ទិវាបរិស្ថានពិភពលោកខួបលើកទី៤៤ ត្រូវបានប្រារព្ធនៅកម្ពុជា ក្រោមប្រធានបទ ” ព្រៃឈើ និងទន្លេគឺជាជីវិត “

កាលពីថ្ងៃទី០៥ មិថុនា២១០៦ អង្គការសង្គមស៊ីវិលចំនួនប្រាំបី បានប្រារព្វទិវាបរិស្ថានពិភពលោកខួបលើទី៤៤ ក្រោមប្រធានបទ” ព្រៃឈើ និងទន្លេគឺជាជីវិត “ ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ ដែលភាគច្រើនគឺជាយុវជន។ ទិវានេះប្រារព្វឡើងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថាន និងកត្តាដែលនាំឱ្យប៉ះពាល់ដល់ធនធានរបស់ទន្លេ និងព្រៃឈើនៅកម្ពុជា។ ការកាប់បំផ្លាញ់ព្រៃឈើ និងកាកសំណល់ បានធ្វើឲ្យមានផលប៉ះពាល់បរិស្ថានជាច្រើននៅប្រទេសកម្ពុជា ដូចជា បញ្ហាបំរែបំរួលអាកាសធាតុ និងវិនាសកម្មទូទាំងពិភពលោក។

នៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានបែងចែកជាពីរ ដែលពេលព្រឹកមានការថ្លែងសាររបស់វីរជនព្រៃឈើ និងបរិស្ថានពិភពលោក វេទិការពិភាក្សាតុមូលទាក់ទងនឹងយន្តការនានាក្នុងកិច្ចការពារបរិស្ថាន។ នៅពេលល្ងាច មានការដាក់តាំងរូបគំនូរស្តីពីបរិស្ថាន ការថ្លែងសាររបស់យុវជន ការសំដែងចាប៉ីដងវែង សម្តែងរឿងខ្លី និងការរាំកម្សាន្ត។  ក្នុងនោះដែរ អ្នកចូលរួមបានហែក្បួនជុំវិញទីលានប្រជាធិបតេយ្យដើម្បីទាមទារឱ្យដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំនៅខេត្តកោះកុង។