Saturday, March 2, 2024
Latest:

កម្មវិធី

ផែនទីសហគមន៍ព្រេកតាគង់ ៦០ម៉ែត្រ ដែលផលិតដោយអង្គការសមាគមធាងត្នោត

គម្រោងផែនទីសហគមន៍ កែលម្អលំនៅឋាន និងភាពធន់នៅក្នុងទីក្រុង

គម្រោងនេះមានទិសដៅផលិតនូវភស្តុតាង និងឧបករណ៍តស៊ូមតិសម្រាប់សហគមន៍ក្រីក្រ និងអ្នកពាក់ព័ន្ធដើម្បីតស៊ូមតិលើសិទ្ធិលំនៅឋានរបស់សហគមន៍។ គម្រោងនេះក៏មានគោលបំណងផលិតផែនទីដល់សហគមន៍ក្រីក្រដែលកំពុងប្រឈមការគំរាមកំហែងពីការបណ្តេញចេញ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី លំនៅឋាន និងការចរចារជាមួយអាជ្ញាធរ និងអ្នកអភិវឌ្ឍនានា។ លើសពីនេះ គម្រោងក៏មានការសិក្សាស្រាវជ្រាវអំពីបញ្ហានានានៅក្នុងទីក្រុង ជាពិសេសបញ្ហាដីធ្លី និងលំនៅឋាន។ ម្យ៉ាងទៀត គម្រោងក៏មានផ្តល់ជំនួយផ្នែកកែលម្អលំឋានខ្នាតតូច ដើម្បីពង្រឹងនូវសុវត្ថិភាពដីធ្លី និងជីវភាពរបស់សហគមន៍ក្រីក្រក្នុងរាជធានី តាមរយៈការសាងសង់ និងការជួសជុលលំនៅឋាន ការធ្វើបង្គន់អនាម័យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំប្រព័ន្ធលូ និងការធ្វើផែនការជម្រើសប្លង់តាមគម្រោងផែនការវៃឆ្លាត។

គម្រោងផែនទីសហគមន៍ កែលម្អលំនៅឋាន និងស្រាវជ្រាវ
សកម្មភាពធ្វើផ្ទះនៅក្នុងសហគមន៍ត្រពាំងរាំងក្រោមការគាំទ្រពីអង្កការសមាគមធាងត្នោត

 

 

សកម្មភាពតវ៉ារបស់សហគមន៍បឹងកក់ និងសហគមន៍នានានៅក្នុងរាជធានីភ្នំពេញទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី នៅមុខសាលាឧទ្ធរណ៍ (ឆ្នាំ២០១៧)

Community Empowerment Project

គម្រោងពង្រឹងអំណាចសហគមន៍ មានគោលដៅបង្កើនទំនុកចិត្ត និ​ងភាពជាម្ចាស់ក្នុងការរៀបចំសកម្មភាពតស៊ូមតិដោយខ្លួនឯងដើម្បីទាមទារសិទ្ធិដីធ្លី និងលំនៅឋានរបស់ពួកគេ។ ដើម្បីសម្រេចនូវទិសដៅនេះ គម្រោងគាំទ្រសហគមន៍ក្នុងការបង្កើនសមត្ថភាព​ផ្នែកច្បាប់ដីធ្លី ច្បាប់សិទ្ធិមនុស្ស សិទ្ធិលំនៅឋានសមរម្យ ការតស៊ូមតិដោយអហិង្សា បទដ្ឋានគតិយុត្តិមួយចំនួនទៀតដែលពាក់ព័ន្ធនឹងសិទ្ធិដីធ្លី និង​លំនៅ​ឋាន សម្រាប់ប្រជាសហគមន៍ក្នុងការស្វែងរកគាំទ្រពីភាគីពាក់ព័ន្ធ និងឆ្លើយតបនឹងបញ្ហាប្រឈមរបស់សហគមន៍។ ​លើសពី​​នេះទៅទៀត គម្រោងនេះក៏បានផ្តល់ឪកាសដល់សហគមន៍គោលដៅបាន​ចង់ក្រង​ជាបណ្តា​ញរវាង​សហគមន៍ក្នុងទីក្រុង និងសហគមន៍ជនបទក្នុងគោលពង្រឹងទំនាក់ទំនង និងស្វែករកការគាទ្រមតិពីគ្នាទៅវិញទៅមក។

គម្រោងពង្រឹងអំណាចសហគមន៍
សមាជិកសហគមន៍ចូលរួមទិវាលំនៅឋានពិភពលោកនៅជិតរដ្ឋភាជាតិ (ឆ្នាំ២០១៥)

រឿងរ៉ាវនៃការផ្លាស់ប្តូររបស់សហគមន៍បឹងឈូក

សកម្មភាពចុះអង្កេត និងប្រមូលទិន្នន័យសហគមន៍នៅបឹងតាមោក

Housing Rights and Research Project

គោលបំណងនៃគម្រោងនេះ គឺការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពដីធ្លីសម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុង។ គម្រោងគាំទ្រ និងពង្រឹងសមត្ថភាពសមាជិកសហគមន៍ដែលងាយរងគ្រោះដើម្បីលើកកម្ពស់ និងការពារសិទ្ធិដីធ្លីរបស់ពួកគេតាមរយៈការបណ្តុះបណ្តាល​ ការឃ្លាំមើល ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលផ្សេងៗទៀតទៅដល់សហគមន៍ដើម្បីទទួលបានព័ត៌មានច្បាស់លាស់អំពីស្ថានភាពដីធ្លីរបស់ពួកគេ។

