ទិដ្ឋភាពទូទៅ
កាលពីដើមខែសីហា ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋចំនួន ៣២០ គ្រួសារ ដែលរស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ រាជធានីភ្នំពេញ (ដែលស្គាល់ថាជាសហគមន៍ផ្លូវរថភ្លើង) បានយល់ព្រមទទួលយកសំណងដីធ្លីដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន តាមរយៈការចាប់ឆ្នោតយកទីតាំងដីឡូតិ៍។ គួររំលឹកថា ករណីវិវាទដីធ្លីនេះ បណ្តាលមកពីគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់រដ្ឋ ទំហំ ១២ ម៉ែត្រ ព្រមទាំងប្រព័ន្ធលូតាមបណ្តោយផ្លូវរថភ្លើងចាស់។ ផ្លូវបេតុងថ្មីនេះនឹងរត់កាត់បីខណ្ខ ដោយភ្ជាប់ពី ខណ្ឌ ទួលគោក ទៅខណ្ឌឫស្សីកែវ ឆ្លងកាត់ ខណ្ឌដូនពេញ ដែលនេះទើបបណ្តាលឱ្យសហគមន៍ផ្លូវរថភ្លើងត្រូវបានប្រឈមនឹងការជម្លៀសចេញពីគម្រោងសាធារណៈមួយនេះ។ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រមតិ និងការចរចាជាច្រើនលើកកន្លងមក រដ្ឋបាលខណ្ឌឬស្សីកែវ បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ ដើម្បីបែងចែកដីធ្លីជូនគ្រួសារ ដែលរងផលប៉ះពាល់នៅតំបន់ទីតាំងថ្មី ដែលស្ថិតនៅតំបន់ក្បែរប្រឡាយអូរវែង ភូមិបឹងសាឡាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
គ្រួសារនីមួយៗ ទទួលបានដីទំហំ ទទឹង ៤ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រ ដោយមិនមានប្រាក់ឧបត្ថម្ភបន្ថែមអ្វីទាំងអស់។ សូមរំលឹកផងដែរថា ដំណោះស្រាយនេះបានកើតឡើង បន្ទាប់ពីការស្វែងរកការគាំទ្រមតិរបស់សហគមន៍ផ្លូវរថភ្លើង និងសកម្មជនដីធ្លី អស់រយៈពេលរាប់ឆ្នាំមកហើយ ដោយសមាជិកសហគមន៍ បានការពារសិទ្ធិរបស់ពួកគេដើម្បីទទួលបានសិទ្ធិដីធ្លី និងសិទ្ធិមានលំនៅដ្ឋានសមរម្យ។ ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍ទាំងមូលក៏មានការព្រួយបារម្ភជាចម្បងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីតាំងថ្មីរបស់ពួកគេនឹងមិនអាចត្រូវបានសាងសង់ក្នុងពេលឆាប់ៗនេះបានទេ ដោយសារផ្នែកជាច្រើននៃទីតាំងនេះ ទើបតែចាប់ផ្តើម ចាក់ដីបំពេញសម្រាប់សាងសង់ផ្ទះតែប៉ុណ្ណោះ។

ការចុះពិនិត្យទីតាំង និងពិភាក្សាជាមួយអ្នកដឹកនាំសហគមន៍ និងសមាជិក
បន្ទាប់ពីសហគមន៍បានទទួលយកដីឡូតិ៍រួចមក អង្គការសមាគមធាងត្នោត បានចុះទៅពិនិត្យមើលតំបន់ សម្រាប់ការផ្លាស់ប្តូរទីតាំងថ្មីនេះ ដើម្បីអង្កេតពីស្ថានភាពជាក់ស្តែង។ ផ្នែកខ្លះនៃទីតាំងនេះក៏បានបោះបង្គោលរួចហើយ សម្រាប់ប្រជាសហគមន៍ផ្លូវរថភ្លើង។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានគ្រួសារណាមួយបានផ្លាស់មកទីតាំងថ្មីនេះ នៅឡើយទេ ដោយសារទីតាំងរៀបចំមិនទាន់រួចរាល់។ លើសពីនេះទៅទៀត អង្គការសមាគមធាងត្នោតក៏បានកត់សម្គាល់ផងដែរថា ក្នុងតំបន់នេះ ពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាត ឬប្រព័ន្ធភ្លើងនៅឡើយទេ។ ម្យ៉ាងទៀត ផ្លូវទល់មុខដីពុះឡូតិ៍ដែលបានចែកជូនប្រជាសហគមន៍នេះ នៅមិនទាន់មានការអភិវឌ្ឍន៍នៅឡើយទេ បើទោះបីជាផ្លូវនេះមានក្រាលគ្រួសក៏ដោយ។

