Friday, April 19, 2024
Latest:

ក្រុម​​​អីុម៉ាំស្ទាក់ស្ទើរ​​​ក្នុងការ​​​គាំទ្រ​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ថ្មី​​​ក្បែរ​​​វិហារ​​​អុុិស្លាម

ក្រុមអុីម៉ាំរាប់រយនាក់បានបោះឆ្នោតកាលពីម្សិលមិញគាំទ្រគម្រោងស្ថាបនាផ្លូវថ្មីនៅក្បែរវិហារអុិស្លាមក្នុងរាជធានីភ្នំពេញ បើទោះជាមនុស្សភាគច្រើនហាក់ដូចជារិះគន់គម្រោងដែលបែងចែកដីនេះជាពីរក៏ដោយ។

លោក ស្មាន រ៉ូហ្សេត អុីម៉ាំម្នាក់មកពីខេត្តកំពង់ចាមដែលទោះជាយ៉ាងណាបានបោះឆ្នោតគំាំទ្រការស្ថាបនាផ្លូវនេះបាននិយាយថា “តាមគំនិតរបស់ខ្ញុំគឺថា ការស្ថាបនាផ្លូវនេះនឹងបង្កឱ្យមានភាពអសណ្ដាប់ធ្នាប់ និងការរំខាន”។

ផ្លូវនេះដែលនឹងខណ្ឌចែកដីវិហារអុិស្លាមអាលសឺកាលបានធ្វើឱ្យក្រុមថ្វាយបង្គំខ្មែរអុិស្លាមក្នុងរាជធានីខ្វែងគំនិតគ្នាដែលមួយក្រុមគាំទ្រលោក អះម៉ាត់ យ៉ះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចដែលជំទាស់នឹងការស្ថាបនាផ្លូវនេះ និងមួយក្រុមទៀតគាំទ្រលោក អូស្មានហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារដែលបានយល់ស្របចំពោះគម្រោងនេះ។

ភាពតានតឹងបានកើនឡើងជុំវិញការស្ថាបនាផ្លូវនៅជិតតំបន់បឹងកក់ចាស់កាលពីថ្ងៃសុក្រ នៅពេលអ្នកថ្វាយបង្គំប្រហែល១០០នាក់ចេញមកវាយកម្ទេចរបងដែលសាលារាជធានីបានសាងសង់ដើម្បីកំណត់ព្រំប្រទល់ផ្លូវដ៏ចម្រូងចម្រាសនៅក្បែរព្រះវិហារអុិស្លាមនេះ។

លោក អូស្មាន ហាស្សាន់ បានព្យាយាមដោះស្រាយជម្លោះនេះកាលពីម្សិលមិញ ដោយការកោះហៅក្រុមអុីម៉ាំមកពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអុិស្លាមកម្ពុជា ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាមកស្ដាប់ការផ្ដល់យោបល់ពីក្រុមមន្ត្រីមកពីសាលារាជធានី និងមន្ទីររៀបចំដែនដីរាជធានីធ្វើការពន្យល់ពីការស្ថាបនាផ្លូវថ្មីនេះដែលនឹងឈានទៅដល់ការសាងសង់ខុនដូ និងទីលានវាយកូនហ្គុលហ្វ៍។

ការបោះឆ្នោតដែលរៀបចំដោយលោក អូស្មាន ហាស្សាន់ បន្ទាប់ពីសុន្ទរកថាបង្ហាញការគាំទ្រជាឯកច្ឆន្ទសម្រាប់គម្រោងបច្ចុប្បន្ន បើទោះជាមនុស្សភាគច្រើនហាក់ដូចជាខ្វែងគំនិតគ្នា ឬមានមន្ទិលសង្ស័យពីគម្រោងនេះក៏ដោយ។

ដោយសំដៅដល់លោក អូស្មាន ហាស្សាន់ លោក រ៉ូហ្សេត ជាអីុម៉ាំម្នាក់បាននិយាយថា “ខ្ញុំមកទីនេះតាមការបញ្ជារបស់ថ្នាក់ដឹកនាំ។ ប៉ុន្តែខ្ញុំមិនខ្វល់ថា តើពួកគេស្ថាបនាផ្លូវនេះឬក៏អត់នោះឡើយ ពីព្រោះខ្ញុំមិនមែនមកថ្វាយបង្គំនៅហ្នឹងទេ”។

លោក ម៉ាត់ លី អុីម៉ាំម្នាក់មកពីខេត្តកំពតបានប្រដូចវិវាទនៅវិហារអុិស្លាមនេះទៅនឹងវិវាទស្រដៀងគ្នានៅវត្តព្រែកប្រាក្នុងរាជធានីភ្នំពេញ ដែលលោកនិយាយថា ទីបំផុតអាជ្ញាធរបានយល់ព្រមគោរពតាមព្រំប្រទល់របស់វត្ត។

លោកបាននិយាយថា “ខ្ញុំគិតថា ពួកគេគួរតែធ្វើរឿងដូចគ្នានៅទីនេះដូចដែលពួកគេបានធ្វើនៅទីនោះ”។ មុនកិច្ចប្រជុំ លោក អូស្មាន ហាស្សាន់ បានសន្យាថា ឱ្យបោះឆ្នោតជ្រើសរើសអីុម៉ាំ “ដោយសេរី និងប្រជាធិបតេយ្យ” ដោយក្រុមអ្នកថ្វាយបង្គំ ហើយបានប្ដេជ្ញាថាផ្លូវចេញពីវិហារនឹង “មិនរំខានដល់ការថ្វាយបង្គំព្រះអាឡាឡើយ”។

លោកបាននិយាយថា សាលារាជធានីសន្យាផ្ដល់សំណងដល់យើងជាដីទំហំជាង១.០០០ម៉ែត្រក្រឡា ដូច្នេះយើងនឹងមិនបាត់បង់ដីណាមួយឡើយ”។ លោកបានបន្ថែមថា ផ្លូវថ្មីនេះស្ថិតនៅក្បែរវិហារអុិស្លាមមួយផ្សេងទៀត។ “ហេតុអ្វីបានជាយើងមិនមានផ្លូវ ដើម្បីឱ្យពិភពលោកមើលឃើញវិហារអុិស្លាមរបស់យើងផង?”។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា គម្រោងនេះត្រូវបានផ្អាក រហូតដល់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីត្រឡប់មកពីវៀតណាមវិញ។

លោក អះម៉ាត់ យ៉ះយ៉ា ដែលបានប្ដឹងឈ្នះគូរបដិបក្ខរបស់ខ្លួនពីបទបរិហារកេរ្ត៍បន្ទាប់ពីចោទប្រកាន់លោក អូស្មាន ហាស្សាន់ ថាបានទទួលប្រយោជន៍ផ្ទាល់ខ្លួនពីគម្រោងនេះនោះ បដិសេធថា ការបោះឆ្នោតនេះត្រូវបានរៀបចំទុក។

ដោយអំពាវនាវឱ្យមានការបោះឆ្នោតដែលក្នុងនោះមានរាប់បញ្ចូលទាំងអ្នកគាំទ្ររបស់ខ្លួនផងនោះ លោកបានថ្លែងថា ក្រុមអុីម៉ាំត្រូវបានជ្រើសរើសមកនេះផ្អែកលើភាពស្មោះត្រង់៕

Source: cambodiadaily.com