គម្រោងសិទ្ធិដីធ្លី និងលំនៅឋានជាគម្រោងបំប្លែងចេញ និងបន្តពីគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស (Human Rights Based Spatial Planning) ដំណាក់កាលទី១ (ឆ្នាំ២០១៤-២០១៥) និងដំណាក់កាលទី២(ឆ្នាំ២០១៦- ២០១៨)។​ តាមរយៈគម្រោងទាំងពីរនេះ អង្គការសមាគមធាងត្នោតបានជួយគាំទ្រយ៉ាងច្រើនដល់សហគមន៍ក្នុងតំបន់បឹងទំពុន និងច្រាំងចំរេះ រួមមានការផ្តល់ឯកសារដំបូលន្មានផ្នែកច្បាប់ ការបណ្តុះបណ្តាលពីមូលដ្ឋានផែនការរៀបចំដីធ្លីដោយឈរលើមូលដ្ឋានសិទ្ធិមនុស្ស និងការកែលម្អសហគមន៍ជាដើម។

នាពេលបច្ចុប្បន្ននេះគម្រោងផ្តោតលើការឃ្លាំមើល និងគាំទ្រសហគមន៍ក្រីក្រក្នុងទីក្រុងដែលខ្វះការយល់ដឹងអំពីច្បាប់ភូមិបាល និងសិទ្ធិលំនៅឋានដើម្បីការពារសិទ្ធរបស់ខ្លួនពីការរំលោភបំពានដីធ្លី និងចូលរួមក្នុងការកាត់បន្ថយជម្លោះដីធ្លីនៅកម្ពុជា។ ក្រៅពីការគាំទ្រដល់ការផលិតផែនទីសហគមន៍ គម្រោងនេះក៏ផលិតផែនទី បឹងតាមោក និងបឹងទំពុន  ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។ នៅឆ្នាំ២០១៩ ផែនទីបឹងចំនួនពីរត្រូវបានផលិត និងផ្សព្វផ្សាយនៅលើគេហទំព័រ និងចែកជូនដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ជុំវិញបឹងចំនួនពីរសម្រាប់ធ្វើជាឯកសារ ក៏ដូចជាតាមដាននូវការប្រើប្រាស់នូវទ្រព្យសម្បត្តិសាធារណៈទាំងនោះ។ គម្រោងក៏មានការស្រាវជ្រាវ និងប្រមូលព័ត៌មានទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន៍ទីក្រុង ក្នុងគោលបំណងចូលរួមកែលម្អការអនុវត្តគោលនយោបាយរបស់ប្រទេសកម្ពុជាទាក់ទងនឹងការអភិវឌ្ឍទីក្រុង និងស្វែងរកអនុសាសន៍ពីអ្នកពាក់ព័ន្ធដើម្បីធានាការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

Community ICT and Media project

គម្រោងមានគោលដៅបង្កើនការយល់ដឹងពីបញ្ហារបស់សហគមន៍ក្រីក្រ និងបញ្ហានានាក្នុងទីក្រុង ដូចជា សិទ្ធិដីធ្លី និងសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិមនុស្សជាទូទៅ និងជួយគាំទ្រសហគមន៍ក្រីក្រដែលប្រឈមនឹងការបណ្តេញចេញជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ គម្រោងក៏មានតួនាទីជួយបង្កើនសមត្ថភាពរបស់សហគមន៍ទាក់ទងនឹងការប្រើប្រាស់បណ្តាញសង្គមផ្សេង តាមរយៈការបណ្តុះបណ្តាលដល់សមាជិកសហគមន៍  និងលើកកម្ពស់តម្លាភាព និងគណនេយ្យភាពសង្គមតាមរយៈការផលិតព័ត៌មាន និងចែករំលែកព័ត៌មាន​ជាសាធារណៈដល់ភាគីពាក់ព័ន្ធ។  លើសពីនេះទៅទៀត គម្រោងក៏មានសម្របសម្រួលការផ្សាយផ្ទាល់កិច្ចពិភាក្សាតុមូលនៃកម្មវិធី “សំឡេងសហគមន៍ក្រីក្រ របស់អង្គការសមាគមធាងត្នោត លើបណ្តាញសង្គមហ្វេសប៊ុក ដែលមានផ្សាយ ២ដង ក្នុងមួយខែ។

សំឡេងទីក្រុង (UVC)

សំឡេងទីក្រុង (UVC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ហើយវាជាផ្នែកមួយនៃអង្គការសមាគមធាងត្នោតដោយផ្តោតសំខាន់លើការផ្សព្វផ្សាយបញ្ហាការអភិវឌ្ឍទីក្រុង។ លើសពីនេះ សំឡេងទីក្រុងជាទម្រង់សំខាន់មួយសម្រាប់ប្រជាជន ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចចែករំលែកព័ត៌មាន ឬបញ្ហានៅតាមមូលដ្ឋានរបស់ពួកគេ តាមរយៈការដាក់របាយការណ៍ ដើម្បីចែករំលែកព្រឹត្តិការណ៍ទាំងនោះជាសាធារណៈ និងស្វែងរកដំណោះស្រាយពីភាគីពាក់ព័ន្ធ តាមរយៈគេហទំព័រអេហ្វ របស់សំឡេងទីក្រុង។