ILO: កម្មករ​កាត់ដេរ​ប្រឈម​ការ​បាត់បង់​ការងារ

អ្នក​ជំនាញ​ឧស្សាហកម្ម​ក្នុង​ស្រុក​កាលពី​ម្សិលមិញ​​​បាន​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ថ្មី​មួយ​ដែល​ព្រមាន​​​ថា​ភាគច្រើន​នៃ​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​របស់​កម្ពុជា​អាច​បាត់បង់​កាងារ​របស់​ពួកគេ​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ខាង​មុខ​ដោយសារ​ស្វ័យប្រវត្តិកម្ម និង​បច្ចេកវិទ្យា​តក្កកម្ម​នឹង​ជំនួស​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប។

ការសិក្សា​មួយ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រកឃើញ​ថា ៨៨ ​ភាគរយ​នៃ​ប្រាក់​បៀវត្សរ៍​របស់​កម្មករ​​ក្នុង​វិស័យ​វាយនភ័ណ្ឌ សម្លៀកបំពាក់ និង​ស្បែកជើង​ (TCF) របស់​កម្ពុជា​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ស្វ័យ​ប្រវត្តិកម្ម។

របាយការណ៍​នេះ​បាន​លើក​ឡើង​ពី​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​នឹង​រារាំង​ដល់​វិស័យ​នេះ​រួមមាន​បច្ចេកវិទ្យា​បោះពុម្ព 3D បច្ចេកវិទ្យា​ស្កេន​ខ្លួន ការ​រចនា​តាម​កុំព្យូទ័រ (CAD) បច្ចេកវិទ្យា​ពាក់​នឹង​ខ្លួន​បាន និង​ម៉ាស៊ីន​យន្ត​ជាដើម។

របាយការណ៍​របស់ ILO ​ឲ្យ​ដឹង​​​ថា​៖ «​សម្រាប់​ប្រទេស​មួយ​ចំនួន​ដូចជា​កម្ពុជា​ជា​ទី​​ដែល​​​ផលិតកម្ម​ TCF គ្រប​ដណ្ដប់​លើ​វិស័យ​កម្មន្ត​សាល​​​ដែល​​​គ្មាន​​ពិពិធកម្ម​ និង​​បង្កើត​​ការងារ​​ប្រហែល ៦០ ​ភាគរយ​នៃ​ការងារ​កម្មន្តសាល​នោះ​ផលប៉ះពាល់​នឹង​​មាន​​ខ្លាំង​ជាង​​​ប្រទេស​ផ្សេង​ទៀត​»​។

យោង​តាម​របាយការណ៍​ ILO ម៉ាស៊ីន​កាត់​ស្វ័យប្រវត្តិ​​បច្ចុប្បន្ន​កំពុង​ក្លាយ​ជា​បច្ចេកវិទ្យា​ដែល​អាច​រក​បាន​ដ៏ទូលំ​ទូលាយ​ហើយ​​ម៉ាស៊ីន​យន្ត​ដែល​មាន​សមត្ថភាព​ដេរ​ ឬ​​​ហៅថា «មនុស្ស​​យន្តដេរ» ​ក្នុង​ពេល​ឆាប់ៗ​​នឹង​ផ្លាស់ប្តូរ​ការ​គណនា​ផលិតកម្ម​​វាយនភ័ណ្ឌ សម្លៀកបំពាក់ ​និង​ស្បែក​ជើង។ មនុស្សយន្ត​ដេរ​មិន​​​ទំនង​ជា​ជំនួស​​​​កម្មករ​បច្ចុប្បន្ន​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​​តំបន់​អាស៊ាន​នោះ​ទេ​ប៉ុន្តែ​ទំនង​ជា​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​ទិសដៅ​ដូចជា​ប្រទេស​ចិន​ អឺរ៉ុប និង​អាមេរិក​​ជាដើម។