តំណាងសហគមន៍ម្នាក់បានប្រាប់ អង្គការសមាគមធាងត្នោតថា ទោះបីជាគ្រួសារទទួលយកកញ្ចប់សំណងក៏ដោយ ក៏សមាជិកសហគមន៍បានបន្តស្នើសុំជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានកន្លងមក ដើម្បីអំពាវនាវដល់អាជ្ញាធររាជធានី ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈបន្ថែម។ គ្រួសារនីមួយៗ មានតម្រូវការថរិកាជាចាំបាច់ សម្រាប់ការដឹកជញ្ជូនសម្ភារសំណង់ ការចំណាយលើការសាងសង់ផ្ទះថ្មី ការតភ្ជាប់បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ក៏ដូចជាការទាមទារឱ្យផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។ ជំហានបន្ទាប់របស់ប្រជាសហគមន៍គឺការស្នើសុំចុះបញ្ជីដីធ្លីបន្លែមទៀត។ ក្រៅពីនេះ តំណាងសហគមន៍ក៏បានសង្កត់ធ្ងន់ថា នេះគឺជារឿងបន្ទាន់បំផុត ហើយបច្ចុប្បន្ននេះពួកគាត់កំពុងស្វែងរកការគាំទ្រពីអាជ្ញាធររាជធានី និងអាជ្ញាធរមូលដ្ឋាន។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សមាជិកសហគមន៍មួយចំនួនទៀតបានសម្តែងពីការធូរស្រាលក្នុងចិត្ត និងត្រេកអរ ដែលរដ្ឋាភិបាលបានផ្តល់សំណងមួយចំនួនដល់ពួកគេ។ ទោះជាយ៉ាងនេះក្តី ពួកគាត់មានការព្រួយបារម្ភ ចំពោះការកង្វះខាតផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់ផ្ទះឡើងវិញនៅលើដីឡូតិ៍តាមប្រឡាយនេះ។ សមាជិកសហគមន៍ក៏បានបង្ហាញការព្រួយបារម្ភ ស្រដៀងទៅនឹងការលើកឡើងរបស់តំណាងសហគមន៍បានលើកឡើងខាងដើម ទាក់ទងនឹងការទទួលបានប្រព័ន្ធទឹក ភ្លើង និងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី។ អង្គការសមាគមធាងត្នោតមានក្តីបារម្ភមួយ ក្រោយពីបានសម្ភាសជាមួយនឹងប្រជាសហគមន៍មក ដោយហេតុថា ពួកគាត់នឹងអាចទាក់ទងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីស្នើសុំប្រាក់កម្ចីដើម្បីសាងសង់ផ្ទះថ្មីរបស់ពួកគេជាដើម។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនរួមទាំងអង្គការសមាគមធាងត្នោតផង បានចងក្រង និងស្រាវជ្រាវអំពីការអនុវត្តដែលខ្វះសីលធម៌នៃការផ្តល់កម្ចីដែលធ្វើឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ប្រសិនបើកម្ចីទាំងនេះត្រូវបានគេយកទៅសាងសង់ផ្ទះ ប្រជាសហគមន៍ក្រីក្រនឹងប្រឈមបញ្ហាបន្ថែមទៀត។

ក្របខ័ណ្ឌគតិយុត្តិសំខាន់ៗដើម្បីធានាគុណភាពនៃការតាំងទីលំនៅថ្មី
សិទ្ធិទទួលបានលំនៅឋានសមរម្យត្រូវបានធានាដោយបទប្បញ្ញត្តិនៃច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ មាត្រា២៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានលំនៅឋាន។ សិទ្ធិនេះត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលចែងនៅក្នុងមាត្រា ១១ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលត្រូវតែ “ចាត់វិធានការសមរម្យ” ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសិទ្ធនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងការបណ្តេញចេញ ការតាំងទីលំនៅថ្មី និងសិទ្ធិមនុស្សមិនត្រូវបានកំណត់ច្បាស់លាស់នៅក្នុងនេះទេ។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា (ឆ្នាំ១៩៩៣) ទទួលស្គាល់ពីសារៈសំខាន់ក្នុងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសដូចដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ពាក់ព័ន្ធនឹងការបណ្តេញចេញ និងការតាំងទីលំនៅថ្មី មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបានចែងអំពីកម្មសិទ្ធដីធ្លី ដោយសង្កត់ធ្ងន់ទៅលើកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជា ដោយមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
