Tuesday, March 5, 2024
Latest:

សេចក្តីថ្លែងការណ៍រួម ស្តីពី ការរំលោភសិទ្ធិការងារ និង សេរីភាពជាមូលដ្ឋានរបស់សហជីពយ៉ាងធ្ងន់ធ្ងរ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត

យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការសោកស្តាយជាខ្លាំងអំពីចេតនា និងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងគម្រោងកាត់បន្ថយបុគ្គលិកជាលក្ខណៈប្រព័ន្ធដោយមិនមានហេតុផលសមស្រប និងមិនអាចទទួលយកបាននៅក្នុងពេលមានវិបត្តិ ជំងឺកូវីដ-១៩ នៅសាខាក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត។

ការជូនដំណឹងបញ្ឈប់ថ្នាក់ដឹកនាំសហជីព និង សកម្មជនសហជីពក្នុងរយៈពេលចុងក្រោយនេះបានបង្ហាញចេតនាយ៉ាងច្បាស់ថាក្រុមហ៊ុនណាហ្គាវើលដ៍បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅដល់ការអនុវត្តន៍​សិទ្ធិសេរីភាពជាមូលដ្ឋានរបស់អង្គការវិជ្ជាជីវៈ (សហជីព) ដែលមានចែងនៅក្នុងអនុសញ្ញាស្នូលរបស់អង្គការអន្តរជាតិការងារ (អាយទ្បូ)​​ លេខ ៩៨ ស្តីពីសេរីភាពខាងសមាគម និងសិទ្ធិក្នុងការបង្កើតអង្គការវិជ្ជាជីវៈ) មាត្រា ១ ចែងថា៖ កម្មករនិយោជិត ត្រូវទទួលការការពារយ៉ាងពេញទំហឹងទល់នឹងសកម្មភាពនៃការរើសអើងប្រឆាំងនឹងសមាគមនៅក្នុងមុខរបររបស់ខ្លួន (ការគាបសង្កត់មិនឲ្យចូល ឬលាលែងពីសហជីព ការបញ្ឈប់ពីការងារ ឬការធ្វើឲ្យខូចប្រយោជន៍ដទៃទៀត ។ មាត្រា ២​ ចែងថា៖ អង្គការនិយោជក និងអង្គការកម្មករនិយោជិតត្រូវទទួលការការពារយ៉ាងពេញទំហឹងទល់នឹងសកម្មភាពជ្រៀតជ្រែករវាងគ្នា ឬរវាងភ្នាក់ងារ ឬសមាជិកនៅក្នុងសហគ្រាស ឬក៏រវាង កិច្ចដំណើរការ ឬកិច្ចការរដ្ឋបាលរបស់ខ្លួននីមួយៗ។ ជាពិសេស សកម្មភាពទាំងទ្បាយដែលធ្វើទ្បើងដើម្បីជ្រោមជ្រែងអង្គការកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគាបសង្កត់របស់និយោជក ឬអង្គការនិយោជក ឬជ្រោមជ្រែង តាមមធ្យោបាយជាប្រាក់កាស ឬក៏មធ្យោបាយដទៃទៀត ដើម្បីដាក់អង្គការកម្មករនិយោជិត ឲ្យស្ថិតនៅក្រោមឥទ្ធិពលនិយោជក ឬអង្គការនិយោជក ក៏ត្រូវចាត់ទុកជាសកម្មភាពជ្រៀតជ្រែកផងដែរ។  ផ្ទុយទៅវិញខាងក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បែរជាបានឯកភាពលើសំណើរបស់ក្រុមហ៊ុនសុំបញ្ឈប់ពួកគេទៅវិញ ។ រីឯក្រុមហ៊ុនជំរុញឲ្យសាមីខ្លួន សាកសួរមន្ត្រីក្រសួងការងារខ្លួនឯងនៅពេលដែលសហជីពទាមទាររកលិខិតឯកភាពបញ្ឈប់តំណាងកម្មករនិយោជិតដែលទទួលបានការការពារពិសេសនេះ។

កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ តំណាង ក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត បានប្រកាសគម្រោងកាត់បន្ថយបុគ្គលិកចំនួន១.៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណជាង៨០០០នាក់ ដោយហេតុផលវិបត្តិកូវីដ-១៩។ នៅចុងខែមេសា តំណាងក្រុមហ៊ុនបានធ្វើការបញ្ជាក់ថា ចំនួនបុគ្គលិកដែលត្រូវបានកាត់នោះ ក្រុមហ៊ុននឹងធ្វើការបញ្ជូនសារទៅបុគ្គលិកម្នាក់ៗដោយផ្ទាល់ ព្រមទាំងកោះហៅឲ្យចូលរួមប្រជុំផ្ទាល់នៅអគាររបស់ក្រុមហ៊ុន។

តាមរយៈសហជីព កម្មករនិយោជិតភាគច្រើនបានជំទាស់នឹងគម្រោងកាត់បុគ្គលិកនេះ និងមិនអាចទទួលយកហេតុផលដែលក្រុមហ៊ុនលើកឡើងឡើយ ដោយក្រុមហ៊ុនមិនបានប្រឈមនឹងការខាត​បង់លើមុខជំនួញរបស់ខ្លួនហើយជាក់ស្តែងក្នុងឆ្នាំ២០២០ ក្រុមហ៊ុនទទួលបានប្រាក់ចំណេញ សុទ្ធជាង១០២លានដុល្លារ និង គិតត្រឹមរយៈពេល២ខែប៉ុណ្ណោះនៅដើមឆ្នាំ២០២១ ក្រុមហ៊ុនទទួល បានប្រាក់ចំណេញសុទ្ធរហូតដល់ជាង១២៧លានដុល្លារ (យោងតាមរបាយការណ៍របស់ក្រុមហ៊ុន) ចំណែកឯបុគ្គលិកវិញ ត្រូវកាត់បន្ថយម៉ោងការងាររហូតដល់៦០% ដើម្បីកាត់បន្ថយការចំណាយរបស់ ក្រុមហ៊ុន និង ទទួលបានប្រាក់ឈ្នួលទៅតាមចំនួនថ្ងៃជាក់ស្តែងដែលបានធ្វើការ។

គម្រោងកាត់បន្ថយកម្មករនិយោជិតនេះ ក្រុមហ៊ុនមិនបានពិភាក្សាពីនីតិវិធីនៃការរៀបចំឲ្យស្របតាមច្បាប់ស្តីពីការងារមាត្រា៩៥ និងបង្ហាញពីប្រភេទកម្មករនិយោជិតដែលនឹងប៉ះពាល់ក្នុងគម្រោងឡើយ ប៉ុន្តែនៅពេលជូនដំណឹងទៅកម្មករនិយោជិត គឺប៉ះចំតែកម្មករនិយោជិតដែលមានអតីតភាពការងារយូរឆ្នាំ ជាពិសេសអ្នកទាំងនោះគឺជាក្រុមថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជនសហជីព និងភាគច្រើនបំផុតជាសមាជិក សមាជិការបស់សហជីពតែម្តងរហូតដល់ទៅជាង១១០០នាក់ ស្មើនឹង (៨២%) ក្នុងចំណោមបុគ្គលិក១៣២៩នាក់ ដែលត្រូវបានកាត់។

កម្មករនិយោជិតភាគច្រើនដែលបានទទួលការជូនដំណឹងពីក្រុមហ៊ុន ត្រូវបង្ខំចិត្តឈប់ពីការងារដោយ​មិនហ៊ានបន្តការតវ៉ាជាមួយក្រុមហ៊ុន ទោះ​​​ជាដឹងថា ខ្លួនកំពុងរងភាពអយុត្តិធម៌ ទោះបីជាក្រុមហ៊ុនបាន​ផ្តល់ប្រាក់បញ្ចប់កិច្ចសន្យាការងារមិនត្រឹមត្រូវតាមច្បាប់ការងារក៏ដោយ។ ក្នុងចំណោមកម្មករនិយោ​ជិតចំនួន១៣២៩នាក់ មាន​កម្មករនិយោជិតចំនួន៣៧៣នាក់ បានជំទាស់មិនព្រមទទួលយកការបញ្ចប់កិច្ច​សន្យាការងារ ដោយទាម​ទារឲ្យក្រុមហ៊ុនអនុវត្តន៍តាមច្បាប់ស្តីពីការងារ និងទទួលយកពួកគាត់ចូលបម្រើការងារនៅកន្លែងដើមវិញ។

បន្ទាប់ពីការចរចាគ្មានដំណោះស្រាយជាច្រើនលើកនាពេលកន្លងមក កម្មករនិយោជិតបានសម្រចចិត្តប្តឹងទៅក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈនៅខែមិថុនា ហើយបានបន្តនីតិវិធីទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅដើម្បីខែកក្កដា ឆ្នាំ២០២១។ សេចក្តីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្តាលលេខ១២/២១ ចេញនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មិនបានពិចារណាលើការទាមទាររបស់កម្មករនិយោជិតចំនួន៣៧៣នាក់ ឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការ​វិញ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលបែរជាយោងលើហេតុផលរបស់ក្រុមហ៊ុន ប៉ុន្តែមិនយោងទៅតាមច្បាប់ ស្តីពីការងារដែលចែងពីតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវកាត់សេចក្តីរាល់វិវាទដែលបានបញ្ជូនដោយរដ្ឋមន្រ្តីក្រសួងការងារ និងរុញនីតិវិធីត្រឡប់ក្រោយវិញដោយថាការទាមទារកំពុងស្ថិតនៅក្រោមសមត្ថកិច្ចរបស់អធិការកិច្ចការងារ នៃក្រ​សួង​ការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតស្នើសុំនាយកដ្ឋានអធិការកិច្ចការងារបញ្ជាឲ្យក្រុម​ហ៊ុនណាហ្គាវើលដ៍ទទួលយកកម្មករនិយោជិតទាំង៣៧៣នាក់ ចូលបម្រើការងារវិញបន្ទាប់ពី​ក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់សំណើបញ្ឈប់កម្មករនិយោជិតទៅនាយកដ្ឋានអធិការកិច្ចការងារ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដែលសំណើនោះគ្មានសុពលភាពតាមផ្លូវច្បាប់។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតទៅក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើរៀបចំ​វេនការងារឲ្យកម្មករនិយោជិតទាំង៣៧៣នាក់ ដូចកម្មករនិយោជិតផ្សេងៗទៀត។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សហជីពបានផ្ញើលិខិតជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសុំជួបរាយការណ៍ពីវិវាទដែលបានកើតឡើង និងការមិនអនុវត្តន៍ច្បាប់ស្តីពីការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បន្ទាប់ពីមិនទទួលបានការឆ្លើយតបពីអធិការកិច្ចការងារ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏មិនទាន់បានឆ្លើយតបនឹងការស្នើសុំជួបរបស់តំណាងកម្មករនិយោជិតដូចគ្នា។

សហជីពបានខិតខំប្រឹងប្រែងព្យាយាមស្វែងរកដំណោះស្រាយជាមួយក្រុមហ៊ុនដោយសន្តិវិធី តែភាគីខាងក្រុមហ៊ុនមិនអើពើនឹងការស្នើសុំជួបរបស់សហជីពនោះទេ តែផ្ទុយទៅវិញភាគីខាងក្រុមហ៊ុនមានតែព្យាយាមបញ្ចុះបញ្ចូលកម្មករនិយោជិតដែលមានវត្តមាននៅកន្លែងការងារឲ្យរៀបចំក្រុមចរចាបញ្ហាផ្សេងៗជាមួយខ្លួន ដែលនេះស្តែងឲ្យឃើញពីចេតនារបស់ក្រុមហ៊ុនក្នុងការរើសអើងសហជីព និងមិនមានស្មារតីក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារជាមួយសហជីព។

