុម​ឈ្មួញ ឬ​ក្រុមហ៊ុន ដោយ​ពុំ​មាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ។

អ្នកស្រី​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល មុន​នឹង​ធ្វើការ​អភិវឌ្ឍ ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ មាន​សំណង​សមរម្យ ឬ​ដោះដូរ​ទីតាំង​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន។​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក​ ជៀម សុផល​មករា បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល និង​ក្រសួង បាន​ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ដោយ​ឈរ​គោលការណ៍​បម្រើ​ប្រជាពលរដ្ឋ មាន​តម្លាភាព និង​ឈរ​លើ​គោលការណ៍​ច្បាប់ ពុំ​មាន​ផ្សារ​ភ្ជាប់​នឹង​រឿង​នយោបាយ​ឡើយ។

លោក​ថា៖ «ការ​លើក​ឡើង​របស់​ពួក​គាត់ ដោយសារ​គាត់​មិន​បាន​ឃើញ​សកម្មភាព​ផ្ទាល់ ឬ​អ្វី​ដែល​ជា​ការ​ដោះស្រាយ​ថ្មីៗ​ទេ ខ្ញុំ​គិត​ថា ការ​លើក​ឡើង​របស់​ពួកគាត់ គ្រាន់​តែ​ជា​ការ​ព្រួយបារម្ភ​ទេ តែ​បើ​គាត់​ឃើញ​សកម្មភាព​នៃ​ការ​ដោះស្រាយ​របស់​ក្រុម​ការងារ​យើង នោះ​គាត់​នឹង​លែង​មាន​អារម្មណ៍​ដូច្នេះ​ហើយ ហើយ​ក្រសួង​ដែនដី​ ស្វាគមន៍​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ឲ្យ​ទាល់​តែ​អស់​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ»។​

​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា កាល​ពី​ខែ​ចុង​ខែ​សីហា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​បណ្តា​រាជធានី-​ខេត្ត មក​ដល់​ពេល​នេះ នៅ​សល់​តែ​ប្រមាណ ៨០០​ករណី​ប៉ុណ្ណោះ ក្នុង​ចំណោម​វិវាទ​ជាង ៧០០០​ករណី កាល​ពី​៤​ខែ​មុន៕

ប្រភព៖ ខ្មែរថាមស៍