សារាចរណែនាំស្តីពីការដោះស្រាយនៃការតាំងទីលំនៅបណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់នៅតាមរាជធានី ទីក្រុង និងទីប្រជុំជន” ដែលត្រូវបានគេស្គាល់ជាទូទៅថា “សារាចរលេខ ០៣” គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជួយដោះស្រាយវិវាទដីធ្លីក្នុងទីក្រុង។ សារាចរលេខ ០៣ ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១០ បានលើកឡើងនូវយន្តការដោះស្រាយវិវាទសម្រាប់សហគមន៍ដែលបានកាន់កាប់លើដីសាធារណៈរដ្ឋ និងឯកជនរដ្ឋ ឬដីដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងសម្រាប់អាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តដោះស្រាយជម្លោះ។
រាជរដ្ឋាភិបាលប្រទេសកម្ពុជាក៏បានដាក់ចេញនូវ “គោលនយោបាយជាតិស្ដីពីលំនៅឋាន” ឆ្នាំ២០១៤។ នេះជាជំហានបន្ទាប់មួយឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិទទួលបានលំនៅឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុង។ គោលនយោបាយនេះទទួលស្គាល់ថាសិទ្ធិទទួលបានលំនៅឋានគឺជាសិទ្ធិមនុស្ស ដោយការគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការសាងសង់ផ្ទះ ការធ្វើឱ្យប្រសើរឡើង និងការផ្តល់ហិរញ្ញប្បទាន។ គោលនយោបាយលំនៅឋាននេះក៍សង្កត់ធ្ងន់លើតម្រូវការសម្រាប់អភិបាលកិច្ចលំនៅឋានល្អ រួមជាមួយនឹងការធ្វើផែនការប្រើប្រាស់ដីធ្លីត្រឹមត្រូវ។
ជាចុងក្រោយ “សេចក្ដីអត្ថាធិប្បាយរបស់អង្គការសហប្រជាជាតិគោលការណ៍ណែនាំស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី” ដែលត្រូវបានចេញផ្សាយដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) បានលើកឡើងអំពីសិទ្ធិរបស់បុគ្គលដែលត្រូវគោរពនៅក្នុងអំឡុងពេលនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី។ ទោះបីជាវាមិនមានទម្ងន់ផ្នែកផ្លូច្បាប់ និងមិនដឹងច្បាស់ថាតើអាជ្ញាធណាខ្លះបានដឹងអំពីសេចក្ដីអត្ថាធិប្បាយ និងគោលការណ៍ណែនាំនេះក៍ដោយ ក៍វានៅតែជាឧបករណ៍ដ៍មានសារៈសំខាន់មួយដែលជួយបង្ហាញនូវ គោលការណ៍សំខាន់ៗដែលត្រូវតែអនុវត្តដើម្បីគោរពច្បាប់ និងបទដ្ឋានស្តង់ដារសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី។ សំខាន់ជាងនេះទៅទៀត គោលការណ៍ណែនាំនេះបានចែងថា “រាល់វិធានការតាំងទីលំនៅថ្មី ដូចជាការសាងសង់លំនៅឋាន ការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ សាលារៀន ផ្លូវថ្នល់ និងការបែងចែកដីធ្លី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ”។
សេចក្ដីសន្និដ្ឋាន
សិទ្ធមានលំនៅឋានសមរម្យរបស់សហគមន៍ទាំងអស់ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ដែលស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងរាជធានីភ្នំពេញ គួរតែត្រូវបានគោរព និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត ដីធ្លីដែលអាជ្ញាធរបានផ្តល់ជូនទៅប្រជាសហគមន៍គឺ មិនទាន់ គ្រប់គ្រាន់នៅឡើយទេ។ តម្រូវការចាំបាច់របស់ប្រជាសហគមន៍សម្រាប់ថ្លៃសម្ភារៈក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាផ្លូវថ្នល់ ការតភ្ជាប់បណ្ដាញអគ្គិសនី និងទឹកស្អាត គួរតែត្រូវបានផ្តល់ដោយអាជ្ញាធរមូលដ្ឋាន។ ដូចដែលបានកើតឡើងកន្លងមក រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានមិនបានបំពេញនូវកាតព្វកិច្ច ផ្នែកច្បាប់របស់ពួកគេក្នុងការផ្តល់សំណងសមរម្យសម្រាប់ប្រជាសហគមន៍ដែលរងនូវផលប៉ះពាល់នោះទេ។ ជាងនេះទៅទៀត គ្រួសារដែលបានតាំងទីលំនៅថ្មីត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងនៅពេលដែលតម្រូវការមូលដ្ឋានផ្សេងៗទៀតត្រូវបានផ្ដល់ជូន។