លោក កាំង ម៉ូនីកា អគ្គលេខាធិការង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (​GMAC) បាន​ថ្លែង​ថា​វា​ជា​និន្នាការ​ទូទៅ​ដែល​​​វិនិយោគិន​បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​របស់​ពួកគេ​ហើយ​វា​នឹង​កាត់​បន្ថយ​​ការ​ពឹង​ផ្អែក​​លើ​​ការងារ​របស់​មនុស្ស​។ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​វិស័យ​កាត់ដេរ​កម្ពុជា​​គឺជា​ឧស្សាហកម្ម​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន។

លោក​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​គិត​ថា​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ជួយ​ជំនួស​ការងារ​​មនុស្ស​​ក្នុង​ផ្នែក​មួយ​ចំនួន​ប៉ុន្តែ​​មិន​ទាំងអស់​នោះ​ទេ។​ វា​មិន​អាច​​លុប​បំបាត់​​ការងារ​របស់​មនុស្ស​ទាំង​ស្រុង​នោះ​ទេ»។ លោក​បន្ត​ថា៖ «​​មាន​ផ្នែក​ជាច្រើន​នៅ​តែ​ត្រូវការ​មនុស្ស​ធ្វើ។ កម្មន្តសាល​​ដូចជា​ការ​ផលិត​​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​មិន​អាច​ប្រើប្រាស់​ម៉ាស៊ីន​ទាំងអស់​ទេ​»​។

ម៉ូនីកា បាន​បញ្ជាក់​ថា​ការ​ផ្លាស់ប្តូរ​ដ៏ធំ​របស់​​កម្លាំង​ពលកម្ម​​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​​ពឹង​លើ​​បរិយាកាស​វិនិយោគ​​កម្ពុជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​ការ​ប្រែប្រួល​ទីផ្សារ​អន្តរជាតិ។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​​មិន​គិត​ថា​ការ​វិវឌ្ឍ​បច្ចេកវិទ្យា​គំរាម​កំហែង​ដល់​ការងារ​របស់​មនុស្ស​​​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​​នោះ​ទេ»​។ ​លោក​បន្ត​ថា​៖ «​ប្រសិន​បើ​បរិយាកាស​វិនិយោគ​របស់​យើង​នៅ​តែ​ល្អ​ហើយ​យើង​អាច​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​​ធំៗ​​បាន​ឧស្សាហកម្ម​កាត់ដេរ​គឺ​នៅ​តែ​ជា​កន្លែង​ដែល​​ផ្ដល់​ការងារ​​ដដែល»​។

លោក Kevin Tang ​ប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​​ក្រុមហ៊ុន​ All Wintex Garment Manufacturing Corp បាន​ថ្លែង​ថា​វា​ជា​និន្នាការ​ដែល​មិន​អាច​ប្រកែក​បាន​បើ​នៅ​ពេល​បច្ចេកវិទ្យា​វិវឌ្ឍ​ទៅ​មុខ ​ការងារ​របស់​​មនុស្ស​​នឹង​កាន់តែ​តិច​ទៅៗ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​យើង​មិន​មាន​ផែនការ​ [​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដើម្បី​ជំនួស​ការងារ​មនុស្ស​នោះ​ទេ​] ដោយសារ​​នៅ​ពេល​​​​នេះ​ម៉ាស៊ីន​​មិន​ល្អ​​គ្រប់គ្រាន់​នោះ​ទេ»​។ លោក​បន្ថែម​ថា​ជានិច្ចកាល​ម៉ាស៊ីន​​គឺ​ល្អ​​ប្រើ​បើ​​វា​អាច​ជំនួស​ការងារ​របស់​មនុស្ស​បាន​ទាំងអស់​​ដោយសារ​តែ​វា​​មិន​ធ្វើ​បាតុកម្ម។

