ព្រឹត្តិការណ៍នៃការជិះកង់ជុំវិញបឹងតាមោកដើម្បីចូលរួមទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមយុវជនដែលស្រលាញ់បរិស្ថានជាង៣០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នៃការជិះកង់ជុំវិញបឹងតាមោក ដែលរៀបចំ និងសម្របសម្រួលដោយក្រុមការងាររៀបចំទិវាបរិស្ថានពិភពលោកឆ្នាំ២០២២ ដែលមានសមាគម និងអង្គការស្ថាប័នចំនួន១៥។ ព្រឹត្តិការណ៍មានគោលបំណងសំខាន់ៗចំនួន៣៖

ទី១ លើកកម្ពស់ការយល់ដឹងពីស្ថានភាពទូទៅ អត្ថប្រយោជន៍ និងបញ្ហាប្រឈមផ្សេងៗរបស់បឹងតាមោក
ទី២៖ លើកកម្ពស់ការអនុវត្តសិទ្ធិរបស់យុវជនក្នុងកិច្ចការពារបរិស្ថាន និង
ទី៣ ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធជាពិសេសអ្នកដែលមាន​​សិទ្ធិក្នុងការសម្រេចចិត្តឱ្យពួកគាត់បានដឹង និងពិចារណាក្នុងការបញ្ឈប់ការកាត់ និងលុបបឹង​តាមោក។

ព្រឹត្តិការណ៍ នេះបានចេញដំណើរពីសហគមន៍មួយដែលមានទីតាំងនៅប៉ែកខាងកើតបឹងតាមោក រួចបន្តដំណើរតាមផ្លូវទំនប់កប់ស្រូវរួចចាក់ទៅផ្នែក​កណ្តាលនៃបឹង មុននឹងបន្តដំណើរទៅប៉ែកខាងលិច និងខាងជើង។
ក្នុងព្រឹត្តិការណ៍នេះក៏មានបញ្ហាមួយចំនួនដូចជាមានការបិទផ្លូវពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅចូលទៅផ្នែកកណ្តាលបឹងដែលមិនឱ្យក្រុមយុវជនបានមើលឃើញទិដ្ឋភាពនៃការចាក់លុបបឹង និងរណ្តៅដ៏ជ្រៅដែលគេកាយដើម្បីយកអាចម៍ដីលុបបឹងជាដើម។ ក្រៅពីនេះក្រុមយុវជន​របស់យើងក៏ត្រូវជិះកង់​កាត់ទឹងដោយសារជំនន់ទឹកភ្លៀងជន់លិចផ្លូវជាដើម។

បើទោះបីជាមានឧបសគ្គខ្លះៗ តែយុវជនរបស់យើងសម្តែងនូវការពេញចិត្តចំពោះការលះបង់កម្លាំងកាយ និងវេលារបស់គេក្នុងព្រឹត្តិការណ៍មួយនេះ។
សូមបញ្ជាក់ថាបឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយ​មហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា លាតសន្ធឹងលើខណ្ឌចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥។ នៅជុំវិញបឹងមាន​ប្រជា​ពលរដ្ឋប្រហែល ៣០០គ្រួសារ និងចំនួនមនុស្សប្រមាណ ១០០០នាក់កំពុងរស់នៅដែលភាគច្រើនពួកគាត់ប្រកបមុខរបរដូចជា នេសាទ ចិញ្ចឹមត្រី ដាំឈូក ធ្វើស្រែចំការ និងលក់ដូរតាមផ្ទះតិចតួច។ បឹងនេះត្រូវបានកំណត់ដោយអនុក្រឹត្យក្នុងឆ្នាំ២០១៦ និងគិតត្រឹមចុងឆ្នាំ២០២១នេះ ផ្ទៃបឹងត្រូវបាន​កាត់ប្រគល់​ទៅឱ្យបុគ្គលឯកជន និងស្ថាបនសាធារណៈយ៉ាងតិច ៤៦ដង មានមានទំហំសរុបចំនួន ២០៩៤ ហិកតា ឬស្នើនឹង៦៥ ភាគរយនៃផ្ទៃបឹងទាំងមូល។

Comments