Tuesday, April 16, 2024
Latest:

អង្គការ​សង្គមស៊ីវិល​សម្ដែងការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត ​ធ្វើទុក្ខ​បុកម្នេញ​មកលើ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា

ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០១៨ – យើងខ្ញុំ​ជា អង្គការ​សង្គមស៊ីវិល​ ដែល​មាន​រាយនាម​ដូចខាងក្រោម​ សូមសម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្តន៍​ចុងក្រោយ​នេះ ទៅ​លើ​សេរីភាព​សារព័ត៌មាន ​ពាក់ព័ន្ធ​នឹងភាពមិន​ច្បាស់លាស់ ​នៃ​ការលក់​ស្ថាប័ន​កាសែត​ភ្នំពេញប៉ុស្ដិ៍​ និងការ​បញ្ជាភ្លាមៗ​របស់​ម្ចាស់ថ្មី​នៃកាសែត​នេះ ឱ្យ​លុប​ចោល​អត្ថបទ​ព័ត៌មាន ​ដែលបាន​ចេញ​ផ្សាយរួច​។ ទង្វើនេះ​បាន​នាំ​ឱ្យអ្នករាយការណ៍​ព័ត៌មាន​ និងបុគ្គលិកជាន់​ខ្ពស់ចំនួន​១៣នាក់ ​សម្រេចចិត្ត​លាឈប់​ពី​ការងារ ខណៈដែ​ល​និពន្ធ​នាយក​នៃកាសែតនេះ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​។

នេះគឺជា​ករណី​ចុងក្រោយ​មួយ​ ក្នុងចំណោម​ការធ្វើទុក្ខ​បុកម្នេញ​ជាច្រើនបន្តបន្ទាប់​ទៀត​ ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់លំហ​សារព័ត៌មាន ចាប់តាំងពី​ពាក់កណ្ដាល​​ឆ្នាំ​២០១៧​មក។ ភ្នំពេញប៉ុស្ដិ៍ គឺជា​កាសែត​ចុះផ្សាយ​ជាភាសា​ខ្មែរនិងអង់គ្លេស​ ដែល​​ត្រូវបាន​ចាត់ទុកថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយនៅ​កម្ពុជា ហើយការផ្លាសប្ដូរ​ម្ចាស់ថ្មី​នៃ​កាសែត​នេះ បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅពេល​ខាងមុខ។​

បន្ទាប់ពី​បាន​ចូល​កាន់​តំណែង​ កាលពី​ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០១៨​ ពោលគឺ​ត្រឹម​រយៈពេល ២​ថ្ងៃប៉ុណ្ណោះ​ ម្ចាស់ថ្មី​នៃកាសែត​ភ្នំពេញ​ប៉ុស្ដិ៍ លោក​ Sivakumar S.​ Ganapathy​ បានបញ្ជា​ឱ្យលុបចោល​នូវអត្ថបទ​ព័ត៌មាន​មួយ​ ដែល​ពណ៌នា​អំពីជីវប្រវត្តិ​ និងមុខ​ជំនួញ​របស់លោក​ ជាមួយ​អាជ្ញាធរ​កម្ពុជា​ កាលពី​អតីតកាល​។ លោក​មិនបាន​បញ្ជាក់ពី​ភាពខុសឆ្គង​ ឬហេតុផល​នៅពីក្រោយ​ការបញ្ជា​របស់លោក​នោះទេ​ ខណៈដែលបុគ្គលិកជាន់ខ្ពស់​៤នាក់​ បានបដិសេធ​ ក្នុងការ​លុបចោល​អត្ថបទ​នោះ និង​បាន​សម្រេចចិត្ត​លាឈប់​ពីការងារ​ភ្លាមៗ។ ​និពន្ធនាយក​កាសែត​ភ្នំពេញប៉ុស្ដិ៍ ​ដែលបាន​កាន់តួនាទី​នេះជា​យូរមកហើយ​នោះ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​ ដោយសារ​លោក​បាន​អនុញ្ញាត​ឱ្យមានការ​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយនេះ​ ដែលនាំ​ឱ្យនាយក​ប្រតិបត្តិ​និង​ប្រធានផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​នៃកាសែត​នេះ សម្រេច​ចិត្ត​លាឈប់​ពីការងារ​ដែរ។ បុគ្គលិក​៧នាក់​ទៀត​ ក៏បានលាឈប់​ពីការងារដែរ​ នៅថ្ងៃទី៨​ ខែឧសភានេះ។

