របាយការណ៍ស្ដីពី ការពិត និងតួលេខ#៤៦ ជំងឺកូវីដ-១៩ និងការផ្តល់ជំនួយ

របាយការណ៍ថ្មីមួយដែលមានចំណងជើងថា”ជំងឺកូវីដ-១៩ និងការផ្តល់ជំនួយ ” ដែលបានចេញ​ផ្សាយដោយអង្គការសមាគមធាងត្នោត ដើម្បីធ្វើការសង្កេត ទៅលើការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ចំពោះសំណើនានា របស់​សហគមន៍។ ​សហគមន៍ចំនួន៤៥ បានដាក់សំណើសុំកិច្ចអន្តរាគមន៍ចំនួន ៥ ចំណុចជូនទៅកាន់​រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០២០ ដើម្បីជួយពួកគេក្នុងអំឡុងនៃរីករាលដាលនៃជំងឺកូវីដ-១៩ ។ សំណើទាំងនោះមានដូចជា ការផ្តល់សម្ភារៈបរិក្ខាពេទ្យដល់សហគមន៍ដែលងាយរងគ្រោះ ការ​បន្ធូរបន្ថយឬពន្យាការសងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការសម្រួលឱ្យមានការជួលបន្ត និង​ការព្យួររាល់ពន្ធលើការលក់ដូរ ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពល​រដ្ឋដែលនៅផ្ទះដោយ​សារ​កូវីដ-១៩ ​និងបញ្ឈប់ការបណ្តេញចេញក្នុងអំឡុងពេលកូវីដ-១៩។

របាយការណ៍បានរកឃើញថា រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេលវេលាលើចំណុចខ្លះ និងមិនទាន់បានល្អទៅលើចំនុចមួយចំនួនផ្សេងទៀត។ រាជរដ្ឋាភិបាល​បានផ្តល់សម្ភារៈ​បរិក្ខារ​ពេទ្យ​ដល់សហគមន៍  ផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងបង្កើតគោលនយោបាយដើម្បីកាត់បន្ថយ​បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។ ទោះជាយ៉ាងនេះក្តី សហគមន៍បានលើកឡើងថា រាជរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងសំណើរបស់ពួកគេ ដែលសុំ បញ្ឈប់​ការបណ្តេញ​សហគមន៍ចេញ​ពីលំនៅឋាននោះទេ ទោះបីជាក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។ សហគមន៍ចំនួន ១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញ ឬត្រូវបានជូនដំណឹងឱ្យរុះរើចេញក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។​ រាជរដ្ឋាភិ​បាល​មិនបានសម្រេចផ្អាកការបង់ថ្លៃជួលផ្ទះនោះទេ ទោះបីជាមានការស្នើសុំពីសហគមន៍ចំនួន ៣៧ ក្នុងចំណោម​សហគមន៍​ទាំង ៤៥ ដែល បានផ្តល់បទសម្ភាសក្នុងការស្រាវជ្រានេះ ក៏ដោយ​។ ការស្នើសុំនេះ ត្រូវបានលើកឡើងក៏​ព្រោះតែ​ចំណូល​​របស់កម្មករក្នុងសហគមន៍ទាំងនេះបានធ្លាក់ចុះ ឬពួកគេបានបាត់បង់ការងារ។ គ្រួសារប្រជាពលរដ្ឋជាច្រើនដែលជួលផ្ទះ ឬទីកន្លែងសម្រាប់លក់ដូរ ឬធ្វើអាជីវកម្ម រកចំណូលបានតិចមិនគ្រប់គ្រាន់សម្រាប់បង់ថ្លៃជួលផ្ទះ ឬទីកន្លែងអាជីវកម្ម​របស់ពួក​គេ​នោះ​ទេ។

អ្នកស្រី ឡាយ ស្រីម៉េត តំណាងសហគមន៍ព្រែកតាគង់៦០ម៉ែត្រ បានលើកឡើងថា៖ 

“អំឡុងពេលររីករាលដាលនៃជំងឺកូវីដ-១៩ ប្រាក់ចំណូលរបស់ខ្ញុំបានធ្លាក់ចុះព្រោះការលក់ដូរមិនអាចរកបានដូចមុន។ ដោយ​សារ​មាន​ការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ខ្ញុំ និងសមាជិកសហគមន៍ទាំងអស់ បានដាក់សំណើទៅកាន់រាជរដ្ឋាភិបាល​ ប៉ុន្តែពួក​យើងនៅ​ពុំទទួលបានជំនួយឬការឆ្លើយតបអ្វីទាំងអស់ពីរាជរដ្ឋាភិបាល” ។ 

ដើម្បីឈ្វេងយល់លម្អិតពីរបាយការណ៍សិក្សាស្រាវជ្រាវនេះសូមចូលទៅកាន់គេហទំព័រ: https://teangtnaut.org/?lang=km

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣

អ៊ីមែល: director@teangtnaut.org

អ្នកស្រី ប្រាក់ សុធារី ទីប្រឹក្សាតស៊ូមតិ និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត។

ទូរស័ព្ទ៖ ០១២​ ៤៦៤ ៥០០

អ៊ីមែល: advisor1@teangtnaut.org

 

Comments