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកធនធានមនុស្សនៃក្រុមហ៊ុននេះ បានចេញសេចក្តីជូនដំណឹង​បញ្ចប់កិច្ចសន្យាការងារក្រុមថ្នាក់ដឹកនាំសហជីព និងប្រតិភូបុគ្គលិក។

ទុក្ខវេទនា និងការរងអំពើអយុត្តិធម៌ របស់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការឆ្លុះបញ្ចាំងពីការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាគំរូអាក្រក់ទៅដល់និយោជកផ្សេងទៀតអនុវត្តន៏តាមបទពិសោធន៏របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដូចគ្នា។ យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់​សិទ្ធិមនុស្ស និងសិទ្ធិការងារ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានលើករណីនេះដោយយកចិត្តទុកដាក់ និង អំពាវនាវដល់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មេត្តាពិនិត្យឡើងវិញលើការស្នើសុំបញ្ចប់កិច្ចសន្យាការងារកម្មករ​និយោជិត ដែលក្រុមហ៊ុនមិនបានអនុវត្តន៍ត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងធ្វើអធិការកិច្ចឲ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍ច្បាប់ជាធំ ដើម្បីពង្រឹងនីតិរដ្ឋក្នុងប្រទេសកម្ពុជា ។ ម៉្យាងវិញទៀត ការព្រងើយកន្តើយ មិនអើពើ អនុវត្តន៍ច្បាប់របស់ក្រុមហ៊ុនខ្នាតយក្សមួយនេះនឹងជាគំរូរអាក្រក់ដល់អ្នកវិនិយោគទុនផ្សេងៗទៀតយកតម្រាប់តាម ធ្វើឲ្យកម្មករនិយោជិត​ រងអំ​ពើ​អយុត្តិធម៌កាន់តែច្រើន ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលលើឆាកអន្តរជាតិទៀតផង។

យើងខ្ញុំស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យ និងជួយអន្តរាគមន៍ផ្ដល់ដំណោះស្រាយសមស្របលើករណីនេះ។ យើងក៏ស្នើសុំឲ្យថ្នាក់គ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើការចរចាជាមួយតំណាងសហជីព ដើម្បីស្វែង​រកដំណោះស្រាយសមស្របណាមួយដែលអាចទទួលយកបានដោយភាគីទាំងសងខាង ប្រកប​ដោយ​​​​​សេចក្តីស្មោះត្រង់ និងបង្កើតទំនាក់ទំនងវិជ្ជាជីវៈល្អជាមួយសហជីពនៅកន្លែងការងារ ជាពិសេសគឺការ​ទទួលយកកម្មករនិយោជិតទាំង ៣៧៣នាក់ចូលបម្រើការងារវិញ ក៏ដូចជាបញ្ឈប់រាល់ការរើសអើង និងការធ្វើទុក្ខបុកម្នេញផ្សេងៗទៅលើសហជីព ៕

ថ្ងៃ ពុធ ១២ រោច ខែ​ កត្តិក ឆ្នាំ ឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ធ្វើនៅភ្នំពេញ ថ្ងៃ ទី ០១  ខែ ធ្នូ ឆ្នាំ២០២១                                       

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

១. ​បណ្ដាញយុវជនកម្ពុជា (CYN)

២. សម្ព័ន្ធសហជីពកម្ពុជា (CATU)

៣.​ សហព័ន្ធសហជីពឯករាជ្យ (INTUFE)

៤. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​

៥.​ សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (IDEA)

៨. ​សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

​៩.​ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)

១០. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)

១១. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)

១២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)

១៣. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)

១៤. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)

១៥.​ សហភាពផ្ទះសាមគ្គី (SH)

១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)

១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)

១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)

១៩. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)

២០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

២២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

២៣. អង្គការសមាគមធាងត្នោត (STT)

២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)

២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

Comments