សេចក្តីថ្លែងការណ៍ របស់អង្គការសមាគមធាងត្នោត ស្តីពី របាយការណ៍ នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី និងការអំពាវនាវឱ្យបញ្ឈប់ការបណ្តេញចេញក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩

Eviction and Relocation Report

គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ បើទោះជាពួកគេស្ថិតនៅក្នុងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច និងស្ថិតក្នុងភាពងាយរងគ្រោះបំផុតដែលបង្កឡើងដោយការរីករាលដាលនៃជំងឺកូវីដ១៩ ខ្លាំងយ៉ាងណាក៏ដោយ។ ការបណ្តេញចេញនៅតែបន្តកើតមានក្នុងរយៈពេល៣ខែចុងក្រោយនេះ ហើយអង្គការសមាគមធាងត្នោតបានចេញផ្សាយនូវរបាយការណ៍ស្រាវជ្រាវស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី ដោយរបាយណ៍នេះធ្វើការពិនិត្យទៅលើដំណើរការនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មីចន្លោះពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញដោយផ្អែកទៅលើគោលការណ៍សិទ្ធិមនុស្ស។

នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោតបានអំពាវនាវឱ្យបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដោយលោកបានមានប្រសាសន៍ថា៖

“ពិភពលោកបច្ចុប្បន្ន កំពុងតែមានការប្រឈមយ៉ាងខ្លាំងដោយជំងឺកូវីដ ហើយមានប្រជាពរដ្ឋកម្ពុជាក្រីក្រមួយចំនួនក៏កំពុងទទួលរងនូវផលវិបាកដោយសារតែជំងឺកូវីដ១៩ នេះផងដែរ ដោយពួកគាត់ជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូល។ អង្គការសមាគមធាងត្នោតអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាគិតគូរខ្វល់ខ្វាយ ជួយស្រោចស្រង់ និងបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពរហូតជំងឺកូវីដ១៩ ចប់ទាំងស្រុង និងផលប៉ះពាល់ដែលបង្កមកពីការរីករាលដាលនៃជំងឺកូវីដនេះត្រូវបានចូលរួមដោះស្រាយ។ បន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាតនេះបានបញ្ចប់ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋរបស់ខ្លួន និងផ្តល់ការប្រឹក្សាយោបល់មុនពេលបណ្តេញចេញកើតឡើង។

របាយការណ៍បានរកឃើញថា ដំណើការនៃការបណ្តេញចេញភាគច្រើនមិនត្រូវបានអនុវត្តន៍ស្របតាមគោលការណ៍ណែនាំ និងបទដ្ឋានសិទ្ធិមនុស្សដែលបានចែងដោយអង្គការសហប្រជាជាតិនោះទេ។ មានករណីជាច្រើន អាជ្ញាធរពុំបានជូនដំណឹងឱ្យសមហេតុផលដល់សហគមន៍មុនពេលនៃការបណ្តេញចេញឡើយ។ មានសហគមន៍ផ្សេងជាច្រើនទៀតត្រូវបានគេកំណត់គោលដៅដោយប្រើអំពើហិង្សា ឬការបំភិតបំភ័យមុនពេល ឬអំឡុងពេលបណ្តេញដល់ពួកគេ។ លើសពីនេះទៅទៀត អ្នកផ្តល់បទសម្ភាសមកពីសហគមន៍ដែលត្រូវបានគេបណ្តេញចេញបានរាយការណ៍ថា ពួកគេចង់ទទួលបានការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានមុនពេលពួកគេត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ខ្លួន។ មានក្រុមគ្រួសារជាច្រើនបានលើកឡើងថា  ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដែលពួកគាត់ត្រូវបានគេបណ្តេញចេញពីទីតាំងដែល​បានរស់នៅមិនស្របច្បាប់នោះ ប៉ុន្តែទីតាំងនោះត្រូវបានជួលទៅឱ្យក្រុមហ៊ុនឯកជនទៅវិញ។