ភ្នំពេញប៉ុស្ដិ៍ គឺជា​កាសែត​ចុះផ្សាយ​ជាភាសា​ខ្មែរនិងអង់គ្លេស​ ដែល​​ត្រូវបាន​ចាត់ទុកថា​ ជា​កាសែត​ឯករាជ្យ​ចុងក្រោយ​មួយនៅ​កម្ពុជា ហើយការផ្លាសប្ដូរ​ម្ចាស់ថ្មី​នៃ​កាសែត​នេះ បាន​នាំឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ ចំពោះ​ឯករាជ្យ​ភាព​របស់​កាសែត​ នៅពេល​ខាងមុខ។​

ក្រោយពេល​កើតមាន​បញ្ហា​ពីថ្ងៃច័ន្ទ​ ទៅលើ​ឯករាជ្យភាព​នៃការ​បោះពុម្ភផ្សាយ​របស់​កាសែត​ដែលមាន​អាយុកាល​២៦ឆ្នាំនេះ ​លោក Ganapathy ក៏បានការ​រិះគន់​ជាលាយលក្ខណ៍​អក្សរ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​ នៃអ្នក​សារព័ត៌មាន​ទាំងនោះ​​ផងដែរ។​ ករណី​ទាំងពីរ​នេះ​នាំឱ្យ​​មានកង្វល់​ជាច្រើន​ ពាក់ព័ន្ធ​នឹងលទ្ធភាពរបស់​អ្នករាយការណ៍​ព័ត៌មាន​ក្នុងការ​ស៊ើបអង្កេត​ និង​ចុះផ្សាយ​ព័ត៌មាន​ ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន​ នៅថ្ងៃ​អនាគត។

នៅពេល​មានការ​ប្រកាស​លក់​ស្ថាប័ន​កាសែតនេះ​ ឈ្មោះពេញ​របស់ម្ចាស់កាសែតថ្មី ​ មិនត្រូវបាន​ដាក់បញ្ចូល​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានទេ​ ហើយក៏​មិនបាន​ពិពណ៌នា​លម្អិត​អំពីព័ត៌មាន​ពាក់ព័ន្ធ​នឹងការ​ធ្វើមុខជំនួញ​របស់លោក​នៅកម្ពុជា​ដែរ​ ក្នុងនោះ​រួមមាន​ការដឹកនាំ​ទីភ្នាក់ងារ​ទំនាក់ទំនង​សាធារណៈ​ ដែលលោក​បាន​ធ្វើការ​ជាមួយ ​សម្ដេច​នាយករដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា។ ឥឡូវនេះ​ អត្ថបទ​ព័ត៌មាន​ដ៏ចម្រូងចម្រាស​ ដែលបាន​ស៊ើបអង្កេត​លើបញ្ហា​ទាំងនេះ​ ត្រូវបាន​លុបចោល​ចេញ​ពីគេហទំព័រ​ផ្លូវការ​របស់​កាសែត​ភ្នំពេញប៉ុស្ដិ៍​ហើយ។

​ខណៈដែលកាសែត​ភ្នំពេញប៉ុស្ដិ៍ត្រូវបាន​រងចោទ​ប្រកាន់ថា​ មានជាប់​ជំពាក់​ប្រាក់ពន្ធ​ដ៏ចម្រូង​ចម្រាស​ប្រមាណជាង​ ៣,៩លានដុល្លារ​ ភាពមិន​ច្បាស់លាស់​នៃការលក់​ស្ថាប័ននេះ បាននាំ​ឱ្យមាន​មន្ទិល​សង្ស័យ​ជាច្រើន​ថាហេតុអ្វី​បានជា​បញ្ហាជាប់​ជំពាក់ពន្ធ​ ត្រូវបាន​ដោះស្រាយ​ក្នុងពេល​ជាមួយគ្នា​នៃការលក់​ស្ថាប័ន​កាសែត​ដែលមាន​អាយុកាល​២៦ឆ្នាំនេះ។​ ដូចគ្នា​នឹង កាសែត​ភ្នំពេញប៉ុស្ដិ៍​ដែរ​ កាសែត​ខេមបូឌា​ ដេលី​ ដែលតែង​ចុះផ្សាយ​ អត្ថបទ​រិះគន់​ ឥតលំអៀង​ និង​របាយការណ៍​បែបស៊ើបអង្កេត​ ត្រូវបាន​បង្ខំចិត្ត​បញ្ឈប់​ដំណើរការ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៧​ បន្ទាប់ពីរង​ការចោទ​ប្រកាន់​ថា មាន​ជាប់ជំពាក់ប្រាក់​ពន្ធ​ប្រមាណជាង​ ៦,៣លាន​ដុល្លារ។

ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត​ ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង​ រួម​បញ្ចូល​ទាំង​​ការបិទ​ហ្រ្វេកង់ស៍​របស់​វិទ្យុ​ចំនួន​៣២ ដែល​ផ្សាយព័ត៌មាន​បន្តពី​វិទ្យុ ​អាស៊ីសេរី​ (RFA)​ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) និង​វិទ្យុសំឡេង​ប្រជាធិបតេយ្យ ​(VOD) ​ជាដើម។​ វិទ្យុ​អាស៊ីសេរី​បានសម្រេច​បិទ​ការិយាល័យ​នៅកម្ពុជា​ ដោយ​អះអាង​ថាមាន​ការរឹតត្បិត​បរិយាកាស​សារព័ត៌មាន​ ហើយអតីត​អ្នករាយការណ៍​ព័ត៌មាន​ពីរនាក់​របស់​ស្ថាប័ន​នេះ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្ដោះ​អាសន្ន​រង់ចាំ​សវនាការ​ រយៈពេល​៦ខែ​មកហើយ​ ដោយ​ប្រឈម​នឹងការ​ចោទ​ប្រកាន់​ពីបទ​ក្បត់ជាតិ​ ពាក់ព័ន្ធ​នឹង​ការងារ​របស់​អ្នកទាំងពីរ ​ក្នុងនាម​ជាអ្នក​សារព័ត៌មាន​ឯករាជ្យ។​ ក្រៅពីនេះ​ សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នករាយការណ៍​ព័ត៌មាន​ផ្សេងទៀត​ បាន​សម្រេចចិត្ត​ចាកចេញ​ពីប្រទេស​កម្ពុជា ដោយសារ​តែភ័យខ្លាច​នឹងការ​ផ្តន្ទាទោស។​ នៅឆ្នាំនេះ​ ប្រទេសកម្ពុជា​បានធ្លាក់​ចំណាត់ថ្នាក់​១០លេខ​ នៅក្នុង​តារាង​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់អង្គការ​ Reporters​ Without​ Borders​ ដោយជាប់​ចំណាត់ថ្នាក់​លេខ១៤២​ ក្នុង​ចំណោម​១៨០ប្រទេស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដែលមាន​លក្ខណៈ​រិះគន់​ ដោយគ្មាន​ការជ្រៀតជ្រែក​ពី​សំណាក់​​ក្រុមហ៊ុន​សាជីវកម្ម​ ឬបម្រើផល​ប្រយោជន៍​នយោបាយ​ គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់ ​ក្នុងដំណើរការ​សង្គម​ប្រជាធិបតេយ្យ​ ក៏ដូចជា​ការ​​គោរព​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​ ដែលធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា​ និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ។ ​ដូច្នេះ ​យើងខ្ញុំ​ជា អង្គការ​សង្គមស៊ីវិល​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូមសំណូមពរ​ដោយទទួច​ឱ្យមាន​ការ​គោរព​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ ​សេរីភាព​នៃការ​បញ្ចេញមតិ​ និងសូមឱ្យ​បញ្ឈប់ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ផ្លូវ​តុលាការ ទៅលើ​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​អ្នកសារព័ត៌មាន​មាន នៅកម្ពុជា។