លោក​បន្ថែម​ថា​៖ «​នៅ​ពេល​​នេះ​ម៉ាស៊ីន​មាន​តម្លៃ​ខ្ពស់​ណាស់​ប៉ុន្តែ​​ប្រសិន​បើ​​ប្រាក់ខែ​បន្ត​កើន​ឡើង​វា​នឹង​ល្អ​ក្នុង​ការ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួស​វិញ​»​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​​បាន​ថ្លែង​ថា​គុណសម្បត្តិ​របស់ប​ច្ចេកវិទ្យា​កំពុង​ដើរ​ទៅ​មុខ​ដោយ​​​គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​​វា​​បាន​ហើយ​ដូច​គ្នា​នេះ​ដែរ​កម្ពុជា​​​ពឹង​ផ្អែក​លើ​ឧស្សាហកម្ម​រោងចក្រ​ដូច្នេះ​កម្ពុជា​ត្រូវ​តែ​លើក​កម្ពស់​​ជំនាញ​ដែល​អាច​មាន​ភាព​បត់បែន​ទៅ​នឹង​​​តម្រូវការ​របស់​ឧស្សាហកម្ម និង​ទីផ្សារ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​អាច​ចៀស​ផុត​ពី​ការ​វិវឌ្ឍ​ខាង​ផ្នែក​​បច្ចេកវិទ្យា​បាន​ទេ។ យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ចាំបាច់​ត្រូវ​លើក​កម្ពស់​សមត្ថភាព​ជំនាញ​ដែល​អាច​មាន​ភាព​បត់បែន និង​​​កែតម្រូវ​​​បាន​តម្រូវ​ការ​ឧស្សាហកម្ម​»។ ​

លោក​បន្ថែម​ថា​កម្ពុជា​​មាន​កម្លាំង​ពលកម្ម​វ័យក្មេង​ជាច្រើន​ដែល​អាច​លើក​កម្ពស់​​​ជំនាញ​ និង​​ការ​ត្រិះរិះ​ពិចារណា​ និង​ការ​ដោះស្រាយ​​បញ្ហា​​របស់​ពួកគេ។

លោក​បន្ត​ថា​៖ «​កម្លាំង​ពលកម្ម​របស់​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ​ដែល​ត្រូវ​ការ​ពេលវេលា​​ក្នុង​ការ​កែតម្រូវ​​ប្រព័ន្ធ​អប់រំ​ និង​​សមត្ថភាព​​ជំនាញ​ចាប់ពី​ពេល​នេះ​តទៅ​។​

លោក​បន្ថែម​ថា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​កំពុង​រៀបចំ​ និង​វិភាគ​អំពី​កម្លាំង​​ពលកម្ម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។

លោក គង់ អាទិត្យ អនុប្រធាន​​សម្ព័ន្ធ​សហជីព​ស៊ីខៅឌូ​ថ្លែង​ថា​កម្មករ​នឹង​បង្ខំ​​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​​ប្រទេស​ផ្សេង​ទៀត ឬ​ធ្វើ​ការងារ​នៅ​ទីកន្លែង​​​មាន​ហានិភ័យ​ខ្ពស់​ដើម្បី​រស់​បើ​ម្ចាស់​រោងចក្រ​ប្រើ​ម៉ាស៊ីន​ជំនួស​កម្លាំង​ពលកម្ម​ហើយ​រដ្ឋាភិបាល​គួរ​​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​មុន​ពេល​បញ្ហា​សង្គម​ផ្សេងៗ​​កើត​មាន​ឡើង។

លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​​លើ​គោលនយោបាយ​សម្រាប់​ការ​ពង្រឹង​​ជំនាញ​​របស់​កម្មករ​។ ​លើស​ពី​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​​គួរ​យក​ចិត្ត​ទុក​ដាក់​​ថា​តើ​វិនិយោគិន​​ជំរុញ​កម្លាំង​ពលកម្ម ឬ​ម៉ាស៊ីន​ដើម្បី​ជំនួស​កម្មករ​»​៕

ប្រភព៖ postkhmer.com