មនុស្សរាប់ពាន់​នាក់រួមគ្នាប្រារព្វទិវាសិទ្ធិលំនៅដ្ឋានពិភពលោក

នាព្រឹកថ្ងៃ ច័ន្ទ ទី ០៥ តុលា ឆ្នាំ ២០១៥ ប្រជាពលរដ្ឋមកពីតាមសហគមន៍ ព្រះសង្ឃ កុមារ អ្នករត់រឺម៉កកង់បី និង តំណាងអង្គការសង្គមស៊ីវិលបានប្រមូលផ្តុំគ្នានៅអតីតសហគមន៍ដីក្រហមដែលរងការបណ្តេញចេញ បានដង្ហែរក្បូនទៅវិមានរដ្ឋសភា ។ ហ្វូងមនុស្សដង្ហែរក្បួនពាក់អាវពណ៍ខ្មៅ និងមួកស្លឹកត្នោតដែលជានិមិត្តរូបប្រពៃណីកម្ពុជា ។ តំណាងពីសហគមន៍នានាក្នុងទីក្រុង និងទីប្រជុំជននានា និងតំណាងអង្គការសង្គមស៊ីវិលដែលបានចូលរួមសរុបទាំងអស់ចំនួន ១១៥ ក្រុម​ ។
នៅក្រៅរបងរដ្ឋសភាជាតិ តំណាងពីសហគមន៍នានាបានថ្លែងសាររៀបរាប់ពីទុក្ខលំបាក ហើយព្រះសង្ឃនិមន្តសូត្រជយន្តោប្រទានពរជ័យបញ្ឈប់ការបណ្តេញដោយបង្ខំ ។ ប៉េងប៉ោងធំៗចងភ្ជាប់នឹងផ្ទះគម្រូប្រជាពលរដ្ឋ ត្រូវបានបង្ហោះឡើង ជាការរំលឹកពីសារៈសំខាន់ថាផ្ទះគឺជាផ្នែកនៃសិទ្ធិមនុស្ស ។ រីឯក្រុមកុមារក៏បង្ហាញផ្ទះគម្រូរបស់គេដែរ ព្រមទាំងមានលើកបដា និងច្រៀងចម្រៀងនានាផង ។

ការរាំងខ្ទប់របស់ប៉ូលីសបានបង្អាក់ដំណើរអ្នកតវ៉ាទៅដាក់ញ្ញត្តិនៅស្ថាប័ននានា ។ ផ្ទុយទៅវិញមន្ត្រីពីក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ បានមកទទួលញ្ញតិ្តពីប្រជាពលរដ្ឋនៅខាងក្រៅរបងរដ្ឋសភាជាតិ ។ រីឯតំណាងរដ្ឋសភាជាតិក៏បានចេញមកទទួលញ្ញត្តិដែរ ។ អាជ្ញាធរមកពីខណ្ឌចំការមនបានមកទទួលផ្ទះគម្រូប្រជាពលរដ្ឋទៅដាក់នៅសាលារាជធានីភ្នំពេញ ។

អ្នកតវ៉ារួមគឺជាអ្នករងផលប៉ះពាល់ពីការបណ្តេញចេញដោយបង្ខំ ។ ជាក់ស្តែងអ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមកទីនេះដើម្បីទាមទារសិទ្ធិលំនៅដ្ឋាន ។ ខ្ញុំត្រូវបានគេបណ្តេញចេញ ហើយឥឡូវគ្មានផ្ទះនៅទេ ចឹងខ្ញុំត្រូវបានបដិសេធមិនឲ្យទទួលបានសិទ្ធិលំនៅដ្ឋាន ។ ” អ្នកចូលរួមដទៃទៀតនិយាយពីការយល់ឃើញក្នុងព្រឹត្តិការណ៍នេះថា “ខ្ញុំសប្បាយចិត្តមកទីនេះដើម្បីទាមទារសិទ្ធិទទួលបានលំនៅដ្ឋាន” ។
“ខ្ញុំចង់ស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លី កុំរំលោភសិទ្ធិប្រជាពលរដ្ឋ” ។
“ខ្ញុំចង់ស្នើរដ្ឋាភិបាលកុំបណ្តេញប្រជាពលរដ្ឋ និងបញ្ជូនពួកគាត់ទៅនៅកន្លែងឆ្ងាយអី” ។

លោក អ៊ី សារ៉ុម នាយកប្រតិបត្តិនៃសមាគមធាងត្នោតមានប្រសាសន៍ជាមួយនឹងអ្នកយកព័ត៌មានពីសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ និងការបណ្តេញចេញដោយបង្ខំនៅកម្ពុជាថា៖ “ប្រជាពលរដ្ឋទាំងនេះគឺពិតជាអ្នកដែលរងផលប៉ះពាល់ដោយសារដីធ្លី និងរងនូវការបណ្តេញចេញ ជាពិសេសអ្នកដែលមកពីតាមខេត្ត ហើយពួកគាត់មកជាមួយគ្រួសារគាត់ដែលមាន ប្តី ប្រពន្ធ និងកូន ព្រោះពួកគាត់ចង់ឲ្យរដ្ឋាភិបាលដឹងលឺពីបញ្ហាដែលគាត់កំពុងពើបប្រទះ” ។

ការដង្ហែរក្បួនគឺដើម្បីអបអរសាទរខួបជាសកលលើកទី ៣០ នៃទិវាលំនៅដ្ឋានពិភពលោក ដែលត្រូវបានប្រារពធ្វើដំបូងក្នុងឆ្នាំ ១៩៨៥ ។ អ្នកចូលរួមម្នាក់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាទទួលបានការលើកទឹកចិត្តឲ្យមកទីនេះ ព្រោះថាថ្ងៃនេះគឺជាទិវាអន្តរជាតិ ។ ទិវានេះមិនមែនធ្វើតែសហគមន៍ដែលត្រូវបានរំលោភសិទ្ធិដោយ
រដ្ឋាភិបាលកម្ពុជាតែមួយនោះទេ ពោលយើងប្រារពធ្វើនៅទូទាំងសកលលោក ។ ”