Tuesday, March 5, 2024
Latest:

សង្គមស៊ីវិលកម្ពុជាថ្កោលទោសការសម្លាប់អ្នកវិភាគឯករាជ្យ លោកបណ្ឌិត កែម ឡី

ថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៦ – យើង ខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការធ្វើឃាតលោកបណ្ឌិត កែម ឡី កាលពីព្រឹកម្សិលមិញ ដែលលោកជាអ្នកវិភាគឯករាជ្យ និងជាអ្នករៀបចំបណ្តាញប្រជាពលរដ្ឋមូលដ្ឋាន ហើយសូមអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ឯករាជ្យ និងម៉ត់ចត់ទៅលើការស្លាប់របស់លោក។

លោក កែម ឡី អាយុ ៤៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូង និងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្ស នៅកណ្តាលរាជធានីភ្នំពេញ ភ្លាមៗកាលពីមុន ម៉ោង ៩ព្រឹក ថ្ងៃអាទិត្យ។

ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗ នៅប្រហែលជាពីរគីឡូម៉ែត្រពីកន្លែងកើតហេតុបន្ទាប់ពីបានធ្វើការបាញ់ប្រហារ។ ក្រោយពេលចាប់ខ្លួន បុរសនោះបានប្រាប់ថាខ្លួនឈ្មោះ “ជួប សម្លាប់” និងសារភាពថាជាឃាតករសម្លាប់លោក កែម ឡី ហើយនិយាយថា ការសម្លាប់នេះ គឺមកពីលោក កែម ឡី មិនព្រមសងលុយដែលជំពាក់ ៣០០០ ដុល្លារអាមេរិក។ “ជួប សម្លាប់” (ជាឈ្មោះដែលនគរបាលបាននិយាយថាមិនមែនជាឈ្មោះពិត) នឹងត្រូវបញ្ជូនខ្លួនទៅកាន់តុលាការនាថ្ងៃនេះ។

ចំនួនប្រជាពលរដ្ឋបានកើនឡើងកាន់តែច្រើន មកប្រមូលផ្តុំគ្នានៅក្រៅស្ថានីយ៍ប្រេងឥន្ធនៈ ជាកន្លែងដែលសាកសពរបស់លោកស្ថិតនៅ មុនពេលដែលប្រជាពលរដ្្ឋរាប់ពាន់នាក់ទាំងនោះចាប់ផ្តើមហែសពរបស់លោក ឆ្ពោះទៅកាន់វត្តចាស់ នៅតំបន់ជ្រោយចង្វារនៅពេលរសៀលថ្ងៃអាទិត្យដដែលនោះ។ នៅពេលដែលអ្នកទាំងនោះមកដល់វត្ត ដែលមានចម្ងាយប្រមាណប្រាំពីរគីឡូម៉ែត្រ ក្បួនហែបានកើនឡើងដល់ប្រហែលជា ៥.០០០ នាក់ រាប់បញ្ចូលទាំងព្រះសង្ឃ និង សហគមន៍មូលដ្ឋានផងដែរ។

អ្នកស្រី ទេព វន្នី អ្នកតំណាងសហគមន៍បឹងកក់បានមានប្រសាសន៍ថា “យើងពិតជារន្ធត់និងឈឺចាប់ណាស់ទាក់ទងនឹងឃាតកម្មរបស់លោកបណ្ឌិត កែម ឡី នេះ។ លោកក្រោកឈរឡើងដើម្បីសិទ្ធិមនុស្ស យុត្តិធម៌ និងចង់ឲ្យកម្ពុជាមានភាពប្រសើរឡើង ហើយឥឡូវនេះ យើងទាមទារយុត្តិធម៌ជួនលោក គ្រួសារលោក និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា”។

ឃាតកម្មបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោក កែម ឡី បាននិយាយនៅក្នុងកម្មវិធីកិច្ចសន្ទនាតាមវិទ្យុអាស៊ីសេរីអំពីរបាយការណ៍ថ្មីៗ ដែលត្រូវបានផ្សាយដោយអង្គការអន្តរជាតិ គ្លូបលវីដណេស ដែលមានទីស្នាក់ការនៅទីក្រុងឡុង។