ការបណ្តេញចេញដែលកើតមានឡើងជាបន្តបន្ទាប់ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺវាកំពុងតែបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកំពុងបន្ត បណ្តេញគ្រួសារក្រីក្រជាច្រើន  ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្ស និងផ្ទុយទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងសហគមន៍ក្រីក្រនៅតាមទីជនបទ។ ការបណ្តេញចេញទាំងនេះបានកើតឡើងបន្ទាប់ពីអង្គការសមាគមធាងត្នោតបានបញ្ចប់របាយការណ៍ស្រាវជ្រាវ។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋនៅ​សហគមន៍បឹងឈូកអេ។ ទោះបីជាសមាជិកសហគមន៍ខិតខំស្វែងរកការពិគ្រោះយោបល់យ៉ាងណាក៏ដោយ ក៏មាន១៣ គ្រួសារពុំមានការពិគ្រោះយោបល់រវាងអាជ្ញាធរ និងសហគមន៍មុនពេលគ្រឿងចក្រ មកដល់សហគមន៍ដែរ។ សមាជិកសហគមន៍ទទួលបានការជូនដំណឹងពីការបណ្តេញចេញត្រឹមតែ រយៈពេល ១៥ ថ្ងៃ ប៉ុណ្ណោះជាថ្ងៃត្រូវរុះរើចេញ ហើយចំនួន១៥ថ្ងៃនេះគឺ វាមានរយៈពេលខ្លីជាងគោលការណ៍ណែនាំស្តីពីសិទ្ធិមនុស្សស្តីពីការបណ្តេញចេញ ដែល​តម្រូវរហូតដល់ទៅរយៈពេល ៩០ថ្ងៃ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំពីទីជម្រកបស់ពួកគេនៅចំកណ្តាលបឹងតាមោក ដោយមន្រ្តីនគរបាល និងអាជ្ញាធរ​​ខណ្ឌព្រែកព្នៅ។ បន្ទាប់ពីទទួលបានលិខិតបណ្តេញចេញនៅដើមឆ្នាំ២០១៩ អាជ្ញាធរបានមកកម្ទេចទីជម្រករបស់ពួកគេទាំងព្រឹក ដោយមិនបានជូនដំណឹង ឬពិគ្រោះយោបល់អ្វីជាមុនឡើយ។ ទីជម្រកមួយចំនួនត្រូវបានដុតបំផ្លាញ មួយចំនួនទៀតត្រូវបានកម្ទេចចោល​។ ប្រជាពលរដ្ឋសហគមន៍ជាច្រើនបានប្រាប់ឱ្យដឹងថា ពួកគេកំពុងរស់នៅលើបឹងដោយពុំមានការអនុញ្ញាតត្រឹមត្រូវ            ពីជ្ញាធរមូលដ្ឋាន ហើយពួកគបានបន្ថែមថាពួកគេពុំមានកន្លែងណាដែលពួកគេអាចទៅបានទេ។ មានគ្រួសារភាគច្រើនបានផ្លាស់ទៅតំបន់នោះដើម្បីរកស៊ីដោយរបរនេសាទត្រី។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ទៅកន្លែងមួយនៅលើមាត់បឹងសំរោងដែល​មានប្រជាពលរដ្ឋរស់នៅចំនួន ១៨ គ្រួសារ។ គ្រួសារទាំងនោះបានអះអាងថា ពួកគេបានកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៧៩ មកម្លេះ​។ អាជ្ញាធរមូលដ្ឋានបានអះអាងថាគ្រួសារទាំងនោះកំពុងទាមទារដីដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែ ពួកគេមិនទាន់បានពិគ្រោះយោបល់ពីស្ថានភាពនេះនៅឡើយទេ។ បុរសម្នាក់នោះបានប្រាប់មកអង្គការសមាគមធាងត្នោតថា “ អាជ្ញាធរបានប្រើហិង្សាមកលើពួកយើងដោយពុំដឹងហេតុផលជាមុន”។

