Thursday, April 18, 2024
Latest:

បឹងកក់ៈ រដ្ឋាភិបាលគួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

ESCR-Net

សេចក្តីប្រកាសព័ត៌មានបន្ទាន់

​បឹងកក់ៈ រដ្ឋាភិបាលគួរតែដោះស្រាយការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

អង្គការអន្ដរជាតិអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យធានាថាការអភិវឌ្ឍនៅក្នុងតំបន់មួយគឺត្រូវធ្វើឡើងទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ

ទីក្រុងញ៉ូវយក ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៥៖

កាលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥ បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ (ESCR-Net)​ បានផ្ញើរលិខិតមួយច្បាប់ទៅកាន់​រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង លើស្ថានភាពរស់នៅ ដែលក្រុមគ្រួសាររស់នៅក្នុងតំបន់បឹងកក់​កំពុងប្រឈម ជាពិសេសទាក់ទងទៅនឹងទឹកជំនន់ ប្រព័ន្ធលូ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

លោក គ្រីស ហ្គ្រូវ (Chris Grove)​ ប្រធានបណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net) បានមានប្រសាសន៍ថា “ការបណ្ដេញចេញដោយបង្ខំ ដើម្បីសំអាតតំបន់ជុំបឹងកក់ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេឃើញថាមានភាពមិនសម​ស្របទៅនឹងកតិកាសញ្ញាអន្ដរជាតិស្ដីអំពី សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”

លិខិត ដែលមានការយល់ស្រប និងគាំទ្រពីអង្គការ ជំនួន ២២០ និង សកម្មជនសិទ្ធិមនុស្ស ៥០ ក្នុងប្រទេសចំនួន ៧០ ក៏បានបញ្ជាក់ផងដែរថា ក្រុមគ្រួសារអ្នកបឹកកក់ដែលនៅសេសសល់មួយចំនួនត្រូវបានឆ្វៀលចេញពីដំណើរការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ និងបន្ដខ្វះសុវត្ថិភាពកាន់កាប់ដីធ្លី ចំណែកឯ សមាជិកគ្រួសារដែលមានចំណូលទាប ដែលបានទទួលសិទ្ធិកាន់កាប់ផ្ទះរបស់ពួកគេរួចហើយនោះ គឺតម្រូវឲ្យធ្វើតាមបទបញ្ញាត្ដិការអភិវឌ្ឍទីក្រុង ដែលនេះធ្វើឲ្យពួកគេក្លាយជាជនរងគ្រោះនៃការបណ្ដេញចេញនាពេលអនាគតខាងមុខ។

លោក គ្រីស ហ្គ្រូវ មានប្រសាសន៍ថា “យើងបានកត់សម្គាល់ដោយក្ដីព្រួយបារម្មណ៍ថា ពីរបីពាន់គ្រួសារត្រូវបានគេរាយការណ៍ថា​ បានចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងតំបន់បឹងកក់ បន្ទាប់ពីបានទទួលសំណងមិនសមរម្យ និងក្រោមរូបភាពបង្ខិតបង្ខំយ៉ាងធ្ងន់ធ្ងរបំផុត ដែលនេះធ្វើឲ្យពួកគេ​កាន់តែក្រីក្រខ្លាំងទៅៗ។”

បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ESCR-Net)​​ សូមអំពាវនាវដល់រាជរដ្ឋាភិបាល​កម្ពុជា សូមផ្ដល់សុវត្ថិភាពផ្លូវច្បាប់កាន់កាប់ដីធ្លី ទៅដល់ក្រុមគ្រួសារដែលនៅសេស​សល់នៅក្នុងតំបន់បឹងកក់ រួមទាំងផ្ដល់ជំនួយផ្នែកថវិការ និងផ្នែកបច្ចេកទេសទៅដល់សមាជិកគ្រួសារ សម្រាប់ឲ្យពួកគេកែលម្អរលំនៅឋានរបស់ពួកគេទៅតាមបទដ្ឋានលំនៅឋាន និងស្របទៅនឹងគោលនយោបាយលំនៅដ្ឋានជាតិ ដែលបានអនុម័ត​ពេលថ្មីៗ នេះ។

ជាចុងក្រោយ លិខិតនេះ អំពាវនាវ ដើម្បីធានាថា រាល់ការអភិវឌ្ឍជុំវិញតំបន់បឹងកក់ គឺត្រូវធ្វើឡើងឲ្យស្របទៅតាមបទដ្ឋានទទួលស្គាល់ជាអន្ដរជាតិ និងមិនរំលោភសិទ្ធិសហគមន៍ដែលទទួលរងផលប៉ះ​ពាល់។

លិខិតទាំងស្រុង គឺអាចរកបាននៅក្នុងតំណរភ្ជាប់នេះ​ http://goo.gl/tjOJ6I

អំពី ESCR-Net

បណ្តាញអន្តរជាតិដើម្បីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌​ (ESCR-Net)​ មានបណ្ដាញជាង២៧០អង្គការ អ្នកចលនាសង្គម និងសកម្មជនពីបណ្ដាប្រទេស៧០ ជុំវិញពីភពលោក។ ESCR-Net ផ្ដល់ការផ្លាស់ប្ដូរបែបយុទ្ធសាស្រ្ដ និងការតស៊ូមតិបែបសមូហភាពក្នុងការកសាងចលនាសកលលោកដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងយុត្ដិធម៌សង្គមពិតប្រាកដសម្រាប់ទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.escr-net.org.

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

លោក អ៊ី សារ៉ុម

នាយកប្រតិបត្ដិ នៃអង្គការសមាគមធាងត្នោត

sarom@teangtnaut.org

លោក អៀង វុទ្ធី

នាយកប្រតិបត្ដិ នៃអង្គការសមធម៌កម្ពុជា

vuthy@equitablecambodia.org

Sergio Rozalén (English/Spanish).

អ្នកសម្រសម្រួលការទំនាក់ទំនង​ របស់អង្គការ ESCR-Net.

srozalen@escr-net.org