អង្គការអន្តរជាតិ ស្ថានទូតជាច្រើននៅក្នុងរាជធានីភ្នំពេញ និងអ្នកជំនាញការអង្គការសហប្រជាជាតិ បានថ្កោលទោសលើករណីឃាតកម្មនេះ។ សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញដោយក្រសួងមហាផ្ទៃកម្ពុជា បានប្រកាសប្រាប់សហគមន៍ជាតិនិងអន្តរជាតិ ចំពោះការ “ចេញផ្សាយនូវព័ត៌មានដែលមិនទាន់ច្បាស់ ដែលអាចនឹងធ្វើឲ្យសាធារណៈមតិយល់ច្រឡំ”។ នៅថ្ងៃនេះដែរ សម្ដេចតេជោក៏បានជម្រុញកុំឲ្យសាធារណជនចាត់ទុកអំពើឃាតកម្មនេះថាជារឿងនយោបាយ។

ស្ថានការណ៍នយោបាយ កាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ ២០១៨។ នេះជាការចាំបាច់ដែលការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក កែម ឡី ត្រូវតែត្រូវបានធ្វើឡើងដោយមានតម្លាភាព ដើម្បីឲ្យមានការជឿទុកចិត្ត និងជៀសវាងការយល់ច្រឡំនានា ដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ។

លោកស្រី ណាលី ពីឡូក នាយិការង អង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋកម្ពុជាត្រូវតែមានសេរីភាពក្នុងការចូលរួម នៅក្នុងលទ្ធិប្រជាធិបតេយ្យ ដោយមិនមានការភ័យខ្លាច”។ លោកស្រីបន្តទៀតថា៖ “ឃាតកម្មរបស់លោកគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំសង្ឃឹមថានឹងមាននូវវិធានការភ្លាមៗ ដោយគួរតែចាប់ផ្តើមធ្វើការស៊ើបអង្កេតឲ្យបានពេញលេញដោយអ្នកជំនាញការ ដើម្បីធានាបាននូវភាពយុត្តិធម៌”។

កាលពីឆ្នាំ២០១៤ លោក កែម ឡី បានបង្កើតក្រុមបណ្ដាញពលរដ្ឋមូលដ្ឋានមួយមានឈ្មោះថា “ខ្មែរដើម្បីខ្មែរ” ដែលមានបំណងដើម្បីពង្រឹងនូវលទ្ធិប្រជាធិបតេយ្យនៅក្នុងគណបក្សនយោបាយ។ មួយឆ្នាំក្រោយមក ក្រុមនេះបានចាប់ផ្ដើមប្រែក្លាយជា “គណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ហៅកាត់ថា “គបម”។ លោក កែម ឡី គ្មានតួនាទីដឹកនាំអ្វីនៅក្នុងគណបក្សថ្មីនេះទេ ប៉ុន្តែលោកនៅតែធ្វើជាអ្នកវិភាគនយោបាយដែលមិនសំចៃមាត់ និងជាអ្នករិះគន់រដ្ឋាភិបាល។ ឥឡូវនេះ លោកបានបន្សល់ទុកនូវប្រពន្ធដែលកំពុងមានផ្ទៃពោះប្រាំខែនិងកូនតូចៗបួននាក់។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតបានមានប្រសាសន៍ថា៖ “លោក កែម ឡី គឺជាអ្នកដឹកនាំដ៏មានភាពរស់រវើកដែលបានជម្រុញចិត្តសកម្មជនសហគមន៍រាប់ពាន់នាក់ តាមរយៈការងាររបស់លោក រាប់បញ្ចូលទាំងការងារជាមួយ ខ្មែរដើម្បីខ្មែរ និងការងារជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន”។ លោកបន្ថែមទៀតថា “គ្រប់គ្នាដែលស្គាល់លោកគឺពិតជារន្ធត់ញាប់ញ័រ ហើយឃាតកម្មដ៏សាហាវឃោរឃៅនេះនឹងធ្វើឲ្យអ្នកទាំងនោះបាត់បង់គំនិតឯករាជ្យ រួមទាំងគំនិតថ្មីៗរបស់លោក ប៉ុន្តែយើងនឹងបន្តនូវអ្វីដែលគាត់បានចាប់ផ្ដើម”។

លោក មឿន តុលា នាយកនៃអង្គការ សង់ត្រាល់ បានមានប្រសាសន៍ថា “លោក កែម ឡី គឺក្លាហាន និងហ៊ាននិយាយរិះគន់ចំៗទៅលើរដ្ឋាភិបាល តែពេលនេះលែងមានសំឡេងរបស់គាត់ទៀតហើយ។ ឃាតកម្មរបស់លោកអាចជាការប៉ុនប៉ងដើម្បីគំរាមគំហែងដល់សំឡេងអ្នករិះគន់ដទៃទៀត ក៏ប៉ុន្តែយើងសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជានឹងនៅតែបន្តបញ្ចេញទស្សនៈ ប្រើប្រាស់សិទ្ធិ និងសម្ដែងមតិរបស់ខ្លួន”។

