បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មានចំនួន ១៩ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ចំនូន៥សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ(ព្រែកព្នៅ និង សែន សុខ)។ ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ការធ្វើស្រែ រកត្រី និងដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បានចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ។ ហេតុដូច្នេះហើយ វាបានធ្វើអោយមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។
នៅចន្លោះថ្ងៃទី០៨ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ អង្គការសមាគមធាងត្នោត បានចុះទៅប្រមូលព័ត៌មានដោយធ្វើការសម្ភាសន៍ជាមួយប្រធានភូមិទាំង ១៩ ភូមិ ព្រមទាំងសមាជិកសហគមន៍នីមួយៗនៅក្នុងតំបន់នោះផងដែរ។ ការចុះប្រមូលព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចង់ដឹងថាតើអនុក្រឹត្យនេះ នឹងមានផលប៉ះពាល់អ្វីខ្លះ។ តាមការស្រាវជ្រាវ ប្រជាពលរដ្ឋប្រមាណ ៣៣២ គ្រួសារ នឹងរងផលប៉ះពាល់ពីសេចក្តីសម្រេចនៃអនុក្រឹត្យនេះ។ ក្នុងនោះ មានប្រជាពលរដ្ឋប្រមាណចំនួន១៤៧ គ្រួសារ ប៉ះពាល់លំនៅដ្ឋាន និងដីស្រែ ហើយប្រហែល១៨៥គ្រួសារផលប៉ះពាល់ដីស្រែប៉ុណ្ណោះ។ ភូមិចំនួន៤ក្នុងចំណោមភូមិទាំង១៩ ដែលរងផលប៉ះពាល់ទាំងលំនៅដ្ឋាន និងដីស្រែចំការ ដោយសារសេចក្តីសម្រេចនៃអនុក្រឹត្យ មានដូចជា ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន និងភូមិធំត្បូង។ ភាគច្រើននៃដីដែលរងផលប៉ះពាល់ (ប្រមាណ ២៥៣ហិចតា) គឺដីសម្រាប់ប្រជាពលរដ្ឋធ្វើកសិកម្ម។ សេចក្តីសម្រេចនៃអនុក្រឹត្យនេះមិនត្រឹមតែប៉ះពាល់ដល់សុវត្ថិភាពលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នោះទេ វាថែមទាំងប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ននេះផងដែរ។
ប្រធានភូមិទាំង១៩ ប្រាប់ថា ពួកគេមិនបានដឹងអំពីអនុក្រឹត្យនោះទេ។ នេះបង្ហាញពីភាពខ្វះខាតនៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអនុក្រឹត្យនេះ ហើយការគ្រប់គ្រងដីធ្លី នៅក្នុងរាជធានីភ្នំពេញថ្មីៗនេះ គឺវាមានភាពស្រដៀងគ្នា នៅក្នុងការគ្រប់គ្រងដីធ្លីកាលពីអតីតកាល។ អ្នកស្រី ផាន សុខុម ប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិសំរោងត្បូងតាំងពីឆ្នាំ២០០០ បានមានប្រសាសន៍ថា នៅឆ្នាំ២០១៣ អាជ្ញាធរមូលដ្ឋានបានប្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិរបស់អ្នកស្រី ឱ្យផ្លាស់ទីចេញពីតំបន់នេះ ដោយបញ្ជាក់ថាភូមិនេះ គឺជាដីរបស់រដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្លាស់ទីចេញ ហើយបន្តរស់នៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។ អង្គការសមាគមធាងត្នោតបានរកឃើញថា មានចំនួន៧៧គ្រួសារត្រូវបានបាញ់លេខពណ៌ក្រហម ដែលសញ្ញាជូនដំណឹងឱ្យរុះរើចាប់ពីពេលនោះមក។ អ្នកស្រី ផាន សុខុមបានបន្ថែមទៀតថា អ្នកស្រី និងប្រជាពលរដ្ឋក្នុងភូមិនេះ មិនមានការជំទាស់ទៅនឹងការអភិវឌ្ឍនៅតំបន់នេះទេ ប៉ុន្តែសូមឱ្យមានសំណងសមរម្យ និងត្រឹមត្រូវ ប្រសិនបើពួកគេត្រូវបានបង្ខំឱ្យរុះរើចេញពីតំបន់នេះ។