ប្រភព៖ ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ៖ ប្រជាពលរដ្ឋជិត ២០០ នាក់តំណាងឱ្យ ១៤៧ គ្រួសារមកពីខេត្តកោះកុងដេលមានជម្លោះជាមួយក្រុមហ៊ុនកោះកុង ស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ និងក្រុមហ៊ុន ហេង ហ៊ុយ ខាល់ឆ័រគ្រុបកំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ីរាជធានីភ្នំពេញបានព្រមានហែញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ វិវាទដីធ្លីដែលអូសបន្លាយជិត១០ឆ្នាំខណៈមន្ត្រីដោះស្រាយការងារនេះស្នើពលរដ្ឋរង់ចាំការដោះស្រាយរបស់ក្រសួងដែលកំពុងធ្វើលើរឿងនេះ។
អ្នករងគ្រោះទាំងនោះមកពីភូមិ រួមមាន ភូមិតាធង ព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្តាល ភូមិជីខ ឃុំជីខលើ និងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ភូមិកណ្តាល ឃុំកណ្តាល ស្រុកបុទុមសាគរខេត្តកោះកុង។
តំណាងសហគមន៍ដីធ្លីអ្នកស្រី ផាង ញើង បានថ្លែងថា កាលពីថ្ងៃទី ២០ ក្រុមគាត់បានទៅរដ្ឋសភា និងទៅក្រសួងបរិស្ថាន ដើម្បីពន្លឿនដំណោះស្រាយ តែមិនទាន់មានការឆ្លើយតបជាវិជ្ជមានឡើយខណៈដែលមន្ត្រីនៅមូលដ្ឋានមិនមានចេតនាដោះស្រាយ។ អ្នកស្រីបន្ថែមថា ដោយសារអស់ជំនឿលើមន្ត្រីថ្នាក់ក្រោម ក្រុមគាត់នឹងដាក់ញត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញម្តង ដើម្បីជួយដោះស្រាយលើបញ្ហាដ៏រុាំរ៉ៃនេះ។ អ្នកស្រីថា៖ បើនៅតែអត់មានដំណោះស្រាយ ពីរថ្ងៃទៀតពួកខ្ញុំទៅខុទ្ទកាល័យសម្តេច ហ៊ុន សែន ដោយសារយើងអត់មានជម្រើសទៀតទេ ខ្ញុំជឿសម្តេចនាយកប្រហែលជាដឹងរឿងនេះ ព្រោះលោកសមាជិតព្រឹទ្ធសភាលោក លី យ៉ុងផាត់ ជាអ្នកយកដីនេះ តែប្រហែលជាលោកមិនដាក់ចំណាត់ការឱ្យលឿន អ៊ីចឹងយើងនឹងទៅរកគាត់ជំរុញឱ្យដោះស្រាយលឿនបំផុត។
សមាជិកក្រុមការងារដោះស្រាយវិវាទដីធ្លីនៃគណៈកម្មការទី៨នៃក្រសួងដែនដីលោក អេ ប៊ុនធឿន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងទៅក្រសួងបានចុះវាស់វែងដីធ្លីនៅតំបន់មានជម្លោះ និងយកមកផ្ទៀងផ្ទាត់ទើបមានវិធានការតាមក្រោយ។ ហើយបានស្នើឱ្យពលរដ្ឋអត់ធ្មត់រង់ចាំការដោះស្រាយ ដោយអះអាងថាបញ្ហាដីធ្លីមានភាពស្មុគស្មាញ។ លោកបញ្ជាក់ថា៖ គាត់ចេះតែចង់ឱ្យយើងដោះស្រាយលឿន តែយើងមាននីតិវិធីក្នុងការពិនិត្យ និងស្រាវជ្រាវព្រោះយើងមិនធ្វើតែរឿងគាត់មួយទេនៅមានរឿងផ្សេងទៀតដែលត្រូវធ្វើអ៊ីចឹងវាមិនបានឆាប់ទេ ណាមួយទៀតពួកគាត់មានច្រើនគ្រួសារឥឡូវយើងមិនទាន់សម្រេចយ៉ាងម៉េចទេ ព្រោះយើងនៅបន្តស្រាវជ្រាវពីអត្តសញ្ញាណគាត់ ទីតាំងដី យើងចង់ធ្វើម្តងឱ្យចប់យើងមិនអាចសន្យាថាដោះស្រាយពេលណាចប់ទេ អាស្រ័យលើការសហការពីភាពស្មោះត្រង់ពួកគាត់ក្នុងការផ្តល់ព័ត៌មានឱ្យយើងដែរ ព្រោះកន្លងទៅគ្នាគាត់ចេះតែថាទំហំដីធំ អ្នកខ្លះមិនមានដីថាមានដីដែរ ហើយអ្នកខ្លះជាសមាសភាពដែលក្រុមហ៊ុនធ្លាប់ដោះស្រាយហើយ តែនៅបន្តទាមទារទៀត រឿងហ្នឹងយើងត្រូវវែកញែកឱ្យច្បាស់លាស់។ យ៉ាងណាក៏លោកបញ្ជាក់ថាក្រសួងមិនដែលយកសំណើរបស់ប្រជាពលរដ្ឋមកទុកចោលនោះទេ ហើយនឹងបន្តធ្វើតាមនីតិវិធីច្បាប់។
បើតាមលោកអេ ប៊ុនធឿនបន្ទាប់ពីពិនិត្យចប់សព្វគ្រប់ចំនួន ១៥គ្រួសារ ដែលធ្លាប់បានវាស់វែង ក្រសួងនឹងចុះពិនិត្យទីតាំងមានជម្លោះផ្សេងទៀតនៅថ្ងៃខាងមុន។
កន្លងទៅប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនៃរដ្ឋសភាលោក អេង ឆៃអ៊ាង បញ្ជាក់ថារដ្ឋសភាបានបញ្ជូនលិខិតអន្តរាគមន៍របស់ពលរដ្ឋទៅកាន់ក្រសួងបរិស្ថានដើម្បីពិនិត្យលើសំណើរបស់ពលរដ្ឋរួចហើយកាលពីខែវិច្ឆិកាឆ្នាំនេះ ក្រោយពីទទួលបានញត្តិភ្លាម។ តែកាលពីថ្ងៃទី ២០ អ្នកនាំពាក្យក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បញ្ជាក់ថាក្រសួងពុំមានសមត្ថកិច្ចដោះស្រាយវិវាទដីធ្លីទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ចទេដោយបង្វែរទៅក្រសួងកសិកម្មវិញ។ បើតាមពលរដ្ឋ ពួកគេភាគច្រើនរស់នៅតាំងពីឆ្នាំ ១៩៧៩ និងអ្នកខ្លះតាំងពីឆ្នាំ ១៩៩៣ មកបានបង្កបង្កើនផលរួមមាន ស្រូវ ពោត ដំឡូង ចេក កៅស៊ូ ស្វាយ ទុរេន ក្រូច សាវម៉ាវ ព្រមទាំងដាំបន្លែ និងរកអនុផលឈើនៅទីនោះ។ តែលុះដស់ឆ្នាំ ២០០៦ ក្រុមហ៊ុនទាំងពីរនេះបានយកគ្រឿងចក្រចូលមកឈូសឆាយបំផ្លាញគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះកន្លងមកនិងបច្ចុប្បន្នក្រុមហ៊ុនបានធ្វើសកម្មភាពចាប់ ឬសម្លាប់សត្វគោក្របីរបស់អ្នកភូមិទៀតផង។ ភ្នំពេញប៉ុស្តិ៍មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកឧកញ៉ា ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុនហេង ហ៊ុយ និងក្រុមហ៊ុនកោះ កុងស៊ូហ្គ័ររបស់លោក លី យ៉ុងផាត់ បាននៅឡើយទេ៕
រូបភាពដោយភ្នំពេញប៉ុស្តិ៍