Friday, March 29, 2024
Latest:

ស្ត្រីសកម្មជនបឹងកក់៤នាក់ជាប់ពន្ធនាគារ៦ខែពីបទប្រមាថមន្ត្រីរាជការ

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ពីបទ ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ។

ស្ត្រីសកម្មជនដីធ្លីបឹងកក់ ៤នាក់ដែលត្រូវតុលាការផ្ដន្ទាទោសនោះមានវត្តមានតែបីនាក់ប៉ុណ្ណោះ គឺអ្នកស្រី ទេព វន្នី អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា។ ចំណែកអ្នកស្រី ហេង មុំ ពុំមានវត្តមានក្នុងសវនាការឡើយ។ ប៉ុន្តែ អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថាត្រូវបានតុលាការដោះលែងវិញ គឺនៅសល់តែអ្នកស្រី ទេព វន្នី ប៉ុណ្ណោះដែលបញ្ចូនទៅគុគព្រៃសរវិញ ព្រោះមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងចាស់។
សវនាការនេះដឹកនាំដោយ លោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និងកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ។ សំណុំរឿងនេះ គឺសាលារាជធានីភ្នំពេញ ជាដើមបណ្ដឹង។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថា ការផ្ដន្ទាទោសអ្នកទាំង៤តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១។

នៅខាងមុខសាលាដំបូងក៏មានប្រជាសហគមន៍ស្រែកតវ៉ាទាមទាអោយមានកាដោះលែងស្ត្រីសកម្មជនទាំងនោះ។ អ្នកខ្លះកានបក្សដា អ្នកខ្លះស្រែកទាមទា និងមានធ្វើពីធីតាមបែកសាសនា មានសំពៅផលកម្ម។ ហើយក៏មានកងកម្លាំងជាច្រើនរារាំងពួកគាតដែរ តែមិនមានការប៉ះទង្គិចគ្នាទេ។
យ៉ាងណាក៏ដោយ ស្ដ្រីសកម្មជនបឹងកក់ទាំង៣នាក់ រួមនឹងសកម្មជនដទៃទៀត ដែលតវ៉ានៅខាងក្រៅរបងតុលាការ ហៅការសម្រេចរបស់តុលាការនៅពេលនេះ ជារឿងអយុត្តិធម៌បំផុត។

អ្នកស្រី ប៉ូវ សោភា អះអាងថាបើទោះជារដ្ឋាភិបាលយកប្រព័ន្ធតុលាការដាក់គំនាបគាត់ ពួកគេនៅតែបន្តតវ៉ាជាពិសេសនៅតែបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាល់តែមានការដោះលែងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី។