Thursday, February 22, 2024
Latest:

សេចក្តីប្រកាសព័ត៌មានរួម៖ ការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំង អំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

យើងខ្ញុំជាក្រុមអង្គការ​សង្គម​ស៊ីវិលចំនួន​២១ស្ថាប័ន​​ មានដូចជា សមាគម សហជីព និង​អង្គការមិនមែនរដ្ឋា  ភិបាលដែលកំពុងធ្វើ​ការងារដើម្បី លើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជា​សូមជម្រាបជូនដំណឹងអំពីការរៀបចំយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្ម និយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ១៦ថ្ងៃ») ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បីសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។

​យុទ្ធ​នាការ​នេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីយុទ្ធនាការ១៦ថ្ងៃ ផ្ដល់ឱកាសដល់  សកម្មជន ឬអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី លើកឡើងនូវ​បញ្ហាប្រឈមដែលពួកគេបានជួបប្រទះខណៈដែលខ្លួនអនុវត្តសិទ្ធិស្របច្បាប់ ព្រមទាំងធ្វើការជួបជុំដើម្បីថ្លែង​សាររបស់​ពួកគេ​ និងធ្វើការ ពិនិត្យនិង​ឆ្លុះបញ្ចាំងពីការទាមទាររបស់អ្នកការពារសិទ្ធិមនុស្សជាស្ដ្រីមក​ពី​វិស័យផ្សេងៗ និងលើកឡើងអំពីបញ្ហាប្រឈមដែលបាននឹងកំពុងកើតមាន លើស្ដ្រីនិងក្មេងស្រី និងជាពិសេសជំរុញឱ្យរដ្ឋាភិបាលការពារ​សិទ្ធិមនុស្ស​​ឱ្យបានម៉ឺង​ម៉ាត់ ចំពោះអ្នកការពារសិទ្ធិមនុស្សជាស្ដ្រី និងដោះស្រាយបញ្ហា ប្រឈមរបស់ស្ដ្រី និងក្មេងស្រីឱ្យមានប្រសិទ្ធភាព។

អាស្រ័យ​ហេតុ​នេះ សូម​​ជ្រាប​ជាព័ត៌មាន​ និង​អញ្ជើញ​ចូលរួមជាមួយយើងខ្ញុំក្នុង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍នេះ តាមសកម្មភាពនានាតាមរយៈ​ប្រព័ន្ធអនឡាញ និងដោយ​ផ្ទាល់​ ដូចខាងក្រោម៖

  • នៅថ្ងៃទី២៥ ទី២៩ និងទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធី​វិទ្យុ និង/ឬការផ្សាយបន្ត​ផ្ទាល់នៅ លើទំព័រហ្វេសប៊ុក​លើ​ប្រធាន​បទចំនួន៤ផ្សេង​ៗគ្នា។
  • ចាប់ពីថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្មវិធីសំណួរ ចម្លើយនៅលើប្រព័ន្ធអនឡាញដោយ ផ្ដោតសំខាន់លើប្រធានបទទាក់ទងនឹង​យុទ្ធនាការ១៦ថ្ងៃរបស់យើង។
  • នៅថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២៣ យើងខ្ញុំនឹងបង្ហោះស៊ុមរូបថតយុទ្ធនាការ​នៅលើទំព័រហេ្វសប៊ុក ដើម្បីឱ្យសាធារណជន​ ឬអ្នកប្រើប្រាស់អាច ប្រើប្រាស់នៅលើគណនីហ្វេសប៊ុករបស់ពួកគេ។
  • ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយកម្រង ​វីដេអូខ្លីចំនួន៧ជាបន្តបន្ទាប់ ដែលមានថ្ងៃ រាប់ថយក្រោយ ដើម្បីផ្តល់​ដំណឹង​អំពីកាលបរិច្ឆេទនៃការប្រារព្ធយុទ្ធនាការ ១៦ថ្ងៃ កាន់តែរំកិលជិតមកដល់ ​​ និងមានបង្ហាញអំពីតម្រូវការរបស់ស្ដ្រី និងក្មេងស្រីផងដែរ។
  • នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញផ្សាយសេចក្ដីថ្លែងការណ៍រួម ដែលគូស​បញ្ជាក់​អំពី​តម្រូវការ និងសំណូម​ពរ​ជាក់លាក់មួយ​ចំនួន​សម្រាប់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងទៀតដែលស្ដ្រី និងក្មេងស្រីបានជួបប្រទះ។
  • នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងចេញ​ផ្សាយ​វីដេអូមួយ​ស្ដីពី «សិទ្ធិស្ដ្រីក្នុងការចូលរួមការងារសង្គម និងការតស៊ូមតិ»។
  • នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងរៀបចំកម្ម​វិធី​ជួបជុំផ្ទាល់ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី និងក្មេងស្រី ដើម្បី សេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។
  • ចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យើងខ្ញុំនឹងបន្តចេញផ្សាយវីដេអូខ្លីជាបន្តបន្ទាប់ ដែល​មាន​លើក​ឡើង​អំពីតម្រូវការផ្សេងៗទៀតរបស់ស្ដ្រី និងក្មេងស្រី៕

ព័ត៌មានបន្ថែម សូម​ទាក់ទង​៖

១. អ្នកស្រី អ៊ូ ទេពផល្លីន       ទូរស័ព្ទ៖ ០១១ ៩៨៤ ៨៨៣

២. កញ្ញា កែវ ចាន់រ៉ា            ទូរស័ព្ទ៖ ០៩៨ ៨៥២ ២៦០

៣. លោក លឹម បូរិន            ទូរស័ព្ទ៖ ០១២ ៩០៤ ២៦៦

*បញ្ជីឈ្មោះអង្គការសង្គមស៊ីវិលសហការរៀបចំ៖

១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា

២. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ

៣. សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

៤. សហព័ន្ធសហជីពកម្ពុជា

៥. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា

៧. សមាគមកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៨. សហព័ន្ធសហជីពសេរីឯករាជ្យ

៩. សហព័ន្ធសហជីពឯករាជ្យ

១០. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស

១១. បណ្តាញយុវជនកម្ពុជា

១២. អង្គការសមធម៌កម្ពុជា

១៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា

១៤. អង្គការសមាគមធាងត្នោត ​

១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

១៦. សម្ព័ន្ធខ្មែរជំរឿន​ និងការពារសិទ្ធិមនុស្សលីកាដូ

១៧. អង្គការក្លាហាន

១៨. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ដ្រីភេទ

១៩. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា

២០. អង្គការអាក់សិនអេតកម្ពុជា

២១. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ 

PDF format: ទាញយកឯកសារជាភាសាខ្មែរ

Comments