សេចក្ដី​ថ្លែងការណ៍​នេះ គាំទ្រ​ដោយ៖
១. សហគមន៍​២៤គ្រួសារ ​(ព្រះសីហនុ)
២. សហគមន៍​ដីធ្លី២៩៧​ (កោះកុង)
៣. សកម្មភាព​ដើម្បី​បរិស្ថាន​ និង​សហគមន៍ (AEC)
៤. អង្គការក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ACT)
៥. សហគមន៍​បឹងប្រាំ​ (បាត់ដំបង)
៦. សហគមន៍ដីធ្លីបុសស្នោរ (ត្បួងឃ្មុំ)
៧. សហព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃឈើ​កម្ពុជា​ (BWTUC)
៨. អនាគត​យុវជន​កម្ពុជា​អាស៊ាន​ (CamASEAN)
៩. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)
១០. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
១១. សហព័ន្ធសហជីព​ កម្មករចំណីអាហារ​ និងសេវាកម្ម កម្ពុជា​ (CFSWF)
១២. សមាគម​ការពារសិទិ្ធមនុស្ស​និងអភិវឌ្ឍន៍​នៅកម្ពុជា (ADHOC)
១៣. សមាគម​មន្រ្តីរាជការ​កម្ពុជា (CICA)
១៤. សមាគម​គ្រូបង្រៀន​ឯករាជ្យកម្ពុជា (CITA)
១៥. សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​(CIWA)
១៦. សហភាព​ការងារ​កម្ពុជា​ (CLC)
១៧. សម្ព័ន្ធ​ខ្មែរជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ​ (LICADHO)
១៨. អង្គការ ឆេក (CHEC)
១៩. បណ្តាញ​យុវជន​កម្ពុជា​ (CYN)
២០. មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL)
២១. សហគមន៍​ឆេកូ
២២. សហគមន៍​ជីខក្រោម (កោះកុង)
២៣. សហគមន៍​ជីខលើ (កោះកុង)
២៤. សហគមន៍​ជីទ្រុន (កំពង់ចាម)
២៥. សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)
២៦. សហគមន៍ច្រកទៀក (កំពង់ស្ពឺ)
២៧. សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​ (CISA)
២៨. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​​ (C.CAWDU)
២៩. សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)
៣០. បណ្តាញ​កសាង​សន្តិភាពសហគមន៍​ (CPN)
៣១. សហភាពចលនាកម្មករកម្ពុជា (CCW)
៣២. អង្គការ​សមធម៌​កម្ពុជា (EC)
៣៣. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (PAPD)
៣៤. សមាគម​វិចិត្រ​សិល្បៈ (FAA)
៣៥. សហគមន៏​ព្រៃឈើ  (ពោធិ៍សាត់)
៣៦. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៣៧. សហជីពសេរីកម្មកនៃព្រះរាជាណាចក្រកម្ពុជា​ (កំពង់ឆ្នាំង)
៣៨. អង្គការ​យេនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC)
៣៩. អង្គការសមាគមខ្មែរលើ​ (រតនគីរី)
៤០. សមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤១. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ
៤២. សមាគមឥន្ទ្រទេវី (IDA)
៤៣. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
៤៤. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤៥. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៤៦. គណៈកម្មាធិការ​អព្យាក្រឹត ​និងយុត្តិធម៌ ​ដើម្បីការបោះឆ្នោត​ដោយសេរី​ និងត្រឹមត្រូវ​នៅកម្ពុជា (NICFEC)
៤៧. ក្រុមយុវជនខ្មែរ ដើម្បី សន្ធិសញ្ញា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA)
៤៨. សហគមន៍​ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៤៩. សហគមន៍ដីធ្លីភូមិក្តឹបថ្ម (បន្ទាយមានជ័យ)
៥០. សហគមន៍ដីធ្លី​ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៥១. សហគមន៍ដីធ្លី​ភូមិប្រាសាទរ៉ាង (បន្ទាយមានជ័យ)
៥២. សហគមន៍ភូមិសមុទ្រលើ (រតនគីរី)
៥៣. សហគមន៍ដីធ្លី ភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៤. អង្គការពន្លកខ្មែរ
៥៥. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៥៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥៧. សហគមន៍​ព្រែក​តាគង់ (ភ្នំពេញ)
៥៨. សហគមន៍​ព្រែកតានូ (ភ្នំពេញ)
៥៩. សហគមន៍ព្រៃឈើពេជ្រចង្វាល្អឆើត (កំពង់ឆ្នាំង)
៦០. សហគមន៍ព្រៃឡង់
៦១. បណ្តាញជនជាតិដើមភាគតិចខេត្តព្រះវិហារ
៦២. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦៣. សហគមន៍ដីធ្លីសាមគ្គីមានជ័យ (ស្វាយរៀង)
៦៤. សមាគមធាងត្នោត (STT)
៦៥. សហគមន៏ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
៦៦.​ សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)
៦៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៦៨. សហគមន៍​ SOS​ ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
៦៩. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៧០. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៧១. សហគមន៍តានី (សៀមរាប)
៧២. សហគមន៍ដីធ្លីតានូន (កោះកុង)
៧៣. គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​លើ​ស្រ្តីភេទ​ (NGO-CEDAW)
៧៤. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
៧៥. សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
៧៦. សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ និងសេវាកម្ម (TESU)
៧៧. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
៧៨. សហគមន៍ទំនប់ពីរ (ភ្នំពេញ)
៧៩. សម្ព័នសហជីពកម្មករដើម្បីការងារ (UCL)