យើងខ្ញុំសង្ឃឹមថា នៅគ្រប់ទីកន្លែង អ្នកវិភាគនយោបាយដែលចូលប្រឡូកទៅក្នុងឆាកនយោបាយ គឺគួរតែអាចអនុវត្តការងាររបស់អ្នកទាំងនោះដោយស្របច្បាប់ មិនមានការភ័យខ្លាចពីអំពើហិង្សានិងការគំរាមគំហែង។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមធ្វើការថ្កោលទោសទៅលើឃាតកម្មនេះ និងសង្ឃឹមថានឹងមានការស៊ើបអង្កេតឯករាជ្យមួយយ៉ាងឆាប់រហ័ស ដោយម៉ត់ចត់ រាប់បញ្ចូលទាំងការធ្វើកោសល្យវិច្ច័យដោយអ្នកធ្វើកោសល្យវិច្ច័យឯករាជ្យដើម្បីឲ្យលោក កែម ឡី ក៏ដូចជាក្រុមគ្រួសាររបស់លោកទទួលបាននូវយុត្តិធម៌។

1. សហគមន៍កៅពីរ
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍អារ៉ែង (AC)
4. សហគមន៍បន្ទាយស្រី
5. អង្គការបន្ទាយស្រី (BSO)
6. សហគមន៍បឹងប្រាំ
7. សហគមន៍បឹងឈូក
8. សហគមន៍បឹងកក់
9. សហគមន៍បឹងត្របែក
10. សហគមន៍បុរីកីឡា
11. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
12. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
13. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
14. អនាគតយុវជនកម្ពុជាអាស៊ាន
15. សមាគអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA)
16. សម្ព័ន្ធសហជីពកម្ពុជា (CATU)
17. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
18. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
19. បណ្តាញកម្មករការងារតាមផ្ទះកម្ពុជា (CDWN)
20. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
21. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
22. សមាគមមន្រ្តីរាជការកម្ពុជា (CICA)
23. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
24. សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (CIYA)
25. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIWA)
26. សហភាពការងារកម្ពុជា (CLC)
27. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
28. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បី លុបបំបាត់រាល់ទម្រង់រើសអើង លើស្រ្តីភេទ (NGO-CEDAW)
29. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
30. បណ្តាញយុវជនកម្ពុជា (CYN)
31. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
32. សហគមន៍ឆេកូ
33. សហគមន៍ជ័យជំនះ
34. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
35. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
36. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
37. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
38. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
39. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
40. បណ្តាញកសាងសន្តិភាព (CPN)
41. សមធម៌កម្ពុជា (EC)
42. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
43. សហគមន៍បណ្តាញអតីតស្ត្រីបឹងកក់
44. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
45. ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
46. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
47. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
48. សមាគឥន្ទ្រទេវី (IDA)
49. សមាគមយុវជនខ្មែរ (KYA)
50. សហគមន៍ដីធ្លី ភូមិ១ ក្រុងព្រះសីហនុ
51. សហគមន៍ដីធ្លី ភូមិព្រែកជី ខេត្តកោះកុង
52. សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង
53. អង្គការមាតាធម្មជាតិ (MN)
54. អង្គការស្ពានសន្តិភាព (PBO)
55. សហគមន៍ភ្នំបាត
56. សហគមន៍ភូមិ២៣
57. អង្គការពន្លកខ្មែរ
58. សហគមន៍ព្រែកតាគង់
59. សហគមន៍ព្រែកតានូ
60. សហគមន៍ព្រៃឡង់
61. សហគមន៍ផ្លូវរថភ្លើង
62. សហគមន៍សាមគ្គី៤
63. សមាគមធាងត្នោត (STT)
64. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
65. អង្គការស្ត្រីខ្មែរ
66. សហគមន៍ថ្មគោល (TK)
67. សហគមន៍ទួលសង្កែB
68. សហគមន៍ត្រពាំងអញ្ចាញថ្មី
69. សហគមន៍ទំនប់ពីរ
70. បណ្តាញព្រះសង្ឃវត្តថាន់

PDF: ទាញយកសេចក្តីថ្លែងការណ៍