
សាលារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បន្ទាយស្លឹកដែលមានទីតាំងស្ថិត នៅក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងក្រោយផ្សារទំនើប សុវណ្ណា) ចំនួន៨៧ ខ្នងផ្ទះ ដោយឱ្យពួកគាត់ទៅរស់នៅតំបន់ថ្មី នៅតំបន់អភិវឌ្ឍន៍ សេវេន អេន ជី (7NG) ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីទីតាំងចាស់។ សកម្មភាពរុះរើនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០។
មុនថ្ងៃចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ ដោយមានការសហការជាមួយនឹងសាលាខណ្ឌបឹងកេងកងបានអញ្ជើញប្រជាពលរដ្ឋទាំង ៨៧ គ្រួសារ ប្រជុំនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ឆ្នោតយកក្បាលដីនៅទីតាំងថ្មី ដោយក្នុងមួយគ្រួសារទទួលបានដី១ឡូតិ៍ ដែលមានទទឹង ៤ម៉ែត្រ និងបណោ្តយ១៥ ម៉ែត្រ (៤ម៉ x ១៥ម៉) ។ ក្រោយពីចាប់ឆ្នោតយកក្បាលដីរួចរាល់ហើយ អាជ្ញាធរទុករយៈពេលតែបីថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យប្រជាពលរដ្ឋត្រៀមខ្លួនមុននឹងរុះរើផ្ទះរបស់ពួកគាត់ ខណៈពេលដែលក្នុងកិច្ចប្រជុំមិនទាន់មានការព្រមព្រៀងលើពេលវេលាជាក់លាក់ណាមួយដើម្បីរុះរើនោះទេ។
ឆ្លើយតបទៅនឹងចំណាត់ការរបស់អាជ្ញាធរ ប្រជាសហគមន៍បានស្នើសុំទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ សុំពន្យាពេលក្នុងការរុះរើផ្ទះរបស់ពួកគាត់ដោយហេតុផលថា ពេលនេះជាអំឡុងពេលដែលប្រជាពលរដ្ឋស្ទើតែទាំងអស់កំពុងតែប្រឈមនូវបញ្ហាជាច្រើន ជាពិសេសគឺការបាត់បង់ប្រាក់ចំណូលដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ហើយពេលនេះគឺជាការឈានចូលដល់រដូវវស្សាផងដែរ។ ប្រជាសហគមន៍ម្នាក់បានលើកឡើងថា “ប្រសិនបើពួកយើងរុះរើពេលនេះក៏ពុំទាន់មានថវិកាគ្រប់គ្រាន់សម្រាប់សាងសង់ផ្ទះថ្មី នៅទីតាំងថ្មីនោះដែរ ពីព្រោះពួកយើងទទួលបានសំណងតែដី និងប្រាក់១០០ដុល្លារប៉ុណ្ណោះពីសាលារាជធានីភ្នំពេញ។
បើតាមប្រជាសហគមន៍មួយចំនួនដែលអង្គការសមាគមធាងត្នោតបានចុះជួប និងសាកសួរ ទោះបីជាប្រជាពលរដ្ឋដែលមានលំនៅឋានជាក់ស្តែងនៅក្នុងសហគមន៍បន្ទាយស្ទឹកយល់ព្រមចាកចេញដោយគ្មានការតវ៉ា និងប្រព្រឹត្តទៅដោយរលូនក្រោមការរុះរើរបស់អាជ្ញាធរយ៉ាងលឿនរហ័ស ទោះជាក្នុងថ្ងៃឈប់សម្រាកក៏ដោយ ក៏មិនមានន័យថាប្រជាសហគមន៍សប្បាយចិត្តនឹងការអនុវត្តរបស់អាជ្ញាធរនោះទេ ព្រោះពួកគាត់មានការភ័យខ្លាច និងមិនហ៊ានបញ្ចេញយោបល់ ឬតវ៉ាប៉ុណ្ណោះ។
ហេតុដូច្នេះ ទាក់ទងនឹងដំណើរការនៃការផ្លាស់ប្តូរទីតាំងលំនៅថ្មីរបស់សហគមន៍ក្រីក្រនេះ ក្នុងនាមជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្ទាល់ជាមួយប្រជាជនក្រីក្រ អង្គការសមាគមធាងត្នោតសូមស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ គោរពសិទ្ធិមានលំនៅឋានសមរម្យរបស់ប្រជាពលរដ្ឋ និងបទដ្ឋានសិទ្ធិមនុស្សនានាដូចជា “គោលការណ៍ណែនាំ ស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី” របស់អង្គការសហប្រជាជាតិ គួរត្រូវបានយកទៅអនុវត្តន៍ឱ្យមានប្រសិទ្ធភាព ហើយប្រាកដថា វាជាការដោះស្រាយមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសប្រជាសហគមន៍តែម្តង។ លើសពីនេះទៅទៀត យើងក៏ស្នើសុំឱ្យអាជ្ញារធរដោះស្រាយដោយផ្តល់នូវសំណងសមរម្យ សមធម៌ ចំពោះគ្រួសារដែលនៅសេសសល់ និងបន្តជួយគាំទ្រដល់គ្រួសារដែលត្រូវបានផ្តល់ទីតាំងថ្មី ដោយរៀបចំឱ្យមាននូវសេវាសាធារណៈ មានដូចជា ប្រព័ន្ធទឹក ភ្លើង ផ្លូវ ក៏ដូចជាមុខរបរដល់ពួកគាត់នៅទីតាំងថ្មីនោះ ដោយសារពួកគាត់កំពុងប្រឈមការលំបាកជាច្រើន ជាពិសេសការស្វែងរកប្រាក់ចំណូលសម្រាប់គាំទ្រផ្នែកសេដ្ឋកិច្ចគ្រួសារពួកគាត់ ខណៈប្រទេសកម្ពុជាកំពុងបន្តរីករាលដាលនៃជំងឺកូវីដ-១៩។
Pingback: Banteay Sleuk Community After the Land Transfer to 7NG Development Area - Sahmakum Teang Tnaut (STT)