ខណៈពេលដែលរបាយការណ៍បានរកឃើញពីនិន្នាការវិជ្ជមានមួយចំនួននាពេលថ្មីៗ ដូចជាការប្រើប្រាស់  សារាចរលេខ ០៣ ដែលជាសារាចរណែនាំក្នុងការដោះស្រាយទំនាស់ដីធ្លីតាមរយៈការពិគ្រោះយោបល់ និងភស្តុតាងផ្សេងៗទៀត “ការតាំងទីលំនៅថ្មី ឬមធ្យោបាយផ្សេងទៀត” ត្រូវបានយកមកប្រើជាវិធីសាស្រ្តក្នុងបំភិតបំភ័យសហគមន៍ឱ្យពួកគេចេញពីលំនៅឋាន​ដោយខ្លួនឯងក្នុងការបណ្តេញចេញ។ ​ការបណ្តេញចេញខ្លះមន្រ្តីនគរបាលបានគំរាមកំហែងដល់សមាជិកសហគមន៍​ ប្រសិនបើពួកគេមិនព្រមចាកចេញដោយខ្លួនឯង ហើយគំរាមទៀតថាពួកគេនឹងមិនមានការទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេឡើយ។

របាយការណ៍នេះ បានផ្តល់នូវអនុសាសន៍ដល់រាជរដ្ឋាភិបាលត្រូវអនុវត្តន៍ការងារប្រកបដោយសមធម៌លើការអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ ជាពិសេសទាក់ទងទៅនឹងដីសាធារណៈរបស់រដ្ឋ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ប្រហែលជា ៧០ ភាគរយនៃការបណ្តេញចេញ ក្រោមហេតុផលថាសហគមន៍បានរស់នៅដោយខុសច្បាប់លើទ្រព្យសម្បត្តិសាធារណៈ។ ផ្ទុយទៅវិញ ទ្រព្យសម្បត្តិសាធារណៈដែលត្រូវបានបណ្តេញប្រជាពលរដ្ឋសហគមន៍ចេញនោះ បានអនុញ្ញាតឱ្យទៅក្រុមផ្សេងទៀត មានដូចជាក្រុមហ៊ុន និងវិស័យឯកជន ដើម្បីអភិវឌ្ឍន៍ទៅវិញ ដែលនេះបានបង្កើតភាពអយុត្តិធម៌ដល់សហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានី។

បទពិសោធន៍នៃការបណ្តេញចេញជាច្រើននាពេលកន្លងមកតែងតែផ្តល់ផលអវិជ្ជមាន ហើយការរីករាលដាលនៃជំងឺកូវីដ១៩ ក៏បានបង្កឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរឡើងចំពោះគ្រួសារដែលត្រូវបានបណ្តេញចេញទាំងនោះ។ គ្រួសារក្រីក្រនៃពលរដ្ឋកម្ពុជាបាន​ប្រាប់ថាការធ្លាក់ចុះនៃប្រាក់ចំណូល និងការបាត់បង់ការងារដែលជាបញ្ហាចម្បងមួយដែលពួកគេកំពុងប្រឈមក្នុងអំឡុងពេល​ការរីករាលដាលនៃជំងឺកូវីដ១៩។ ការបណ្តេញចេញពួកគេពីលំនៅឋានបានធ្វើឱ្យមានបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ហើយក៏បង្កឱ្យគ្រួសារទាំងនោះ​រស់នៅក្នុងស្ថានភាពអស់សង្ឃឹម។ រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការបញ្ឈប់រាល់សកម្មភាពនៃការបណ្តេញចេញក្នុងអំឡុងពេលពិភពលោកកំពុងមានវិបត្តិ និងផ្តល់ការពិគ្រោះយោបល់ដល់ប្រជាសហគមន៍ក្នុងស្ថានភាពមានជំងឺកូវីដ១៩នេះ​ ។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត
អ៊ីម៉ែល៖ director@teangtnaut.org

លោក Isaac Daniels ទីប្រឹក្សាផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃអង្គការសមាគមធាងត្នោត
អ៊ីម៉ែល៖ advisor1@teangtnaut.org